២៧ឆ្នាំនៃនាវាម្ពុជាក្នុងមហាសមុទ្រអាស៊ាន ពីការឯកោមកជាតួអង្គដ៏មានឥទ្ធិពល
នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នេះ មាតុភូមិកម្ពុជាបានប្រារព្ធខួបលើកទី២៧ នៃថ្ងៃប្រវត្តិសាស្ត្រដែលទង់ជាតិ «ជ័យជោគជ័យ» បានបង្ហូតឡើងនៅកណ្តាលទីក្រុងហាណូយ ក្លាយជាសមាជិកទី១០ នៃគ្រួសារអាស៊ាន កាលពីឆ្នាំ១៩៩៩។ រយៈពេល ២៧ឆ្នាំនេះ មិនមែនគ្រាន់តែជាតួលេខនៃពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាដំណើរផ្លាស់ប្តូរវាសនាជាតិទាំងស្រុង ពីប្រទេសដែលធ្លាប់តែរងការហ៊ុមព័ទ្ធសេដ្ឋកិច្ច និងនយោបាយ មកជាប្រទេសដែលមានសំឡេងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។
ក្រឡេកទៅមើលបរិបទឆ្នាំ ១៩៩៩ កម្ពុជាទើបតែទទួលបានសន្តិភាពពេញលេញតាមរយៈនយោបាយ «ឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន បានត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ។ ការចូលជាសមាជិកអាស៊ាននៅពេលនោះ គឺជាការដាក់ចេញនូវយុទ្ធសាស្ត្រ «សមាហរណកម្មខ្លួនឯងទៅក្នុងតំបន់ និងពិភពលោក» ដើម្បីធានាថា កម្ពុជានឹងមិនវិលត្រឡប់ទៅរកសង្រ្គាមស៊ីវិល និងភាពឯកោជាថ្មីម្តងទៀត។
អ្នកតាមដាននយោបាយតំបន់ ធ្លាប់បានរំលឹកថា៖ «ការចូលអាស៊ាន គឺជាជំហានទី២ បន្ទាប់ពីសន្តិភាពផ្ទៃក្នុង។ វាគឺជាការទម្លុះរបងខ្ពស់ដែលព័ទ្ធជុំវិញកម្ពុជា ឱ្យក្លាយជាស្ពានតភ្ជាប់រវាងមហាអំណាច និងបណ្តាប្រទេសក្នុងតំបន់»។
ក្នុងដំណើរជិត ៣ទសវត្សរ៍នេះ កម្ពុជាបានកាន់តំណែងជាប្រធានអាស៊ានប្តូរវេនចំនួន ៣លើក រួមមានឆ្នាំ ២០០២, ២០១២ និង ២០២២ ដែលលើកនីមួយៗសុទ្ធតែមានបញ្ហាប្រឈមរៀងៗខ្លួន៖
ឆ្នាំ ២០០២៖ កម្ពុជាក្នុងនាមជាសមាជិកថ្មីថ្មោង បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលតាមរយៈការសម្របសម្រួលឱ្យមានការចុះហត្ថលេខាលើ «សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រចិនខាងត្បូង (DOC)» ដែលជាឯកសារប្រវត្តិសាស្ត្រមិនធ្លាប់មាន។
ឆ្នាំ ២០២២៖ ក្រោមពាក្យស្លោក «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» កម្ពុជាបានបង្ហាញពីភាពចាស់ទុំខាងនយោបាយ ក្នុងការសម្របសម្រួលវិបត្តិដ៏ស្មុគស្មាញនៅមីយ៉ាន់ម៉ា និងការបន្ធូរបន្ថយភាពតានតឹងរវាងមហាអំណាចអាមេរិក-ចិន។
សម្រាប់ពលរដ្ឋកម្ពុជាសាមញ្ញ អាស៊ានមិនមែនត្រឹមតែជារឿងនយោបាយការបរទេសនោះទេ។ តាមរយៈតំបន់ពាណិជ្ជកម្មសេរី អាស៊ានបានប្រែក្លាយកម្ពុជាឱ្យទៅជាចំណុចទាក់ទាញវិនិយោគទុនបរទេស (FDI)។ រោងចក្រ សហគ្រាស និងការនាំចេញកសិផលខ្មែរទៅកាន់ទីផ្សារតំបន់ដែលមានប្រជាជនជាង ៦០០លាននាក់ បានក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់។
ជាងនេះទៅទៀត ការបើកចំហរមេឃ និងការលើកលែងទិដ្ឋាការ បានធ្វើឱ្យយុវជនកម្ពុជាមានឱកាសសិក្សា និងធ្វើការនៅក្រៅប្រទេសកាន់តែងាយស្រួល។ សព្វថ្ងៃ និស្សិតកម្ពុជាជាច្រើនបានទទួលអាហារូបករណ៍អាស៊ាន ដែលនេះគឺជាការកសាងធនធានមនុស្សសម្រាប់អនាគត។
ទោះបីជាទទួលបានជោគជ័យយ៉ាងធំធេងក៏ដោយ ប៉ុន្តែក្នុងឆ្នាំ ២០២៦ នេះ កម្ពុជានិងអាស៊ានកំពុងស្ថិតក្នុងរបត់ថ្មីមួយទៀត។ ការប្រកួតប្រជែងឥទ្ធិពលមហាអំណាចនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងបញ្ហាសន្តិសុខសាយប័រ បានក្លាយជាប្រធានបទក្តៅ។
ក្នុងសារអបអរសាទររបស់ លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងកាបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញថា ក្នុងរយៈពេល ២៧ឆ្នាំកន្លងមកនេះ អាស៊ានបានដើរតួជាវិញ្ញាសាមួយដែលមិនអាចខ្វះបាន សម្រាប់កម្ពុជា ដើម្បីជំរុញការអភិវឌ្ឍជាតិ និងបង្កើនសំឡេងរបស់កម្ពុជានៅលើឆាកតំបន់ និងពិភពលោក។ តាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ក្នុងចំណោមបណ្តាវិស័យផ្សេងៗ កម្ពុជាបានពង្រីកកាលានុវត្តភាពពាណិជ្ជកម្មនិងវិនិយោគ បង្កើនការតភ្ជាប់តំបន់ ពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ បង្រួមគម្លាតអភិវឌ្ឍន៍ ព្រមទាំងជំរុញភាពជឿនលឿនផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានរួមចំណែកប្រកបដោយអត្ថន័យដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើង និងផ្តល់ឱ្យពួកគេនូវការត្រៀមលក្ខណៈជាស្រេចនិងបន្តជុំចំពោះអនាគត។
លោក ប្រាក់ សុខុន បញ្ជាក់ថា ៖«កម្ពុជាក៏បានជំរុញកិច្ចសន្ទនាក្នុងតំបន់ ពង្រឹងតួនាទីស្នូលរបស់អាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងមានការវិវត្តឥតឈប់ឈរ ព្រមទាំងបានលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែង នៅគ្រប់សសរស្តម្ភសហគមន៍នយោបាយ-សន្តិសុខ សហគមន៍សេដ្ឋកិច្ច និងសហគមន៍សង្គម-វប្បធម៌។ ការចូលរួមយ៉ាងសកម្មនិងវិភាគទានប្រកបដោយស្ថាបនារបស់កម្ពុជាគូសបញ្ជាក់ឱ្យឃើញថា ការចូលជាសមាជិកអាស៊ានរបស់ខ្លួនបានពង្រឹងឯកភាពអាស៊ាន ភាពធន់ និងសមត្ថភាពរួមរបស់អាស៊ាន ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមតំបន់ និងសកល»។
សម្លឹងឆ្ពោះទៅមុខ កម្ពុជារក្សាការប្ដេជ្ញាយ៉ាងមុតមាំធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេសសមាជិកអាស៊ានទាំងអស់ ដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។ ដោយរួមគ្នា កម្ពុជានឹងបន្តពង្រឹងឯកភាពភាពនិងមជ្ឈភាពអាស៊ាន ព្រមទាំងកសាងសហគមន៍អាស៊ានមួយដែលកាន់តែស្ថិតិភាពគ្នា ប្រកបដោយបរិយាបន្ន និងភាពធន់ ជាសហគមន៍មួយដែលផ្ដោតលើផលប្រយោជន៍ប្រជាជនពិតប្រាកដ និងយកចិត្តទុកដាក់ចំពោះប្រជាជន ដោយមិនបោះបង់នរណាម្នាក់ឡើយ។
ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ កម្ពុជាបានដើរមកឆ្ងាយណាស់។ ពីប្រទេសដែលពិភពលោកធ្លាប់ស្គាល់តែតាមរយៈវាលពិឃាត និងសង្រ្គាម ឥឡូវនេះកម្ពុជាគឺជា «កោះសន្តិភាព» និងជាតួអង្គមិនអាចខ្វះបានក្នុងគ្រួសារអាស៊ាន។ ដំណើរ ២៧ឆ្នាំនេះ គឺជាសក្ខីភាពដែលបង្ហាញថា កម្ពុជាមិនមែនគ្រាន់តែរស់នៅក្នុងអាស៊ាននោះទេ ប៉ុន្តែកម្ពុជាកំពុងរួមចំណែកកសាងអនាគតអាស៊ានឱ្យកាន់តែរឹងមាំ។
សូមរំលឹកថា អាស៊ាន ត្រូវបានបង្កើតឡើងនៅ ថ្ងៃទី ៨ សីហាឆ្នាំ១៩៦៧ នៅទីក្រុងបាងកក ដែលមានសមាជិក៥ប្រទេសដំបូងគឺ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ។ បច្ចុប្បន្ននេះ អាស៊ាន មានសមាជិកចំនួន១១ប្រទេស ។ ចំពោះប្រទេសទីម័រខាងកើត បានក្លាយជាសមាជិកទី១១នៃសមាគមអាស៊ាននេះ ផងដែរ៕