ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥អត្ថបទគម្ពីរ (ម៉ាថាយ ២៣,២៣-២៦)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

ព្រះបន្ទូលថ្ងៃនេះជាពាក្យរិះគន់របស់ព្រះយេស៊ូចំពោះពួកផារ៉ាស៊ី និងពួកធម្មាចារ្យដែលតែងតែយកព្រះបន្ទូល យកធម្មវិន័យទៅអនុវត្ត មិនត្រឹមត្រូវទេ។ របៀបដែលគាត់បង្រៀន ខ្វះខាតចំណុចដែលជាខ្លឹមនៃធម្មវិន័យទាំងអស់នោះ។
ពួកផារ៉ាស៊ីពីដើមជាក្រុមមួយដ៏ល្អ ដែលអនុវត្តតាមធម្មវិន័យរបស់ព្រះជាម្ចាស់បានយ៉ាងខ្ជាប់ខ្ចួនប្រឆាំងនឹងពួករ៉ូម៉ាំងដែលតែងតែប្រើវប្បធម៌បង្ខំឱ្យគាត់គោរពព្រះដទៃ។ ផារ៉ាស៊ីគោរពតាមធម្មវិន័យយ៉ាងច្រើន ប៉ុន្តែជួនកាលការពន្យល់ពិបាក! ហេតុនេះ ពួកធម្មាចារ្យក៏បានជួយពន្យល់ដើម្បីឱ្យការអនុវត្តតាមធម្មវិន័យនឹងអាចធ្វើបាន ក៏ប៉ុន្តែ! ចំណុចខុសឆ្គងនោះគឺ គាត់បង្រៀនពីការអនុវត្តធម៌វិន័យ តែតាមពិតមិនអនុវត្ត អ្វីៗប្រៀបដូចការសម្តែង។ ការអនុវត្តរបស់ពួកផារ៉ាស៊ីនោះមានចន្លោះប្រហោង៣ចំណុច៖ ទី១.គ្មានយុត្តិធម៌ ទី២.ខ្វះសេចក្តីមេត្តាករុណា និងទី៣.តាំងខ្លួនជាអ្នកមានជំនឿតែមិនស្មោះត្រង់។ មូលហេតុទាំងបីនេះ ឆ្លុះបញ្ជាំងពីខ្លួនថា យើងមើលឃើញតែចំណុចខ្វះខាតអ្នកដទៃ តែបែរជាមើលមិន ឃើញនូវចំណុចខ្វះខាតរបស់ខ្លួន។
ដូច្នេះ កិច្ចការដែលគាត់បានធ្វើ ជួនកាលគាត់គាបសង្កត់ទៅលើមនុស្សទន់ទាប ស្រ្តីមេម៉ាយ ឬអ្នកក្រីក្រ អ្នកជំងឺ បង្ខំឱ្យគាត់អនុវត្ត ចាត់ទុកថាគាត់ជាអ្នកបាប ដាក់ទម្ងន់នៅលើគាត់។ របៀបនេះ មានន័យថាគាត់ខ្វះមេត្តាករុណា គាត់អត់មានយុត្តិធម៌ទេ។ ព្រះយេស៊ូទោះបីមិនមែនជាអ្នកខាងនយោបាយតែព្រះអង្គមិនចង់ឱ្យយើងអនុវត្តតាមរបៀបពួកផារ៉ាស៊ី ឬពួកធម្មាចារ្យទេ។
បាទ! ព្រះបន្ទូលថ្ងៃនេះឲ្យរិះគិតចំពោះខ្លួនឯងថា យើងជានរណាឲ្យបាកដ ជាផារ៉ាស៊ី ឬធម្មាចារ្យ? ពេលខ្លះយើងហាក់តឹងតែងនិងអ្នកដែលនៅជុំវិញយើង គិតថាគេខុស គេធ្វើមិនត្រឹមត្រូវ គេធ្វើមិនល្អ។ តែយើងអត់បានមើលពីចំណុចខ្សោយ និងខុសឆ្គងរបស់ខ្លួនដែរ។ ចិត្តមេត្តា ការយោគយល់គួរតែមានយើងមិនត្រូវបណ្ដោយឱ្យគាត់ធ្វើដោយខ្វះធម្មវិន័យ ឬក៏បាត់បង់ការគោរពធម្មវិន័យរបស់ព្រះជាម្ចាស់ទេ។ ហេតុនេះតើយើងគួរធ្វើបែបណាដើម្បីជួយអស់អ្នកដែលមានបាប តែមើលមិនឃើញពីកំហុសឆ្គងខ្លួន ហើយងាកមកកែប្រែចិត្តគំនិតរកព្រះជាម្ចាស់វិញបាន។
បច្ចុប្បន្នយើងបាត់បង់បងប្អូនច្រើនដែលមកព្រះវិហារ អ្នកខ្លះខានមកអធិដ្ឋានជាដើម នេះប្រហែលជាគាត់រស់នៅមិនសូវត្រឹមត្រូវ ឬយ៉ាងណា? ដូចនេះតើយើងអាចជួយគាត់យ៉ាងម៉េចអាចយកសេចក្តីសង្ឃឹមនៃព្រះបន្ទូលនេះឱ្យគេ ហើយឱ្យគាត់ត្រឡប់មករកផ្លូវដែលព្រះសហគមន៍បើកសម្រាប់ពួកគាត់គឺ ផ្លូវនៃសេចក្តីស្រឡាញ់ដែលមានព្រះជាម្ចាស់ចាំទទួលស្វាគមន៍គេឲ្យត្រឡប់មកវិញ។
សូមឱ្យយើងជួយគ្នានៅក្នុងឆ្នាំនៃមហាករុណាទិគុណនេះ ឱ្យសេចក្តីសង្ឃឹមទៅដល់អ្នកដទៃដែលខកខាន ឬក៏ឃ្លាតឆ្ងាយពីព្រះជាម្ចាស់និងព្រះសហគមន៍ឱ្យត្រឡប់មករកព្រះអង្គវិញ។ សូមឱ្យព្រះជាម្ចាស់ប្រទានពរឱ្យបងប្អូន និងសូមឱ្យបងប្អូនទទួលតែសេចក្តីសុខសាន្ត និងមានសេចក្តីសង្ឃឹមទៅសេចក្តីមេត្តាករុណាដល់របស់ព្រះជាម្ចាស់ជានិច្ចផង។ អាម៉ែន៕
Daily Program
