ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥អត្ថបទគម្ពីរ លូកា (១១,១-៤)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រ៉ាជេត ហាសាពូទី

បងប្អូនជាទីគោរព! នៅក្នុងអត្ថបទថ្ងៃនេះលោកលូកា(ជំពូក១១,១-៤)ព្រះយេស៊ូបានបង្រៀនសាវ័កអំពីរបៀបអធិដ្ឋាន។
មានមួយថ្ងៃ ព្រះយេស៊ូបានយ៉ាងទៅអធិដ្ឋាន កាលព្រះអង្គអធិដ្ឋានរួចហើយ មានសាវ័កម្នាក់ទូលព្រះអង្គថា "បពិត្រព្រះអម្ចាស់! សូមបង្រៀនយើងខ្ញុំឲ្យចេះអធិដ្ឋានដូចលោកយ៉ូហានបានបង្រៀនសិស្សរបស់លោកផង!"។ ក្រុមសាវ័កឃើញព្រះយេស៊ូអធិដ្ឋាន ពួកគេក៏ឃើញលោកយ៉ូហាន បង្រៀនសិស្សរបស់លោកអំពីរបៀបអធិដ្ឋាន។ ដូច្នេះពួកគេក៏ចង់ចេះអធិដ្ឋានព្រោះពួកគេចង់តាមព្រះយេស៊ូ និងធើ្វជាសិស្សរបស់លោកយ៉ូហានដែរ។ ពួកគេចង់រៀនអំពីរបៀបអធិដ្ឋាន ដើម្បីពួកគេអាចអធិដ្ឋានរៀងៗខ្លួនបាន។
ចុះយើងវិញ! តើពួកយើងចាប់អារម្មណ៍អធិដ្ឋានដែរឬទេ? ការអធិដ្ឋានសំខាន់ណាស់ក្នុងជីវិតរបស់គ្រីស្តបរិស័ទ។ ការអធិដ្ឋានជួយយើងអាចទាក់ទងព្រះជាម្ចាស់ ការអធិដ្ឋានជួយយើងឲ្យស្ងប់ចិត្ត ស្តាប់ព្រះសូរសៀងរបស់ព្រះអង្គ ដូច្នេះយើងត្រូវអធិដ្ឋានរាល់ថ្ងៃ។ នៅក្នុងអត្ថបទថ្ងៃនេះព្រះយេស៊ូបានបង្រៀនក្រុមសាវ័កអំពីការសូត្រធម៌ឱព្រះបិតាយើងខ្ញុំ ហើយហៅថាជា សេចក្តីអធិដ្ឋានរបស់ព្រះយេស៊ូ ឬសូត្រធម៌របស់ក្រុមសាវ័ក ជាធម៌ដែលព្រះយេស៊ូបានបង្រៀនក្រុមសាវ័កផ្ទាល់ និងជាធម៌ក្រុមសាវ័កនិងសន្តសន្តីធ្លាប់សូត្រ ហើយក៏ជាធម៌ដែលព្រះសហគមន៍បង្រៀនយើងសូត្ររាល់ថ្ងៃ។
កាលសូត្រ ឱព្រះបិតាយើងខ្ញុំ ពួកយើងសូមទូលអង្វរពីព្រះជាម្ចាស់ ៥ចំណុចគឺ៖ ឱព្រះបិតាអើយ! សូមសម្តែងព្រះបារមី សូមឲ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ មានន័យថា ពួកយើងលើកតម្កើងព្រះជាម្ចាស់ និងអរព្រះគុណព្រះអង្គ។ ឱព្រះបិតាអើយ! សូមឲ្យព្រះរាជ្យព្រះអង្គបានមកដល់ មានន័យថា ពួកយើងផ្ញើខ្លួនប្រាណ និងជីវិតទាំងស្រុងទៅលើព្រះហឫទ័យរបស់ព្រះអង្គ។ ពួកយើងជឿថា ព្រះហឫទ័យរបស់ព្រះអង្គធំជាង និងល្អជាងបំណងប្រាថ្នារបស់យើង។ ឱព្រះបិតាអើយ! សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការជារៀងរាល់ថ្ងៃ មានន័យថា អាហារដែលពួកយើងមានថ្ងៃនេះ សូមឲ្យអាហារនេះបន្តមានថ្ងៃស្អែកដែរ។ ឱព្រះអង្គម្ចាស់អើយ! សូមអត់ទោសយើងខ្ញុំឲ្យរួចពីបាប ត្បិតយើងខ្ញុំអត់ទោសឲ្យអស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ មានន័យថាពួកយើងទទួលស្គាល់ខ្លួនជាអ្នកមានបាប ហើយសូមព្រះអម្ចាស់លើកលែងទោសឲ្យយើង។ ព្រះជាម្ចាស់លើកលែងទោសឲ្យយើងជាមិនខាន។ពេលណាយើងអធិដ្ឋាន ពួកយើងមានសុខសន្តិភាព និងសេចក្តីសុខក្នុងជីវិតរបស់យើង។ សូមព្រះជាម្ចាស់ប្រទានពរយើង៕
Daily Program
