អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង អង្គការណាតូ អង្គការយោធារួមនៃប្រទេស​សមាជិក

អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង គឺជាអង្គការនយោបាយយោធា​ដែលដាក់ឲ្យដំណើរ​ការ​ដោយប្រទេសហត្ថលេខីនៃសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដើម្បីអាចបំពេញកាតព្វកិច្ចការពារ និង​សន្តិសុខរួមនៃប្រទេសជាសមាជិក។

អត្ថបទច្បាប់នៃសន្ធិសញ្ញា ត្រូវបានចុះហត្ថលេខា​នៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៤៩ រៀបចំឡើង​ដោយក្រុមប្រឹក្សាអាត្លង់ទិកខាងជើង (CAN) ដែលដាក់ឲ្យដំណើរការនូវសម្ព័ន្ធមិត្តយោធា​ការពារ​​ប្រឆាំងនឹងរាល់ការវាយប្រហារប្រដាប់អាវុធ​ប្រឆាំងនឹងសមាជិកណាមួយ នៅអឺរ៉ុប អាម៉េរិក​ខាងជើង ឬនៅក្នុងតំបន់អាត្លង់ទិកខាងជើង ឬនៅខាងលើខ្សែស្រប 23°26។

ការប៉ះទង្គិចដែលបង្កឡើងដោយការផ្ទុះសង្រ្គាមកូរ៉េនាំឲ្យក្រុមប្រឹក្សាអាត្លង់ទិកខាងជើង CAN សម្រេចចិត្តបង្កើតអង្គការយោធា ចាប់តាំង​ពីដំណាច់​ឆ្នាំ​១៩៥០ ដែលត្រូវបានគេស្គាល់ថា ជា​អង្គការ​ណាតូ និងត្រូវធានាឲ្យមាន​នូវសមត្ថភាពយោធាផង។

សម្ព័ន្ធមិត្តនេះកើតមានឡើង​នៅក្នុងបរិបទ​ទូទៅចាប់តាំងពីការចាប់ផ្តើមនូវសង្រ្គាមត្រជាក់ និងកាន់តែពិសេសទៀត គឺនៅពេលការដាក់ចែកខណ្ឌនៅទីក្រុងប៊ែរឡាំងដែលធ្វើឡើងដោយ​សហភាពសូវៀត។ យោងតាមសេចក្តីពន្យល់អំពីមូលហេតុ សម្ព័ន្ធមិត្តមានគោលបំណងដើម​គឺ​ធានាសន្តិសុខ​អឺរ៉ុប​ខាងលិច​ដោយបង្កើតការភ្ជាប់យ៉ាងខ្លាំងជាមួយសហរដ្ឋអាម៉េរិក ដែលជា​មធ្យោបាយ​​តែមួយ​ក្នុងកែវភ្នែកជនជាតិអឺរ៉ុបគឺដើម្បីការពារខ្លួនពីរាល់ការប៉ុងប៉ងពង្រីកអំណាច​របស់​សហភាព​សូវៀត បន្ទាប់ពីសង្រ្គាមលោកលើកទី២។ យោងតាមពាក្យសំដីរបស់​អគ្គ​លេខា​ដំបូង នៃអង្គការណាតូ លោកឡដ អ៊ីស្មៃ បានឲ្យបញ្ជាក់ថា តួនាទីរបស់អង្គការណាតូ រួម​បញ្ចូល​​ការផាត់រុស្ស៊ីចេញឲ្យនៅខាងក្រៅ អាម៉េរិកឲ្យនៅខាងក្នុង និងអាឡឺម៉ង់ឲ្យនៅស្ថិត​ក្រោម​ការត្រួតត្រា។   ចាប់តាំងពីការបង្កើតវាឡើង គូប្រជែងដែលអង្គការណាតូកំណត់​ គឺ​សហភាព​​សូរៀត ដែលបានបង្កើតរួចហើយដែរ នូវអង្គការកតិកាសញ្ញាវ៉ាសូវី នៅឆ្នាំ១៩៥៥។ អង្គការណាតូត្រូវបានរៀបចំឡើង​ដើម្បីប្រឈមនឹងការគំរាមកំហែងនេះ​តាម​រយៈ​ការកំណត់​និយម​ន័យទស្សនទានយុទ្ធសាស្រ្ត​ដែលប៉ះជាពិសេសលើបញ្ហានានាទាក់ទង​នឹងអាវុធ​នុយក្លេអ៊ែរ និងតាមរយៈការរៀបចំផែនការ​ដែលមានការសម្របសម្រួលរវាង​សមាជិក​​ទាំង​អស់​ដោយ​មធ្យោ​បាយយោធារបស់ពួកគេ និងដោយតាមរយៈបញ្ជាការ​ដែលបាន​ធ្វើ​សមាហរ​ណ​កម្ម ដែលមានអង្គភាព SHAPE ដែលជាទីបញ្ជាការកំពូលនៃ​អង្គការណាតូ។

ចាប់តាំងពីការរលាយរបស់សហភាពសូវៀត​ និងការបញ្ចប់សង្រ្គាម​ត្រជាក់​នៅឆ្នាំ១៩៩១ សម្ព័ន្ធមិត្តអាត្លង់ទិកបានបន្តស្ថិតនៅ ទោះបីជាមូលហេតុដើមសំខាន់បំផុតក្នុងការបង្កើតវា បាន​បាត់បង់ទៅហើយក៏ដោយ។

សារសំខាន់របស់អង្គការណាតូ បានបង្ហាញឡើងវិញសាជាថ្មី​នៅឆ្នាំ២០២២ ដោយហេតុផល​នៃ​​ការឈ្លានពានអ៊ុយក្រែនដោយរុស្ស៊ី។ ដោយបញ្ចៀសការរាល់ការប្រឈមផ្ទាល់ជាមួយរុស្ស៊ី សម្ព័ន្ធមិត្តណាតូ គាំទ្រអ៊ុយក្រែនផ្នែកការទូត និងសម្ភារៈ តាមរយៈការផ្គត់ផ្គង់អាវុធដែលកាន់​តែ​មានសមត្ថភាព​ខ្លាំងឡើងៗ ព្រមទាំងសេវាចារកម្មផងដែរ។ ហើយដោយការប្រតិកម្ម​នឹង​ការ​ឈ្លានពាននេះដែរ ប្រទេសហ្វាំងឡង់ និងស៊ុយអែត ក៏បានចូលជាសមាជិកនៃអង្គការ​យោធា​រួមណាតូនេះផងដែរ នៅខែមេសា ឆ្នាំ២០២៣ និងខែ​មីនា ឆ្នាំ២០២៤។ ប្រទេសទាំងពីរ​បាន​​បញ្ចប់​​លក្ខន្តិកៈជាប្រទេសអព្យាក្រិត្យជាប្រវត្តិសាស្រ្តរបស់​ខ្លួនផងដែរ។

តាំងពីឆ្នាំ១៩៦៦ ទីស្នាក់ការកណ្តាលរបស់អង្គការណាតូ ស្ថិតនៅសង្កាត់ប៊្រុចសែលដឺហារ៉េន ប្រទេសបែលហ្សិក។ ចំណែក​ទីបញ្ជាការដ្ឋានយោធាសំខាន់ របស់អង្គការណាតូ SHAPE បច្ចុប្បន្ន​ស្ថិតនៅ​ខណ្ឌ​មែស៊ីយ៉ែរ៍ (Maisières) ប្រទេសបែលហ្សិកដែរ។

Daily Program

Livesteam thumbnail