ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥អត្ថបទគម្ពីរម៉ាថាយ ២២,៣៤-៤០ អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី

អត្ថបទព្រះគម្ពីរដំណឹងល្អនៅក្នុងថ្ងៃនេះ យើងឃើញថាការសន្ទនារវាងទេវទូតកាព្រីអែល និងនាងម៉ារី ដែលពួកគាត់សន្ទនាជាមួយគ្នាអំពីបេសកកម្មដែលនាងម៉ារីត្រូវទទួល។ ខ្ញុំចង់ចែកជាមួយបងប្អូនបីចំណុច ទីមួយ៖ គឺអំពីអំណរសប្បាយដែលនាងម៉ារីនឹងទទួល! ព្រះជាម្ចាស់បានត្រាស់ហៅនាងម៉ារីឱ្យក្លាយជាមាតារបស់ព្រះយេស៊ូ។ ហើយព្រះជាម្ចាស់បានត្រាស់ហៅនាងម៉ារីឱ្យក្លាយជាបុគ្គលម្នាក់ដែលរស់នៅជាគំរូ ដោយស្តាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងយល់ព្រមធ្វើតាមពាក្យរបស់ព្រះអង្គ។
ព្រះជាម្ចាស់បានត្រាស់ហៅយើងជាលក្ខណៈឯកត្តៈ ដែលយើងហៅថាឯកត្តជនដើម្បីឱ្យយើងអាចធ្វើដំណើររួមជាមួយព្រះអង្គបាន។ ព្រះជាម្ចាស់ក៏បានត្រាស់ហៅយើងម្នាក់ៗ ឱ្យយើងក្លាយទៅជាបុគ្គលដ៏ឆ្នើមនៅក្នុងសង្គមរបស់យើង នៅក្នុងភូមិក៏ដូចជានៅក្នុងព្រះសហគមន៍របស់យើងឱ្យយើងឆ្លើយតបព្រះអង្គដូចនាងម៉ារីឆ្លើយតបទៅនឹងទ្រង់ដែរ។ ទ្រង់បានត្រាស់ហៅយើងតាមរយៈកិច្ចការងារប្រចាំថ្ងៃរបស់យើង ទាំងការនិយាយស្តី ទាំងកាយវិការដែលយើងធ្វើ ទាំងកិច្ចការដែលយើងធ្វើនៅកន្លែងដែលយើងធ្វើការ គ្រប់ពេលយើងធ្វើដំណើរទីនេះទីនោះ គ្រប់ដង្ហើមចេញ គ្រប់ដង្ហើមចូលរបស់យើង គឺព្រះជាម្ចាស់បានត្រាស់ហៅយើង។ ត្រង់នេះតោងឱ្យយើងដឹងថាយើងត្រូវតែឆ្លើយទៅព្រះជាម្ចាស់ ក្នុងទម្រង់ណាក៏បានឱ្យយើងចេះឆ្លើយទៅព្រះជាម្ចាស់ដូចនាងម៉ារីបានឆ្លើយទៅព្រះអង្គដូចគ្នាដែរ។
ចំណុចទីពីរ៖ នាងម៉ារីបានទទួលព្រះអំណោយទានរបស់ព្រះជាម្ចាស់!។ ព្រះអំណោយទានរបស់ព្រះជាម្ចាស់ដែលនាងម៉ារីបានទទួល គឺធ្វើជាមាតារបស់ព្រះគ្រីស្ត ជាមាតារបស់ព្រះសហគមន៍ និងជាគំរូរបស់ព្រះសហគមន៍ដែលជឿទុកចិត្តលើព្រះជាម្ចាស់។ ជំនឿ! ខ្ញុំចង់និយាយអំពីជំនឿ ជំនឿនាំឱ្យយើងទទួលបានការសង្គ្រោះ ជំនឿនាំឱ្យយើងខិតជិតព្រះជាម្ចាស់។ ជំនឿនាំឱ្យយើងប្រព្រឹត្តសេចក្តីល្អ ជំនឿនាំឱ្យយើងមានសុខសន្តិភាពចំពោះគ្នាទៅវិញទៅមក ជំនឿនាំឱ្យយើងមានសេចក្តីស្រឡាញ់។ ដោយសារជំនឿយើងចង់ធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ជឿទុកចិត្តលើព្រះជាម្ចាស់ជាព្រះសង្គ្រោះដែលនាំឱ្យជីវិតមនុស្សផ្លាស់ប្រែរបៀបមិនល្អទៅរកសេចក្តីល្អ ពិសេសផ្នែកសីលធម៌របស់យើង ឱ្យយើងរស់នៅមានគុណធម៌មានសីលធម៌ល្អ មានសុជីវធម៌ល្អក្នុងការប្រតិបត្តិតាមជំនឿរបស់យើង ជាពិសេសបងប្អូនដែលជឿលើគ្រីស្តសាសនា ជឿលើព្រះយេស៊ូជាព្រះសង្គ្រោះរបស់បងប្អូន។
យើងម្នាក់ៗទទួលព្រះអំណោយទានដែលមកពីព្រះជាម្ចាស់ យើងជាគ្រីស្តបរិស័ទជាអ្នកជឿ យើងត្រូវប្រើព្រះអំណោយទាននេះឱ្យបានត្រឹមត្រូវ ប្រសិនបើ់យើងមានឯកទេសណាមួយ យើងប្រើឯកទេសរបស់យើងឱ្យមានប្រយោជន៍នៅក្នុងសង្គមរបស់យើង ឱ្យមានប្រយោជន៍នៅក្នុងសង្គមរបស់យើង កុំឱ្យអ្នកដទៃឈឺចាប់ដោយសារតែចំណេះជំនាញដែលយើងបានទទួលហើយតែប្រើវាអត់មិនសមប្រកបឬប្រើមិនល្អ។
ចំណុចទីបី៖ ព្រះជាម្ចាស់គង់នៅជាមួយនាង ដូចទេវទូតបានជូនដំណឹងទៅនាងម៉ារី ហើយព្រះអង្គគង់នៅជាមួយនាងចូលឱ្យនាងមានអំណរសប្បាយ។ អាហ្នឹងមានន័យថាព្រះអង្គគង់នៅជាមួយនាង។ នាងម៉ារីគឺជាគំរូនៃអ្នកជឿ។ ប្រសិនបើព្រះជាម្ចាស់និយាយពីព្រះបន្ទូលទៅកាន់នាងម៉ារី ព្រះអង្គគង់នៅជាមួយនាង ព្រះជាម្ចាស់ក៏និយាយមកកាន់យើងម្នាក់ៗជាបុរស ជាស្ត្រី ជាក្មេង ជាចាស់ ជាយុវជន ជាយុវនារី ព្រះអង្គក៏គង់នៅជាមួយយើងដូចគ្នាដែរ។ សូមឱ្យយើងម្នាក់ៗចេះបើកដួងចិត្តទទួលអំណរសប្បាយ ទទួលព្រះអំណោយទាន ទទួលស្គាល់ថាព្រះជាម្ចាស់គង់នៅជាមួយយើង និងសូមឱ្យយើងចេះប្រកាសជំនឿខ្លួនទៅដល់បងប្អូននៅទីនេះទីនោះ ដូចនាងម៉ារីចេះប្រកាសជំនឿ ហើយសូមឱ្យយើងចេះឆ្លើយបាទ ឬចាស់ទៅព្រះជាម្ចាស់ផងដែរ។ អាម៉ែន៕
Daily Program
