អាស្គៀ ម៉ូហាម៉េដ ទី១ ពង្រឹងចក្រភពធំធេងបំផុតនៅអាហ្វ្រិកខាងលិច

ព្រះរាជាអាស្គៀ ម៉ូហាម៉េដ ទី១ ប្រសូតនៅឆ្នាំ ១៤៤៣ និងសោយទីវង្គត់នៅឆ្នាំ១៥៣៨។ ព្រះ អង្គគឺជាស្តេចទី១ នៃរាជវង្សអាស្គៀ នៃចក្រភពសុងហ្គៃ នៅអាហ្វ្រិកខាងលិច ដែលសព្វថ្ងៃ គឺ ជាប្រទេសម៉ាលី នីហ្ស៉េ និងនីហ្សេរីយ៉ា។
ព្រះរាជាអាស្គៀ ម៉ូហាម៉េដ ទី១ បានពង្រឹងចក្រភពរបស់ព្រះអង្គ និងធ្វើឲ្យក្លាយជាចក្រភព ដ៏ ធំបំផុតនៃប្រវត្តិសាស្រ្តអាហ្វ្រិកខាងលិច។ នៅក្នុងយុគសម័យរុងរឿងដល់កំពូល ចក្រភព សុងហ្គៃ គ្របដណ្តប់រដ្ឋនានានៃប្រជាជនអាអ៊ូសាអាហ្វ្រិកខាងលិច រហូតដល់តំបន់ កាណូ ដែលសព្វថ្ងៃស្ថិតនៅភាគខាងជើងប្រទេសនីហ្ស៉េរីយ៉ា។
នយោបាយរបស់ព្រះរាជាអាស្គៀ ម៉ូហាម៉េដ ទី១ គឺបង្កើតបានជាការរីកចម្រើនយ៉ាងរហ័សនៃ ពាណិជ្ជកម្មជាមួយអឺរ៉ុប និងអាស៊ី។ ព្រះអង្គបានបង្កើតនូវសាលារៀនជាច្រើន និងគ្រឹះស្ថានឥស្លាមដែលជាផ្នែកនៃការធ្វើសមាហរណកម្មចក្រភព។
នៅពេលឡើងកាន់អំណាចនៅឆ្នាំ១៤៩៣ ព្រះរាជាអាស្គៀ ម៉ូហាម៉េដ ទី១ ចាប់ផ្តើមធ្វើឲ្យអំណាចព្រះអង្គស្របច្បាប់តាមរយៈសកម្មភាពជានិមិត្តរូប និងនយោបាយខ្លាំងក្លា។ សេចក្តីសម្រេចចិត្តមួយក្នុងចំណោមសេចក្តីសម្រេចចិត្តដំបូងៗ គឺការស្តារនីតិសម្បទារឡើងវិញនូវទេវវិទូឥស្លាមពីទីក្រុងទុមប៊ូកទូ។ ការផ្សះផ្សារជាមួយវណ្ណៈអ្នកប្រាជ្ញឥស្លាម ត្រូវបានយល់ឃើញថា ជាកាយវិការចាក់គ្រឹះសម្រាប់របបដឹកនាំរបស់ព្រះអង្គ ដែលសំដៅស្តារឡើងវិញនូវសណ្តាប់ធ្នាប់សាសនាឥស្លាម និងចាក់មូលដ្ឋានគ្រឹះដល់ភាពត្រឹមត្រូវតាមច្បាប់សាសនា។
ព្រះរាជាអាស្គៀ ម៉ូហាម៉េដ ទី១ បានរៀបចំឡើងវិញនូវចក្រភពសុងហ្គៃយ៉ាងស៊ីជម្រៅ។ ព្រះអង្គបានស្ថាបនាប្រព័ន្ធយុត្តិធម៌ផ្អែកច្បាប់ឥស្លាម ចារីយ៉ា (charia) និងអញ្ជើញអ្នកប្រាជ្ញឥស្លាមពីទ្វីបអាហ្វ្រិកខាងជើង និងស្ថាបនាឥស្លាមជាសាសនាផ្លូវការសម្រាប់វណ្ណៈគហបតី។ ព្រះរាជាអាស្គៀ ម៉ូហាម៉េដ ទី១ ក៏បានបែងចែកចក្រភពជាខេត្តៗ ដោយមានអភិបាលគ្រប់គ្រងមជ្ឈិម។ ព្រះអង្គបង្កើតក្រសួងរាជការជាបន្តបន្ទាប់ រួមមានក្រសួងហិរញ្ញវត្ថុ តុលាការ មហាផ្ទៃ ពិធីការ កសិកម្ម ទឹក និងព្រៃឈើ និងក្រសួងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងកុលសម្ព័ន្ធនៃសាសន៍ស្បែកស។ ហើយគ្រប់តំណែងសំខាន់ៗនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់សាច់ញាតិព្រះអង្គ។ ហ្គាអូ គឺជារាជធានីរបស់ចក្រភពសុងហ្គៃ ហើយទុមប៊ូកទូ គឺជាទីក្រុងទី២ នៃចក្រភព ។
ព្រះរាជាអាស្គៀ ម៉ូហាម៉េដ ទី១ បានបង្កើតនូវទាហានអាជីប លែងជាទាហានរាត់រាយ។ ទាហានទាំងឡាយដែលត្រូវបានចាត់ទុកជាទាសករនៃចក្រភពសុងហ្គៃផង ជូនកាលអាចនឹងត្រូវបានបញ្ជូនឲ្យទៅបំពេញបេសកកម្មរយៈចម្ងាយឆ្ងាយពីដងទន្លេនីហ្ស៉េផងដែរ។
នៅក្រោមរាជ្យរបស់ព្រះអង្គ ចក្រភពសុងហ្គៃ បានប្រកាន់យករចនាសម្ព័ន្ធនយោបាយទាំងមជ្ឈការ និងតាមឋានានុក្រម ដែលសំដៅពង្រឹងអំណាច និងទាំងអស់ត្រូវដើរឲ្យស្របនឹងបទដ្ឋានឥស្លាមចក្រពត្តិ។ ព្រះរាជាអាស្គៀ ម៉ូហាម៉េដ ទី១ ត្រូវបានតម្លើងឋានៈជាមេបញ្ជាការនៃអ្នកមានជំនឿ។ នេះគឺជាឋានៈដែលយកតាមប្រពៃណី កាលីហ្វ៉ាឥស្លាម និងផ្តល់សញ្ញាឆន្ទៈដាក់ ចក្រភពសុងហ្គៃនៅក្នុងមណ្ឌលកណ្តាលនៃពិភពឥស្លាម។ រឿងនេះក៏បានប្រជែងជានិមិត្តរូបជាមួយនឹងមហាអំណាចឥស្លាមដទៃទៀតនៅក្នុងតំបន់ ដូចជារាជាណាចក្រ សាអាឌៀន នៅម៉ារុកជាដើម។
ព្រះរាជាអាស្គៀ ម៉ូហាម៉េដ ទី១ លើកទឹកចិត្តឲ្យប្រជាជនសិក្សា រៀនអក្សរ។ ព្រះអង្គពង្រីកសកលវិទ្យាល័យសុងហ្គៃ ដែលបានអបរំដល់អ្នកប្រាជ្ញបណ្ឌិតក្នុងវិស័យផ្សេងៗគ្នា ហើយដែលពួកគេបាននិពន្ធស្នាដៃ និងសៀវភៅជាច្រើន។
សព្វថ្ងៃនេះផ្នូររបស់ព្រះរាជាអាស្គៀ ម៉ូហាម៉េដ ទី១ ក៏ត្រូវបានចាត់ថ្នាក់ជាបេតិកភណ្ឌពិភពលោកសម្រាប់មនុស្សជាតិប្រចាំនៅអង្គការ UNESCO ផងដែរ។
Daily Program
