ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥អត្ថបទគម្ពីរ (ម៉ាថាយ ១៨,១-៥.១០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

បងប្អូនជាទីស្រឡាញ់! នៅថ្ងៃនេះគឺជាបុណ្យពិសេសនៅក្នុងព្រះសហគមន៍កាតូលិក យើងរំលឹកបុណ្យ​សន្ត​ទេវទូតទាំងឡាយពិសេសទេវទូតដែលការពារ គឺព្រះជាម្ចាស់បានប្រទានឲ្យយើងម្នាក់ៗបានទេវ​ទូត​មួយរូបដើម្បីជួយការពារ ណែនាំយើង ដើរតាមនឹងសង្គ្រោះ។ ប្រហែលជាបងប្អូនឆ្ងល់ ពីព្រោះ​គ្មាន​នរណា​ម្នាក់​បានឃើញ ឬជួបទេវទូតទេ ប៉ុន្តែនៅក្នុងព្រះគម្ពីរយើងឃើញមានទាំងទេវទូត និងអគ្គទេវទូត។

តាមការបង្រៀនបន្តតាមប្រពៃណីរបស់ព្រះសហគមន៍ ដើមឡើយគ្រីស្តបរិស័ទជឿថាព្រះជាម្ចាស់​បាន​ផាត់​ពពកចេញឲ្យយើងមើលឃើញ ហើយព្រះអង្គបង្រុងទុកពពកនេះសម្រាប់យើងនៅពេលអនាគត។ ហេតុ​ដូច្នេះទើបយើងមិនទាន់ឃើញ នឹងដឹងច្បាស់អំពីអ្វីៗទាំងអស់។  ថ្ងៃនេះព្រះសហគមន៍រំលឹក​យើង​ថា ព្រះជាម្ចាស់បានប្រទានទេវទូតមួយរូបសម្រាប់ម្នាក់ៗដើម្បីជួយការពារយើង។

ម៉្យាងទៀតកុំភ្លេចថាតម្លៃនៃជីវិតមនុស្សសំខាន់ណាស់ ពីព្រោះព្រះជាម្ចាស់​បានចាត់​ទុក​ចំណាត់​ជា​មនុស្ស មិនមែនជាទេវទូត។ ព្រះយេស៊ូជាមនុស្ស មិនមែនជាទេវទូត គឺជាព្រះជាម្ចាស់បាន​បង្កើត​មនុស្ស​យើង​មាន​តម្លៃ។ ទោះបីទេវទូតជាសត្វលោកខាងវិញ្ញាណដែលមានតំណែងខ្ពស់ជាងយើង ដែលមើល​ឃើញ​ព្រះ​ភ័ក្ត្រ​​​របស់ព្រះជាម្ចាស់ ដែលបំពេញដោយព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ ប៉ុន្តែ! យើងមានតម្លៃ ពីព្រោះព្រះជាម្ចាស់បានប្រសូតជាមនុស្ស នឹងនៅក្នុងឋានៈជាមនុស្ស។ ព្រះយេស៊ូបាន​រំដោះ​លោក​មនុស្ស​លោក នឹងសង្គ្រោះយើងម្នាក់ៗ។

សូមឲ្យយើងចាប់ផ្ដើមអំពីសេចក្ដីស្រឡាញ់ចំពោះគ្នា ឲ្យយើងស្ដាប់សំឡេងរបស់ព្រះអង្គ​នៅក្នុងដួង​ចិត្ត​ធ្វើ​តាម​ព្រះហឫទ័យរបស់ព្រះអង្គ នឹងជឿជាក់ថាមានទេវទូតមួយរូបដែលជួយណែនាំយើង ឲ្យដើរតាម​ផ្លូវ​នៃ​ការសង្គ្រោះ។ អាម៉ែន៕​

 

Daily Program

Livesteam thumbnail