ឡេ ឡ័យ ព្រះរាជាវៀតណាម ដេញម៊ីង ស្តារប្រទេស

ព្រះរាជាឡេ ឡ័យ ដែលត្រូវស្គាល់ក្នុងនាមនៃរាជ្យ ជាអធិរាជ ឡេ តៃថូ ប្រសូតនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៣៨៥ នៅក្នុងខេត្តថាន ហូ រាជណាចក្រដាយវៀត។ ជាស្ថានិកនៃរាជ្យវង្សឡេ ពីឆ្នាំ ១៤២៨-១៥២៤ ព្រះអង្គសោយរាជ្យលើរាជាណាចក្រដាយវៀត ពីឆ្នាំ១៤២៨-១៤៣៣។
ព្រះរាជាឡេ ឡ័យ គឺជាវរបុរសជាតិរបស់ប្រទេសវៀតណាមសម្រាប់សកម្មភាពប្រយុទ្ធដើម្បីវាយរុញច្រានអ្នកឈ្លានពានចិន និងរាជ្យកិច្ចរបស់ព្រះអង្គក្នុងការស្ថាបនាប្រទេសឡើងវិញ។
ព្រះរាជាឡេ ឡ័យ ក៏ត្រូវបានស្គាល់ក្នុងនាមជាវរជននៃរឿងទិទានអំពី ដាវអំណាចនៃបឹង ហូ ហ័នគៀម នៅរាជធានីហាណយ។ គឺដោយសាររឿងនិទាននេះហើយ ដែលជាប្រភពនៃភាពខ្លាំងពុះពាររបស់ប្រជាជនវៀតណាម។
រឿងរ៉ាវអំពីជីវិតរបស់ព្រះរាជាឡេ ឡ័យ មានជាអាទិ៍ក្នុងកំណត់ហេតុនៃការចងចាំ ដែលលើកឡើងអំពីភាពអស្ចារ្យរបស់ព្រះអង្គ។ ព្រះរាជាឡេ ឡ័យ កើតនៅក្នុងគ្រួសារគហបតី នៅភាគខាងជើងប្រទេសវៀតណាម។ ព្រះអង្គគឺជាកូនពៅក្នុងចំណោមបងប្អូន ៣នាក់ ពីឪពុកជាជនវណ្ណៈខ្ពស់។ គេបានបង្ហាញអំពីយុវភាពរបស់ព្រះអង្គដែលមានប្រាជ្ញាយ៉ាងក្លៀវក្លា និងភាពថ្លៃថ្នូរផ្ទាល់ខ្លួន។
នៅក្នុងអំឡុងយុគសម័យវិបត្តិនៅក្នុងប្រវត្តិសាស្រ្តវៀតណាម ដែលរាជ្យវង្សហូ នៅឆ្នាំ១៤០០ បានផ្តួលរំលំដោយរាជ្យវង្សត្រាន រួចក្រោយមកបានធ្វើកំណែទម្រង់ប្រទេស។ រាជ្យវង្សហូបានគ្រប់គ្រងវៀតណាមក្នុងមួយរយៈពេលខ្លី។ នៅក្រោមការគ្រប់គ្រងរបស់អធិរាជចិន យុងឡេ ពីឆ្នាំ១៤០២-១៤២៤ រាជ្យវង្សម៊ីងនៃប្រទេសចិន ដែលជាមហាអំណាច និងបានគ្រប់គ្រងប្រទេសដាយវៀតចាប់តាំងពីឆ្នាំ១៤០៧ បានព្យាយាមទិញទឹកចិត្តយុវជនឡេ ឡ័យ ដោយផ្តល់តំណែងជាមន្រ្តីរាជការជាន់ខ្ពស់ចិន ប៉ុន្តែឡេ ឡ័យបដិសេធសំណើរនេះដោយទឹកចិត្តស្នេហាជាតិ។
នៅឆ្នាំ១៤១៨ ព្រះអង្គឡេ ឡ័យ បានចាប់ផ្តើមប្រមូលផ្តុំជុំវិញព្រះអង្គនូវអ្នកប្រឆាំងនឹងការគ្រប់គ្រងរបស់ចិន និងចាប់ផ្តើមធ្វើការបះបោរ។ មន្រ្តីងូយៀន ត្រេ បានចូលរួមនឹងចលនានៅឆ្នាំ១៤២០ ដែលក្រោយមកបានក្លាយជាទីប្រឹក្សាយោធា និងនយោបាយ។ ក្រោយមក ឡេ ឡ័យ បានប្រកាសខ្លួនជាស្តេច ក្រោមនាម ប៊ីន ឌីន វួង ដែលមានន័យថា ក្សត្រនៃរាជាណាចក្រសន្តិភាព។ ប៉ុន្តែនៅឆ្នាំ១៤២៤ ព្រះរាជាឡេ ឡ័យ ត្រូវបានបង្ខំឲ្យចរចាលើបទនៃការឈប់ប្រយុទ្ធជាមួយជនជាតិម៊ីង។
ពីរឆ្នាំក្រោយមក ព្រះរាជាឡេ ឡ័យ បានកាន់អាវុធជាថ្មី។ ព្រះអង្គដណ្តើមបានក្រុងតៃដូ បន្ទាប់មករាជធានី ដុងគ័ន សព្វថ្ងៃ គឺហាណយ។ នៅឆ្នាំ១៤២៨ ព្រះអង្គបណ្តេញជនជាតិចិនចុងក្រោយពីប្រទេស និងប្រកាសខ្លួនជាអធិរាជ ឡេ តៃថូ ដែលជាការស្ថាបនារាជវង្សឡេរបស់ប្រទេសវៀតណាម។ ព្រះរាជាឡេ ឡ័យ ប្រែក្លាយក្រុង តៃដូ ជារាជធានីខាងលិច និងថាន ឡុង ដែលក្រោយមកលោកខាងលិចដាក់ឈ្មោះថា តុនគីន គឺស្ថិតនៅជារាជធានីខាងកើត។ ព្រះរាជាឡេ ឡ័យ បូជារាជ្យរបស់ព្រះអង្គក្នុងការស្ថាបនាប្រទេសឡើងវិញ។
នៅពេលព្រះអង្គសោយទីវង្គត់នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៤៣៣។ បុត្ររបស់ព្រះអង្គ ឡេ ថៃ តុង បានស្នងបន្ត។
បើយោងតាមរឿងនិទាន ឡេ ឡ័យ នៅពេលចាប់ផ្តើមនៃការប្រយុទ្ធ បានទទួលដាវមួយពីអ្នកនេសាទម្នាក់ដែលស្រង់ចេញពីបឹង។ ១០ឆ្នាំ ក្រោយមក បន្ទាប់ពីបានជោគជ័យនៃការបណ្តេញជនជាតិចិន និងធ្វើដំណើរឆ្លងកាត់បឹងនោះ ព្រះអង្គដឹងថា ព្រះអង្គត្រូវបានជ្រើសរើសដោយអណ្តើកមាសឲ្យបំពេញបេសកកម្មជាមួយនិងដាវក្នុងនាមស្តេចនាគ ដែលជាបុព្វបុរសនៃប្រជាជនវៀតណាមតាមទេវកថា។ ដូច្នេះព្រះអង្គយល់ថា ដាវគឺជាការប្រគល់អំណាចបេសសកកម្មពីព្រះអាទិទេពដើម្បីបណ្តេញជនជាតិចិនចេញពីប្រទេស។
Daily Program
