ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥អត្ថបទគម្ពីរ (លូកា ៦,២៧-៣៨)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

អត្ថបទ​ដំណឹងល្អ នៅ​ក្នុង​ថ្ងៃ​នេះ បង្ហាញ​យើង​ពី​លក្ខណៈ​ពិសេស​របស់​គ្រីស្ត​សាសនា គឺ​ព្រះយេស៊ូ​សូម​ឲ្យ​សាវ័ក​របស់​ព្រះអង្គ ស្រឡាញ់​មិន​ត្រឹមតែ​ស្រឡាញ់​អ្នក​ដទៃ ប៉ុន្តែ​ស្រឡាញ់​ទាំង​ខ្មាំង​សត្រូវ ស្រឡាញ់​អស់​អ្នក​ដែល​ធ្វើ​បាប​យើង។ ជារឿងដែល​ពិត​ជាពិបាកមែនទែន ការដែលឲ្យយើងទៅស្រឡាញ់​អ្នកដែល​ធើ្វ​បាបយើង ផ្ទុយពីការសងសឹកនោះ ឬ​យ៉ាង​តិច​យើង​មិន​និយាយ​ជាមួយ​។

ព្រះយេស៊ូ​សូម​ឲ្យ​យើង​ខិតខំ​ព្យាយាម​ស្រឡាញ់​អ្នក​ដទៃ ដូច​ព្រះអង្គ​បាន​ស្រឡាញ់​យើង​ដែរ។ យើង​ជា​ខ្មាំង​សត្រូវ​របស់​ព្រះយេស៊ូ នៅ​ពេល​ដែល​យើង​ធ្វើ​បាប ប៉ុន្តែព្រះយេស៊ូនៅ​តែ​ស្រឡាញ់​យើង នៅលើ​ឈើ​ឆ្កាង​ព្រះយេស៊ូ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ។ ធ្វើ​ឲ្យ​គេកែ​ប្រែ​ប្រតិបត្តិ​គំនិត​ បើសិនជា​យើង​ស្រឡាញ់​ខ្មាំង​សត្រូវ យើងនឹង​ព្យាយាម​ទ្រាំ​ទុក្ខលំបាក ហើយ​នឹង​ព្យាយាម​ធ្វើ​អំពើ​ល្អ​ដល់​គេ អធិដ្ឋាន សូម​ព្រះ​ជា​ម្ចាស់​ប្រោស​ប្រទាន​ពរដល់​ពួក​គេ ប្រហែល​ជា​គេ​អាច​ផ្លាស់ប្តូរ​ចិត្ត​គំនិត​ខ្លះ។

បី​គេ​មិន​ផ្លាស់ប្តូរ​ចិត្ត​គំនិត ក៏​យើង​ត្រូវ​តែ​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះ​ជាម្ចាស់ ខិតខំ​ស្រឡាញ់​គេ ពីព្រោះ​ពេល​នោះ យើង​​មិន​ដូចអ្នក​ដែល​ធ្វើ​បាប​យើង។ យើង​មាន​ចិត្ត​ទូលាយ យើង​មាន​ចិត្ត​ធម៌ យើង​មាន​ចិត្ត​ដូច​ព្រះជាម្ចាស់។ ព្រះជាម្ចាស់​​មិន​ប្រកាន់​នឹងនរណាម្នាក់ទេ  ព្រះជាម្ចាស់​ស្រឡាញ់​មនុស្ស​លោក​ទាំង​អស់ ទោះបី​គេ​ធ្វើបាប​ព្រះអង្គ​យ៉ាង​ណា​ក៏​ដោយ។

ដូច្នេះពេល​នោះ​យើង​ចូល​នៅ​ក្នុង​ពិភពថ្មី យើង​ជា​បុត្រី​បុត្រា​របស់​ព្រះជាម្ចាស់ យើង​ទៅ​ជា​សន្ត​បុគ្គល។ ​ជា​បុត្រី​បុត្រា​របស់​ព្រះជាម្ចាស់មាន​ន័យ​ថា ​ចិត្ត​​យើង​ធំ​ជាងការស្អប់ ធំ​ជាង​ការ​ប្រកាន់​គេ ឬ​អាច​និយា​យ​ថា​យើងមានភាពអត់ធ្មត់ខ្ពស់ និងការយល់ដឹងជ្រាលជ្រៅ ត្បិត​យើងអាច​គ្រប់គ្រងតណ្ហា​របស់​យើងដែល​ចង់​សងសឹក។ អ្នក​ណា​ដែល​នៅ​តែ​ស្អប់​ខ្មាំង​សត្រូវ នៅ​តែ​ខឹង​គេ នៅ​តែចង់​ធ្វើ​បាប​គេ អ្នក​នោះ​នៅ​តែ​ជាប់ជំពាក់​​លោកិ៍យ ហើយនឹងក្លាយខ្លួនជាឈ្លើយនៃតណ្ហា ព្រះយេស៊ូ​ត្រាស់ហៅយើង​ឲ្យ​មាន​សេរីភាព​ពិតប្រាកដ ឲ្យ​ឈ្នះ​អំពើ​បាប ឈ្នះ​តណ្ហា ជា​លក្ខណៈ​ហួស​ពី​ធម្មជាតិ ឲ្យ​រស់នៅ ដូច​ជា​មនុស្ស​ដែល​បាន​រស់​ឡើង​វិញ​បាន​ឈ្នះ​សេចក្តី​ស្លាប់​។

​តាមពិត​នេះ​ជាព្រះអំណោយទានពិសេស​របស់​ព្រះជាម្ចាស់ បើសិនជា​យើង​ចង់​ធ្វើ​តាម​អត្ថបទ​ដំណឹងល្អ នៅ​ក្នុង​ថ្ងៃ​នេះ យើង​ត្រូវ​តែ​សូម​ឲ្យ​ព្រះអង្គ​ជួយ ចាក់​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ប្រទាន​កម្លាំង​ចិត្ត ឲ្យ​យើង​ចេះ​ស្រឡាញ់​ខ្មាំង​សត្រូវ។ តាម​បទពិសោធន៍​​ខ្ញុំ ខ្ញុំ​មិន​មាន​ខ្មាំង​សត្រូវបែបស៊ីសាច់ហ៊ត់ឈាមអីទេ ប៉ុន្តែអ្នក​ដែល​ធ្វើ​បាប​ប្រចាំ​ថ្ងៃគឺខ្លួនឯង ដែលបណ្តោយខ្លួនឲ្យធ្លាក់ក្នុងតណ្ហា ព្រោះតែការនិយាយ​អាក្រក់ពីអ្នកដទៃ ឬយកពាក្យអ្នកដទៃមានខ្លួន។

យ៉ាងណាមិញ បើសិនជា​យើង​​ខិតខំ​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះជា​ម្ចាស់​យើង​​មាន​សេរីភាព​ពិតប្រាកដ យើង​មាន​អំណរ​សប្បាយ​។ ដូច្នេះនេះជា​អត្ថបទ​​ពិសេស​មែន​នៅ​ក្នុង​ថ្ងៃ​នេះ ដែលត្រាស់ហៅយើង​ឱ្យ​ពឹង​ផ្អែកលើព្រះជាម្ចាស់​! បើសិនជា​យើង​យក​ព្រះអង្គ​ធ្វើ​ជា​ទីពឹង យើង​​ធ្វើ​តាម​ព្រះហឫទ័យ ធ្វើ​តាម​អត្ថបទ​ដំណឹងល្អ​នៅ​ក្នុង​ថ្ងៃ​នេះ។​ សូមតាំងចិត្តក្លាហាន​ស្រឡាញ់​អ្នក​ដទៃ ​មាន​តែ​សេចក្តី​ស្រឡាញ់​ទេ ដែល​ជា​អ្នក​សង្គ្រោះ ដែល​ជួយ​សង្គ្រោះ​យើង រួច​ពី​អំពើ​អាក្រក់​ទាំង​អស់​៕

 

Daily Program

Livesteam thumbnail