ឥទ្ធិពលនៃវប្បធម៌ និងភាសាចិន នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន
នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន គ្រួសារដែលមានខ្សែស្រឡាយកាត់ចិន ឬប្រជាពលរដ្ឋខ្មែរដើមកំណើតចិន ហាក់មានចំនួនកើនឡើងជាលំដាប់។ ការរស់នៅតាមបែបបទវប្បធម៌ចិនបាន និងកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំង ខណៈដែលការសិក្សាភាសាចិនរបស់កុមារ និងយុវជនខ្មែរជំនាន់ក្រោយក៏មានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ តើការហូរចូល និងការរីកសាយភាយនៃវប្បធម៌ និងភាសាចិនក្នុងសង្គមខ្មែរ ផ្តល់ផលវិជ្ជមាន និងអវិជ្ជមានយ៉ាងណាខ្លះ?
ក្រៅពីពិធីបុណ្យចូលឆ្នាំចិន និងពិធីសែនព្រះខែ ការរៀបអាពាហ៍ពិពាហ៍ ព្រមទាំងពិធីសាសនាផ្សេងៗតាមបែបចិន ត្រូវបានប្រជាជនកម្ពុជាទូទៅទទួលយក និងប្រារព្ធធ្វើឡើងយ៉ាងអធិកអធម។ លោក ញ៉ែប សុផល ហៅ វង្ស ម៉េង សមាជិកត្រកូលអ៊ឹង និងជាប្រធានក្រុមម៉ុងសាយទី១ នៅរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យត្រូវបានដួលរលំ គ្រួសាររបស់លោកបានបង្កើតក្រុមម៉ុងសាយឡើងវិញភ្លាមៗ។
ការបង្កើតក្រុមម៉ុងសាយឡើងវិញនៅឆ្នាំ១៩៩៣ តាមបែបប្រពៃណីក្នុងរាជធានីភ្នំពេញ មិនមែនជារឿងថ្មីថ្មោងសម្រាប់ត្រកូលរបស់លោកឡើយ ព្រោះដូនតារបស់លោកបានមករស់នៅលើទឹកដីកម្ពុជាចំនួន ៦ ជំនាន់មកហើយ។ លោកបានបញ្ជាក់ទៀតថា មួយថ្ងៃៗកាន់តែជឿនលឿនទៅ គេក៏ហៅក្រុមម៉ុងសាយទៅសម្តែងកាន់តែច្រើន ទាំងពិធីសម្ពោធ និងកម្មវិធីផ្សេងៗ ព្រោះបច្ចុប្បន្នជនជាតិចិនចូលមកវិនិយោគច្រើនលើគ្រប់វិស័យ ទាំងកសិកម្ម និងការសាងសង់ជាដើម។
តាមការអង្កេតផ្ទាល់របស់លោក ញ៉ែប សុផល ការដែលវប្បធម៌ខ្មែរ និងចិនងាយស្រួលចុះសម្រុងគ្នា គឺដោយសារប្រទេសទាំងពីរមានប្រវត្តិទំនាក់ទំនងជាមួយគ្នាយ៉ាងយូរលង់។ បន្ថែមលើនេះ ពិធីបុណ្យប្រពៃណីចិនមួយចំនួន មានលក្ខណៈប្រហាក់ប្រហែលគ្នានឹងពិធីបុណ្យប្រពៃណីខ្មែរ ដែលធ្វើឱ្យប្រជាជនខ្មែរងាយយល់ និងងាយសម្របខ្លួនតាម។ លោកបានបន្ថែមថា ប្រពៃណីខ្មែរ និងចិនមានចំណុចដូចគ្នាជាច្រើន ដូចជាចិនមានបុណ្យអុំទូក ឯខ្មែរមានពិធីភ្ជុំបិណ្ឌសែនផ្នូរដូនតា គ្រាន់តែខុសថ្ងៃខែគ្នាប៉ុណ្ណោះ។
ទន្ទឹមនឹងការរីកសាយភាយនៃវប្បធម៌ ចំនួនសាលារៀនភាសាចិននៅកម្ពុជាក៏បានកើនឡើងយ៉ាងកំហុកផងដែរ។ សម្រាប់កុមារ និងយុវជនកម្ពុជា ការរៀនភាសាចិនគឺជាទ្វារបើកចំហទៅកាន់ឱកាសការងារ និងប្រាក់ចំណូល។ ប្អូនស្រី ហួយ មីង សិស្សសិក្សាភាសាចិននៅសាលាមួយក្បែរផ្សារអូឡាំពិក បានរៀបរាប់ថា ម្តាយរបស់ប្អូនបានលើកទឹកចិត្តឱ្យរៀនភាសាចិន ព្រោះងាយស្រួលរកការងារធ្វើ មានឱកាសការងារច្រើន ហើយថែមទាំងអាចធ្វើដំណើរទៅស្រុកចិនជាមួយឪពុកដើម្បីទិញទំនិញមកលក់បានទៀតផង។ ចំណែកឯកុមារា លឹម សុខសំណាង ដែលមានម្តាយកាត់ចិន បានរៀបរាប់ដោយក្តីសង្ឃឹមថា ការរៀនភាសាចិនជួយឱ្យរូបគេមានអនាគតល្អ ហើយគេសម្រេចចិត្តរៀនចិនដើម្បីអាចធ្វើជាអ្នកបកប្រែនៅពេលធំឡើង។ ដោយឡែក លោក លី ឆាយ អតីតសិស្សភាសាចិនម្នាក់ទៀត បានចែករំលែកថា ភាសានិងអក្សរចិនគឺត្រូវចាំរូបរាងអក្សរ ខណៈភាសាខ្មែររៀនតាមការប្រកប ប៉ុន្តែបើចេះភាសាចិន គឺអាចរកប្រាក់ខែបានច្រើនជាងប្រជាជនដែលមិនចេះភាសាចិន។
ទោះបីជាការចេះភាសាបរទេស ជាពិសេសភាសាចិន ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញយុវជនឱ្យទទួលបានឱកាសល្អក្នុងឆាកជីវិតក៏ដោយ ប៉ុន្តែអ្នកជំនាញ និងសាស្ត្រាចារ្យមួយចំនួនបានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់លើអក្សរសាស្ត្រ និងអត្តសញ្ញាណជាតិខ្មែរ។ លោកសាស្ត្រាចារ្យ សួន សុភា មន្ត្រីបម្រើការងារនៅវិទ្យាសា្ថនទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ប្រសិនបើយើងមិនបានរៀនសូត្រភាសាខ្មែរឱ្យបានជ្រាលជ្រៅទេ ថ្ងៃមុខយើងមុខជាបាត់បង់អត្តសញ្ញាណជាតិជាមិនខាន ព្រោះភាសាជាតិគឺជាតំណាងឱ្យព្រលឹង និងអត្តសញ្ញាណខ្មែរ។ បច្ចុប្បន្ន កូនខ្មែរមួយចំនួនមិនសូវចាប់អារម្មណ៍ ឬមិនពេញនិយមអក្សរសាស្ត្រជាតិខ្លួនឡើយ ដែលជារឿងគួរឱ្យសោកស្តាយ ព្រោះបើមិនប្រុងប្រយ័ត្នទេ កូនខ្មែរភាគច្រើននឹងបាត់បង់ស្មារតីស្នេហាជាតិ និងវប្បធម៌ ហើយក្លាយទៅជាកូនកាត់ ឬបាត់បង់ប្រភពដើម។
ទោះជាយ៉ាងណាក៏ដោយ លោក ញ៉ែប សុផល បានមើលឃើញក្នុងកម្រិតវិជ្ជមានវិញថា ប្រសិនបើផ្តោតលើទិដ្ឋភាពវប្បធម៌ និងប្រពៃណី ការដែលកូនខ្មែរកាន់ប្រពៃណីខ្មែរផង និងចិនផង វាមិនបានផ្តល់ផលប៉ះពាល់អ្វីធ្ងន់ធ្ងរនោះទេ។ សំខាន់គឺការរស់នៅដោយមានសាមគ្គីភាព ការយោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ដើម្បីឆ្ពោះទៅរកភាពរីកចម្រើនទាំងអស់គ្នា។ លោកបានបន្ថែមថា វាជារឿងធម្មតានៃការផ្លាស់ប្តូរវប្បធម៌គ្នា វាមិនមែនជាការថយក្រោយទេ គឺកាន់តែជឿនលឿនទៅមុខ ហើយការធ្វើពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌គ្នានៅ ១០ ឬ ២០ ឆ្នាំខាងមុខទៀត នឹងកាន់តែធ្វើឱ្យប្រទេសយើងរុងរឿង និងខ្លាំងក្លាមែនទែន។
ទំនាក់ទំនងរវាងខ្មែរ និងចិន មិនមែនជារឿងថ្មីថ្មោងនោះឡើយ។ កំណត់ត្រាប្រវត្តិសាស្ត្រជាច្រើនបានបង្ហាញយ៉ាងច្បាស់ពីទំនាក់ទំនងការទូត និងពាណិជ្ជកម្មរវាងប្រជាជាតិទាំងពីរតាំងពីសម័យបុរាណ។ ជាក់ស្តែង ក្នុងរជ្ជកាលសន្តតិវង្សម៉ុងហ្គោល បេសកជនចិនលោក ជីវ តាក្វាន់ បានធ្វើដំណើរមកដល់អាណាចក្រខ្មែរ និងបានកត់ត្រាយ៉ាងលម្អិតអំពីប្រពៃណី ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់អ្នកស្រុក «ចេនឡា» ដែលជាឈ្មោះចិនហៅអាណាចក្រខ្មែរ រក្សាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ខ្លួន។
ឈានមកដល់យុគសម័យទំនើប នៅក្នុងបរិបទដែលកម្ពុជា និងចិនបានកសាង «ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ រឹតតែមានភាពជិតស្និទ្ធ និងចុះសម្រុងគ្នាយ៉ាងខ្លាំង។
