ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ១៣,២២-៣០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ គង់ វៀល

ជម្រាបសួរបងប្អូន​ទាំងអស់គ្នា! ថ្ងៃនេះជាថ្ងៃអាទិត្យទី២១ក្នុងរដូវធម្មតា អត្ថបទ​ព្រះគម្ពីរ​ដែល​យើង បាន​ប្រកាស​ក្នុងពិធីបុណ្យសក្ការៈបូជា ជាសំណួរដែលមានច្រើនដងច្រើនសារក្នុងជីវិតយើង ជាសំណួរដែល​បុរស​ម្នាក់ហ៊ានសួរទៅព្រះយេស៊ូ តើមានមនុស្សប៉ុន្មាននាក់ដែលត្រូវព្រះយេស៊ូសង្គ្រោះ? តើព្រះយេស៊ូ​សង្គ្រោះមនុស្សប៉ុន្មាននាក់? ក្នុងជីវិតរបស់យើង បើសិនគ្មានព្រះយេស៊ូ ជីវិតរបស់យើងគ្មានអនាគតទេ។

នៅប្រទេសកម្ពុជាអ្នកដែលដើរតាមព្រះយេស៊ូគ្រីស្តគឺតិចមែនទែន គួរឲ្យព្រួយបារម្ភ បើសិនមនុស្ស ៩០% នៅប្រទេសកម្ពុជា មិនដែលឮដំណឹងល្អ មិនដែលទទួលព្រះយេស៊ូជាព្រះសង្គ្រោះ តើពួក​គាត់​នឹង​ទៅ​ណា? យើងសួរខ្លួនឯង តើពួកគាត់ទៅឋាននរកទាំងអស់? តើយើងមើលងាយបងប្អូនឯងទៀត​ដែលអត់​ស្គាល់​ព្រះយេស៊ូ ហើយរាប់គេជាមនុស្សវង្វេង?

អត្ថបទព្រះគម្ពីរថ្ងៃនេះគួរចាប់អារម្មណ៍មែនទែន! ព្រះយេស៊ូ ឆ្លើយតបតាមរបៀបមួយ ដែលធ្វើ​ឱ្យយើង​ងឿង​ឆ្ងល់ នឹងស្វែងយល់កាន់តែច្រើនឡើងៗពីគម្រោងការណ៍ដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ដែល​មាន​ព្រះ​ហឫ​ទ័យសង្គ្រោះមនុស្សលោក។ អស្ចារ្យឬទេ? ព្រះយេស៊ូមិនកុហកយើងទេ ទ្រង់មានព្រះបន្ទូល​ថាទ្វា​រ​ចូរ​ទៅស្ថានបរមសុខចង្អៀតមែនទែន នេះជារឿងពិត យើងឃើញក្នុងជីវិតរបស់យើងស្រួលជាង អង្គុយលេង ផឹកស្រា ដើរលេងជាមួយស្រី ទៅកន្លែងម៉ាស្សា-ល-នោះ មានរាប់ពាន់កន្លែង​នៅកំពង់​សោម​ជា​ទីក្រុងដែលខ្ញុំកំពុងនៅប៉ុន្តែវិហារមានតែមួយ! ច្បាស់គឺទៅហាងម៉ាស្សាស្រួលជាងទៅវិហារ។

អត់មាននរណាចូលវិហារ ប៉ុន្តែហាងម៉ាស្សាគេស្គាល់ទាំងអស់ ដូច្នេះត្រូវតែឆ្ងល់ តើយើងជួយពួកគាត់​យ៉ាង​​ម៉េច​ឱ្យគាត់ទៅតាមផ្លូវត្រឹមត្រូវ? ផ្លូវវង្វេងគឺធំមែនទែន ជាមហាផ្លូវទៅឋាននរក យើង​ត្រូវ​តែ​ជួយ​បង​ប្អូ​ន​ទៅរកផ្លូវត្រឹមត្រូវ នឹងរក្សាសុជីវធម៌ គុណធម៌ គុណតម្លៃឲ្យបានល្អដើម្បី​ឱ្យប្រទេស​កម្ពុជា​មាន​អនា​គត​​កាន់តែល្អដែរ។ យើងជឿថា ព្រះយេស៊ូសង្គ្រោះមនុស្សលោក ក្នុងអង្គព្រះយេស៊ូគ្រីស្ត ដែលជាព្រះបុត្រា​របស់​​ព្រះជាម្ចាស់ប្រសូត្រជាមនុស្ស ដើម្បីសង្គ្រោះយើងជាមនុស្សទាំងអស់ នេះពិតជាអស្ចារ្យណាស់។

ទ្វារទៅកាន់បរមសុខចង្អៀតតែព្រះអង្គសព្វព្រះហឫទ័យឲ្យ​យើងទាំងអស់ចូលតាមផ្លូវនេះ  អត់មាន​នរ​ណា​ដែ​លកែជីវិតមិនបាន និងមិនមាននរណាដែលអាក្រក់ពេក ឬលែងមានក្តីសង្ឃឹមនោះឡើយ។ យើង​មាន​​ក្តីសង្ឃឹមសម្រាប់មនុស្សទាំងអស់ ទោះបីអាក្រក់ល្អ សខ្មៅ ពូកែឬមិនពូកែក៏ដោយគ្រប់គ្នា​សុទ្ធ​តែ​អាច​កែ​​ប្រែជោគវាសនាខ្លួន ដោយគ្រាន់តែជឿ និងកែប្រែចិត្តគំនិតធើ្វជាមនុស្សល្អ បុត្រធីតាល្អរបស់ព្រះជា​ម្ចាស់​ដោយ​គោរពតាម​ការទូរន្មានរបស់ទ្រង់។ ព្រះអង្គនឹងប្រទានពរដល់មនុស្សទាំងអស់ដែលបើកដួងចិត្ត ទ្វារនៃដួងចិត្តរបស់យើង ទោះពេលខ្លះង្អៀតតែឲ្យយើងទៅតាមផ្លូវរបស់ព្រះអង្គ ដើម្បីឱ្យយើងមានជីវិតល្អ មាន​ជីវិតអស់កល្បជានិច្ច មានជីវិតនៅឋានបរមសុខ ដោយសារព្រះអង្គសង្គ្រោះយើង។

សូមព្រះជាម្ចាស់ប្រទានពរដល់បងប្អូន ហើយសូមបងប្អូនប្រកាសថាមានផ្លូវទៅឋានបរមសុខ។ លោក​កា​ឡូ អាគូទីសជាសន្តសន្តីថ្មីក្នុងព្រះសហគមន៍កាតូលិកមានប្រសាសន៍ថា “ព្រះកាយរបស់ព្រះគ្រីស្ត សក្ការៈបូជាគឺជាផ្លូវល្បឿនលឿនបំផុតទៅឋានសួគ៌”។ ផ្លូវល្បឿនលឿនបំផុតទៅកំពង់សោម ធំហើយ ស្រួល តែមានមនុស្សតិចទៅ។ យើងត្រូវទៅតាមផ្លូវនោះ ជាផ្លូវថ្មីជាផ្លូវ​របស់​ព្រះយេស៊ូ​គ្រីស្ត​ដែល​នាំយើ​ង​ទៅឋានបរមសុខគឺ ព្រះកាយរបស់ព្រះគ្រីស្តជួយសង្គ្រោះយើង អាចជួយសង្គ្រោះមនុស្សទាំងអស់បាន។

សូមព្រះជាម្ចាស់ប្រទានពរដល់បងប្អូន ហើយបងប្អូនទទួលព្រះសង្គ្រោះពីព្រះយេស៊ូគ្រីស្តជានិច្ច។ អាម៉ែន៕

 

Daily Program

Livesteam thumbnail