ហ្ស៉ានដាក់វរនារី ដាស់សតិប្រជាជនបារាំងឲ្យមានចិត្តក្លាហានក្នុងសង្រ្គាម ១០០ឆ្នាំ

ហ្ស៉ានដាក់ ឬគេហៅថា តរុណី នាងក្រមុំតូច កើតនៅប្រមាណឆ្នាំ១៤១២ នៅស្រុកដុមរ៉េមី ភូមិឌូស្ហ៉េ ដឺ បា សព្វថ្ងៃស្ថិតនៅស្រុក វ៉ូហ្ស៉េស ខេត្តឡ័ររ៉េន ប្រទេសបារាំង។ ហ្ស៉ានដាក់ ស្លាប់ដោយត្រូវដុតទាំងរស់នៅលើគំនរភ្លើងឆាបឆេះនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៤៣១ នៅស្រុករូអង់ ទីរួមខេត្តឌូស្ហ៉េ ដឺ ណ័រម៉ង់ឌី ដែលនៅពេលនោះ ជាកម្មសិទ្ធរបស់អង់គ្លេស។ ហ្ស៉ានដាក់ គឺជាវរនារីនៃប្រវត្តិសាស្រ្តរបស់បារាំង មេបញ្ជាការសង្រ្គាម និងជាសន្តីនៃព្រះវិហារកាតូលិក ដែលមានមរណនាមថា តរុណី ឌ័ររ៉េអង់។
នៅឆ្នាំ១៤២៩ នាងក្រមុំតូចដែលមានប្រភពជាកសិករបញ្ជាក់ថា នាងទទួលសារពីសន្ត មីស្ហ៉ែល សន្តីម៉ាកហ្គឺរីត ដនត្យូច និងសន្តីកាតឺរីន ដាឡិកហ្ស៉ង់ឌ្រី នូវបេសកកម្មរំដោះប្រទេសបារាំងពីការគ្រប់គ្រងរបស់អង់គ្លេស។ នាងឈានទៅចូលគាល់ ស្តេចបារាំង ស្ហ៉ាល់ទី៧ និងដឹកនាំកងទ័ពបារាំងឲ្យបានទទួលជ័យជម្នះទល់នឹងកងទ័ពអង់គ្លេស រំដោះបន្ទាយ ឌ័រឡេអង់ និងអញ្ជើញព្រះរាជាបារាំងធ្វើពិធីប្រសិទ្ធឡើងសោយរាជ្យនៅស្រុករ៉េម។ កិច្ចការនេះបានចូលរួមចំណែកធ្វើឲ្យមានរបត់នៃសង្រ្គាម ដែលគេហៅថា សង្រ្គាម ១០០ឆ្នាំ រវាងបារាំង និងអង់គ្លេស និងបារាំងចាប់ផ្តើមមានប្រៀបលើអង់គ្លេសវិញ។
ដោយត្រូវបានចាប់ខ្លួនដោយដោយជនជាតិប័រហ្គីញ៉ុង នៅខេត្តកុងព្យែញ នៅឆ្នាំ១៤៣០ ហ្ស៉ានដាក់ ត្រូវបានលក់ទៅឲ្យជនជាតិអង់គ្លេស ដោយស្តេចត្រាញ់ហ្ស៉ង់ ដឺ លុចហ្សំបួរលីញី ក្នុងតម្លៃទឹកប្រាក់ ១០០០០ លីវ្រ៍។ ហ្ស៉ានដាក់ត្រូវបានគេដុតទាំងរស់ នៅឆ្នាំ១៤៣១ ដោយការកាត់ទោសរបស់អង់គ្លេស។
ការផុសឡើងរបស់ហ្ស៉ានដាក់ កើតមានឡើងនៅដំណាក់កាលទី២ នៃសង្រ្គាម ១០០ឆ្នាំ ដែលជាជម្លោះដ៏រ៉ាំរ៉ៃរវាងព្រះរាជាណាចក្រអង់គ្លេស និងបារាំង និងចាក់ឫសស្មុគស្មាញជាមួយនឹងសង្រ្គាមស៊ីវិលចេញពីលទ្ធផលនៃការប្រណាំប្រជែងគ្នានៃព្រះអម្ចាស់មានជាឈាមជាខ្សែរាជ្យវង្សវ៉ាឡ័រ ផ្ទាល់ របស់បារាំង។
ហ្ស៉ានដាក់ មិនបានជះឥទ្ធិពលផ្ទាល់លើដំណាក់កាលចុងក្រោយនៃសង្រ្គាម ដែលបញ្ចប់នៅឆ្នាំ១៤៥៣ ទេ។ ប៉ុន្តែហ្ស៉ានជំរុញឲ្យមានការបង្កើតកាំភ្លើងធំដ៏មានសក្តានុពល ដែលធ្វើឲ្យកងទ័ពបារាំងមានប្រៀបលើអង់គ្លេស។
បើមើលលើភូមិសាស្រ្តនយោបាយនាជំនាន់នោះ រាជាណាចក្របារាំង មិនអាចប្រើប្រាស់ទ្រព្យដែលស្ថិតនៅភាគខាងជើង និងភាគខាងលិចបារាំង ទាំងធនធានមនុស្ស និងសម្ភារៈ។ ចំណែកអង់គ្លេសមានប្រជាជនតិចជាង ប៉ុន្តែអង់គ្លេសអាចទាញយកនូវធនធានទាំងមនុស្ស និងពន្ធដារ ដែលមានទំហំធំជាងច្រើនជាងធនធានរបស់ស្តេចបារាំង ស្ហ៉ាល់ទី៧ ពីដីកម្មសិទ្ធរបស់ខ្លួន បើតាមអង់គ្លេសគិត ឬពីទឹកដីឈ្លានពាន បើគិតតាមបារាំង នៅភាគខាងជើង និងខាងលិចរាជាណាចក្របារាំង។ អង់គ្លេសមិនមានការលំបាកនឹងរើសទ័ព និងគៀងគរថវិការ ដោយសារទឹកដីនេះនេះត្រូវបានគ្រប់គ្រងដោយអង់គ្លេសស្រាប់។
ដោយខ្វះមធ្យោបាយជាច្រើន ស្តេចបារាំងស្ហ៉ាល់ទី៧ ជាមួយនឹងការគាំទ្រពីហ្ស៉ានដាក់ បន្ទាប់មកពីស្តេចត្រាញ់ ហ្គ៉ាស្ប៉ា និងហ្ស៉ង់ បុយរ៉ូ បានប្រកាន់យកយុទ្ធសាស្រ្តយោធាដែលប្រើប្រាស់នៅសម័យនោះ ដូចជា ការលេងល្បែងពន្យាពេលវេលា ជៀសវាងការប្រយុទ្ធទល់មុខ ឬការឡោមព័ទ្ធផ្នែកមួយ ឬផ្នែកទាំងមូលនៃកម្លាំងខ្លាំងរបស់ត្រូវ។ យុទ្ធសាស្រ្តនេះបានបង្ហាញយ៉ាងល្អឥតខ្ចោះនូវប្រសិទ្ធភាពរបស់វាតទល់នឹងអង់គ្លេស។
ចំណែកហ្ស៉ានដាក់ មិនអាចបដិសេធបាន គឺជាអ្នកផ្តល់គំរូប្រែក្លាយឲ្យមានទឹកចិត្តក្លាហានសម្រាប់ប្រជាជនបារាំង ដោយលើកកម្ពស់ឆន្ទៈរបស់កងទ័ព និងប្រជាជន។ ហ្ស៉ានដាក់បានបង្ហាញថា កិត្តិនាមដែលមិនចេះចាញ់របស់អង់គ្លេសគឺក្លែងក្លាយទេ។
Daily Program
