ហៃអ៊ីឡេ សេឡាស៊ី ទី១ ក្សត្យអេត្យូពីជាអ្នកបង្កើតអង្កការសហភាពអាហ្វ្រ៊ិក
ឈ្មោះរបស់ព្រះអង្គហៃអ៊ីឡេ សេឡាស៊ីទី១ គឺតាហ្វ៉ារី ម៉ាកូណេន។ ព្រះអង្គប្រសូតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៨៩២ នៅទីក្រុងអេហ្ស៉ឺសា ហ្គ៉ូរ៉ូ នៅក្នុងខេត្តហារ៉ា នៅភាគខាងកើត ចក្រភពអេត្យូពី និងសុគតដោយសារការធ្វើឃាត នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ១៩៧៥ នៅទីក្រុងអាដឌីស អាបឺបា។ ព្រះអង្គហៃអ៊ីឡេ សេឡាស៊ីទី១ គឺជាស្តេចចុងក្រោយនៃចក្រភពអេត្យូពី ពីឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៣៦ និងពីឆ្នាំ១៩៤១ ដល់ឆ្នាំ១៩៧៤។
ជាមនុស្សដែលមានបញ្ញាឈ្លាសវៃ ព្រះអង្គហៃអ៊ីឡេ សេឡាស៊ីទី១ បានទទួលការអប់រំពេញលេញ និងបើកគំនិតទៅកាន់ពិភពលោកខាងក្រៅ។ ជារជ្ជទាយាទ ព្រះអង្គបានគេស្ថាបនាខ្សែរថភ្លើងដែលភ្ជាប់ពីទីក្រុងឌៀ ដាវ៉ា មកកាន់ទីក្រុងហារ៉ា ដែលប្រៀបបានជាច្រកទ្វារបស់ប្រទេសនៅឆ្នាំ១៩០២។ នៅអំឡុងប៉ុន្មានឆ្នាំបន្ទាប់មក ព្រះអង្គបានចាប់ផ្តើមកំណែទម្រង់រដ្ឋបាល នយោបាយ យោធា និងធ្វើទំនើបកម្មសេដ្ឋកិច្ចនៅក្នុងដែនដីដែលមានទំនាក់ទំនងផ្ទាល់ជាមួយមហាអំណាចអឺរ៉ុប។
ព្រះអង្គហៃអ៊ីឡេ សេឡាស៊ីទី១ បន្តនយោបាយក្នុងការធ្វើទំនើបកម្មប្រទេសជាបន្តបន្ទាប់។ ព្រះអង្គបញ្ចូលប្រទេសអេត្យូពីជាសមាជិកនៃអង្គការសង្គមប្រជាជាតិ នៅឆ្នាំ១៩២៣ និងបានធ្វើដំណើរបំពេញកិច្ចការទូតដំបូងៗ នៅអឺរ៉ុបនៅឆ្នាំ១៩២៤។ ព្រះអង្គហៃអ៊ីឡេ សេឡាស៊ីទី១ ជាផ្លូវការ បានលុបបំបាត់ចោលការអនុវត្តរបបទាសភាពនៅក្នុងប្រទេស ដោយចេញក្រឹត្យពីឆ្នាំ១៩១៨ ដល់ឆ្នាំ១៩២៣។
សង្គមប្រជាជាតិដែលមានអេត្យូពីជាសមាជិក បានប្រតិកម្មយ៉ាងខ្សោយនៅអំឡុងការឈ្លានពានរបស់អ៊ីតាលី ដែលបង្កបានជាសង្រ្គាមអ៊ីតាលី អេត្យូពីលើកទី២។ ព្រះអង្គហៃអ៊ីឡេ សេឡាស៊ីទី១ បានព្យាយាមធ្វើឲ្យអេត្យូពីទទួលបានការធ្វើអាណាព្យាបាលពីចក្រភពអង់គ្លេស ប៉ុន្តែអង់គ្លេសបដិសេធ។ ព្រះអង្គបានធ្វើនិរទេសទៅកាន់អង់គ្លេស បន្ទាប់ពីអេត្យូពីចុះចាញ់អ៊ីតាលី។ នៅខែមិថុនា ឆ្នាំ១៩៣៦ នៅអង្គការសង្គមប្រជាជាតិ ព្រះអង្គបានធ្វើសេចក្តីថ្លែងសន្ទរកថា ដ៏វែង ដែលនៅក្នុងនោះ ព្រះអង្គថា ព្រះអង្គមកកាន់ទីនេះតែម្នាក់ឯង តែជាសាក្សីនៃឧក្រិដ្ឋកម្មដែលធ្វើឡើងប្រឆាំងនឹងប្រជាជនព្រះអង្គ ដើម្បីផ្តល់ឲ្យអឺរ៉ុបនូវការព្រមានប្រឈមមុខនឹងជោគវាសនាដែលកំពុងទន្ទឹងរង់ចាំពួកគេប្រសិនបើពួកគេមិនអើពើនៅពីមុខទង្វើដែលប្រព្រឹត្តិដោយអ៊ីតាលីទេនោះ។
ការចាប់ផ្តើមនៃសង្រ្គាមលោកលើកទី២ បានអនុញ្ញាតឲ្យដណ្តើមមកវិញយ៉ាងរហ័សនៃប្រទេសអេត្យូពីដោយអង់គ្លេស គាំទ្រដោយប្រទេសបារាំងសេរី ដែលវាយប្រហារពីខាងជើង នៅខណៈដែលកងកម្លាំងប៊ែលហ្ស៊ីក មកពីកុងហ្គោប៊ែលហ្ស៊ីក វាយប្រហារពីខាងត្បូង និងវាយប្រហារអ៊ីតាលីឲ្យចុះចាញ់នៅទីក្រុងអាសូសា។
ព្រះអង្គហៃអ៊ីឡេ សេឡាស៊ីទី១ បានទទួលមកវិញនូវអធិបតេយ្យភាពរបស់អេត្យូពីទាំងស្រុង ដែលត្រូវបានចាត់ទុកជាសម្ព័ន្ធមិត្ត និងជាអ្នករួមប្រយុទ្ធ ជាមួយមហាអំណាចខ្លាំងៗ ទាំងបួន ដែលឲ្យឈ្មោះសំដៅដល់ សហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស សហភាពសូវៀត និងបារាំង។
ដោយមានជម្លោះជាមួយប្រទេសអេហ្ស៊ីបនៅក្រោមប្រធានាធិបតីអេហ្ស៊ីប ណាហ្ស៊ែរ ជាពិសេសលើបញ្ហានៃការគ្រប់គ្រងទឹកទន្លេនីល ព្រះអង្គហៃអ៊ីឡេ សេឡាស៊ីទី១ មានការព្រួយបារម្ភ និងធ្វើសមាហរណកម្មអេត្យូពីក្នុងអាហ្វ្រិក។ ព្រះអង្គធ្វើការងារបង្កើតអង្គការអាហ្វ្រ៊ិក។ អង្គការឯកភាពអាហ្វ្រិក (OUA) បានក្លាយជាសហភាពអាហ្វ្រិក ដែលបង្កើតឡើងនៅឆ្នាំ១៩៦៣ ក្រោមការជំរុញ និងធ្វើជាអធិបតីភាពដោយព្រះអង្គហៃអ៊ីឡេ សេឡាស៊ីទី១ និងមានទីស្នាក់ការនៅរដ្ឋធានី អាឌីស អាបឺបា។