កុមារសុំទានតាមដងផ្លូវ៖ ការដាក់ទានជាការសង្គ្រោះ ឬជាការធ្វើបាប?

ខណៈកុមារជាច្រើនកំពុងមានឱកាសទទួលបានការសិក្សានៅតាមសាលារៀន កុមារី សំ ភី អាយុ ៩ឆ្នាំ បែរជាត្រូវលើកដៃសុំលុយគេតាមដងផ្លូវដើម្បីចិញ្ចឹមជីវិតទៅវិញ ទោះបីជាបេះដូងរបស់ប្អូនចង់ទៅរៀនសូត្រដូចកុមារដទៃយ៉ាងណាក៏ដោយ។

សំ ភី គ្រាន់តែជាកុមារីម្នាក់ក្នុងចំណោមកុមារតូចៗជាច្រើនទៀត ដើរសុំទាននៅតាមទីសាធារណៈក្នុងរាជធានីភ្នំពេញ។ រូបភាពទាំងនេះបានបង្កើតជាមន្ទិល និងចម្ងល់នៅក្នុងចិត្តរបស់អ្នកមានបំណងចង់ធ្វើបុណ្យដាក់ទានថា «តើការផ្តល់លុយឱ្យពួកគេ ជាការជួយសង្គ្រោះ ឬជាការធ្វើបាប?»។

កុមារី សំ ភី ដែលបានបោះបង់ការសិក្សាត្រឹមថ្នាក់ទី២ បានរៀបរាប់ថា ប្អូនមិនចង់ដើរសុំទានគេឡើយ ហើយក៏ចង់ទៅរៀនដូចក្មេងដទៃដែរ ប៉ុន្តែប្អូនគ្មានជម្រើសឡើយ ដោយសារត្រូវរកលុយមកជួយសម្រាលជីវភាពគ្រួសារ។ កុមារីរូបនេះបន្ថែមថា នាងធ្លាប់បានចូលរៀននៅសាលាអង្គការមួយក្នុងរាជធានីភ្នំពេញ ប៉ុន្តែត្រូវបង្ខំចិត្តឈប់រៀនវិញ ដោយសារអង្គការនោះជួយឧបត្ថម្ភបានត្រឹមតែប្អូនស្រីរបស់នាងម្នាក់ប៉ុណ្ណោះ ខណៈរូបនាង និងគ្រួសារគ្មាននរណាម្នាក់ជួយរកប្រាក់ចំណូលឡើយ។

សំ ភី បានបន្តទាំងក្ដុកក្ដួលថា កាលនៅមានឱកាសទៅរៀន ទោះជាបានទៅមែន ប៉ុន្តែនាងមិនសប្បាយចិត្តឡើយ ដោយសារឪពុកម្ដាយតែងសម្ដែងការមិនពេញចិត្ត និងមើលមុខនាងពេលទៅសាលា ហើយពេលខ្លះទៀតត្រូវលោកគ្រូអ្នកគ្រូស្ដីបន្ទោសបន្ថែមទៀត ទើបនាងសម្រេចចិត្តឈប់រៀនតែម្ដង។

នៅក្នុងរាជធានីភ្នំពេញ រូបភាពនៃការសុំទានមានច្រើនទម្រង់ ខុសៗគ្នា។ កុមារខ្លះដើរលក់ផ្កា ឬកម្រងផ្កា តាមស្តុបចរាចរណ៍ និងតាមភោជនីយដ្ឋាន កុមារខ្លះកាន់អំបោស ស្លាបមាន់ ឬក្រណាត់ដើរជូតឡានឱ្យគេជាដើម។ ពួកគេខ្លះដើរជាក្រុម ខ្លះដើរជាមួយឪពុកម្ដាយ ហើយខ្លះទៀតដើរតែម្នាក់ឯង។

កុមារា រតនា អាយុ ៨ឆ្នាំ ដែលតែងតែដើរសុំលុយអ្នកដំណើរនៅម្ដុំរង្វង់មូលក្រុងតាខ្មៅ ខេត្តកណ្ដាល បានឱ្យដឹងថា គ្រួសាររបស់ប្អូនមានបងប្អូនរហូតដល់ ៥នាក់ ហើយគ្មាននរណាម្នាក់អាចរកស៊ីចិញ្ចឹមគ្រួសារបានឡើយ។ កុមាររូបនេះបញ្ជាក់ថា ខ្លួនបានដើរសុំទានជាមួយមិត្តភក្តិ ៤នាក់ ហើយតែងតែចែកលុយគ្នានៅចុងភ្នំពេញ ដែលក្នុងមួយថ្ងៃប្អូនអាចរកបានចន្លោះពី ២០,០០០ ដល់ ៣០,០០០រៀល។

ដោយឡែក កុមារី មិថុនា អាយុ ៦ឆ្នាំ វិញ បានឱ្យដឹងថា ក្នុងមួយថ្ងៃនាងអាចសុំលុយបានប្រមាណ ២០,០00រៀល ដោយដើរសុំតាមផ្លូវចាប់តាំងពីផ្ទះមកជាមួយបងស្រី។ ប្អូនស្រីបានឱ្យដឹងទៀតថា នាងដើរសុំទានតែមួយពេលប៉ុណ្ណោះ ឯមួយពេលទៀតគឺត្រូវទុកពេលទៅរៀនសូត្រ។

លោក ហង្ស សីហា ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បានសម្ដែងការក្ដុកក្ដួលថា ការឃើញក្មេងៗដើរសុំទានពាសវាលពាសកាលបែបនេះ គឺជាទិដ្ឋភាពគួរឱ្យអាណោចអធមណាស់ ប៉ុន្តែលោកក៏មិនដឹងជាត្រូវជួយយ៉ាងណាដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានថ្លែងប្រាប់ ថា ការផ្តល់ថវិកាឱ្យកុមារតាមចិញ្ចើមផ្លូវ គឺជាផ្នែកមួយដែលជាប់ពាក់ព័ន្ធនឹងពលកម្មកុមារ ដោយសារកុមារខ្លះត្រូវបានជនខិលខូច ឬអាណាព្យាបាលបញ្ជូនមកដើរសុំទាននៅតាមទីក្រុង និងទីសាធារណៈ។ លោកបន្តថា នៅពេលដែលយើងបន្តផ្តល់លុយកាក់បែបនេះ ពលកម្មកុមារនឹងកាន់តែកើនឡើងបន្ថែមទៀត។

លោក យង់ គឹមអេង បានបន្ថែមថា៖ «ពួកគាត់អត់បានទៅរៀនសូត្រ ពួកគាត់ត្រូវបានគាបសង្កត់ និងធ្វើទុក្ខបុកម្នេញដើម្បីឱ្យមកសុំទានតាមដងផ្លូវ។ យើងឃើញហើយ រាល់ថ្ងៃនេះពេលខ្លះមានឪពុកម្ដាយអង្គុយចាំសង្កេតមើលកូនៗដើរសុំលុយ ប្រសិនបើក្មេងទាំងនោះមិនប្រឹងសុំទេ ពួកគេនឹងត្រូវគំរាមកំហែង។ ជុំវិញបញ្ហានេះ យើងមិនមានឱ្យមានឡើយ ហើយអ្នកធ្វើដំណើរទាំងអស់ក៏គួរតែពិចារណាដែរ។ ការអាណិតអាសូរជារឿងមួយ ប៉ុន្តែកុំឱ្យការអាណិតនោះប្រែជាពលកម្មកុមារ ដែលជះឥទ្ធិពលអាក្រក់ដល់អនាគតរបស់ពួកគេ»។

 

Daily Program

Livesteam thumbnail
khmer popup image