សាលារៀនជំនាន់ថ្មី ទទួលបានការគាំទ្រកាន់តែខ្លាំងពីអាណាព្យាបាល ដោយសារគុណភាពអប់រំ និងការបណ្ដុះបណ្ដាលបំណិនសតវត្សរ៍ទី២១

សាលារៀនជំនាន់ថ្មី (New Generation School - NGS) នៃវិទ្យាល័យព្រះស៊ីសុវត្ថិ និងវិទ្យាល័យព្រះយុគន្ធរ ទទួលបានការគាំទ្រ និងទំនុកចិត្តយ៉ាងខ្លាំងពីសំណាក់មាតាបិតា និងអាណាព្យាបាលសិស្ស។ ការគាំទ្រនេះកើតឡើងដោយសារសាលាបានផ្តល់នូវការអប់រំមានគុណភាពខ្ពស់ ឆ្លើយតបទៅនឹងបរិបទសតវត្សរ៍ទី២១ តាមរយៈការអនុវត្តកម្មវិធីសិក្សា STEM ពេញលេញ ដែលភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្តជាក់ស្ដែង ការធ្វើពិសោធន៍ ការស្រាវជ្រាវ និងការសិក្សាបែបថ្នាក់រៀនត្រឡប់ (Flipped Classroom)។

លោក ញ៉ែម សុជាតិ គ្រូប្រវត្តិវិទ្យា និងជាគ្រូប្រឹក្សាគរុកោសល្យនៃសាលារៀនជំនាន់ថ្មី បានឱ្យដឹងថា ចំណុចពិសេសរបស់ NGS គឺការផ្តោតលើគុណភាពអប់រំជាចម្បង ដែលជាចក្ខុវិស័យ និងបេសកកម្មស្នូលរបស់សាលា។

លោកបានថ្លែងប្រាប់ ថា៖ «សាលារៀនជំនាន់ថ្មីនេះ ត្រូវបានបង្កើតឡើងតាំងពីខែតុលា ឆ្នាំ២០១៥ និងបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ២០១៦។ ការបង្កើត NGS គឺដើម្បីចូលរួមអភិវឌ្ឍ និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា តាមរយៈទស្សនវិស័យកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំ យុវជន និងកីឡា»។

លោក ញ៉ែម សុជាតិ បានបន្តថា អាទិភាពធំបំផុតរបស់សាលា គឺការបណ្តុះបណ្តាលសិស្សឱ្យទទួលបាននូវ KSA (Knowledge, Skill, Attitude) គឺចំណេះដឹង ជំនាញ និងអាកប្បកិរិយា។ សាលាមិនមែនបង្រៀនត្រឹមតែតាមសៀវភៅពុម្ព ដើម្បីតែប្រឡង ឬធ្វើលំហាត់នោះទេ ប៉ុន្តែអប់រំសិស្សឱ្យមានចំណេះដឹងទូលំទូលាយ យល់ដឹងពីបរិបទសង្គមជាតិ និងសកលលោក ក្នុងយុគសម័យឌីជីថល។

លោកបានបន្ថែមថា៖ «គំនិតផ្តួចផ្តើមបង្កើតសាលារៀនជំនាន់ថ្មីនេះ ឡើងដោយលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា (បច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី) កាលពីឆ្នាំ២០១៥។ នេះជាបដិវត្តន៍ថ្មីមួយនៃការអប់រំនៅកម្ពុជា ដែលផ្លាស់ប្តូរពីការរៀនបែបប្រពៃណី មកជាការអប់រំបែបឌីជីថល និងបច្ចេកវិទ្យា ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សឱ្យមានទាំងចំណេះដឹង បំណិន និងឥរិយាបថល្អ»។

បន្ថែមលើនេះ លោកគ្រូប្រឹក្សាគរុកោសល្យរូបនេះ បានបញ្ជាក់ពីការអភិវឌ្ឍបំណិនរឹង និងបំណិនទន់ (Hard & Soft Skills) ដល់សិស្ស ដោយក្នុងនោះបំណិនទន់ផ្តោតលើ «4C» រួមមាន៖​ Communication (ទំនាក់ទំនង) Critical Thinking (ការគិតបែបស៊ីជម្រៅ) Creativity (ការច្នៃប្រឌិត) Collaboration (កិច្ចសហការ)។

ការរៀបចំថ្នាក់រៀននៅ NGS មានកំណត់សិស្សត្រឹមតែ ៣៦នាក់ក្នុងមួយថ្នាក់ ព្រមទាំងមានការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនបែបសកម្មដល់លោកគ្រូអ្នកគ្រូជាប្រចាំ ដោយមានការជំរុញ និងលើកទឹកចិត្តពីក្រសួងអប់រំ និងថ្នាក់ដឹកនាំសាលា។ ទន្ទឹមនឹងនេះ NGS បានផ្លាស់ប្តូរទម្លាប់រៀនរបស់សិស្ស ពីការអង្គុយចាំតែគ្រូពន្យល់ មកជាការស្រាវជ្រាវដោយខ្លួនឯង កត់ត្រាចម្ងល់ យកមកពិភាក្សាជាក្រុម និងសួរដេញដោលជាមួយគ្រូ។ ការផ្លាស់ប្តូរឥរិយាបថនេះបានធ្វើឱ្យសិស្សមានភាពក្លាហាន ចេះតស៊ូមតិ លើកហេតុផល និងហ៊ានជំហានទៅប្រកួតប្រជែងនៅលើវេទិកាជាតិ និងអន្តរជាតិ។

ឆ្លើយតបនឹងបទពិសោធន៍សិក្សាជាក់ស្ដែង កញ្ញា អាង វណ្ណច័ន្ទនីដា សិស្សថ្នាក់ទី១២ នៃ NGS វិទ្យាល័យព្រះស៊ីសុវត្ថិ បានរៀបរាប់ថា ការរៀននៅទីនេះមានភាពសកម្ម និងរស់រវើកខ្លាំង ដោយសារសិស្សត្រូវធ្វើការជាក្រុម និងពិភាក្សាលើមុខវិជ្ជាផ្សេងៗជារៀងរាល់ថ្ងៃ។

កញ្ញាបានរៀបរាប់ថា៖ «ការរៀននៅ NGS មានភាពមពញឹកខ្លាំង រៀន ៧ម៉ោងពេញក្នុងមួយថ្ងៃនៅសាលា ហើយថែមទាំងមានលំហាត់ និងកិច្ចការស្រាវជ្រាវជាច្រើនទៀតនៅផ្ទះ។ NGS ជាសាលាគំរូមួយដែលមានភាពពិសេស (Unique) លើកម្មវិធី STEM នៃសតវត្សរ៍ទី២១ ដែលកម្មវិធីនេះពិតជាមានទាក់ទាញ និងឆ្លើយតបចំពោះតម្រូវការទីផ្សារការងារនាពេលអនាគត»។

ស្របគ្នានេះដែរ យុវសិស្ស រ៉េត ផលសេង សិស្សថ្នាក់ទី១១ នៃ NGS បានលើកឡើងដែរថា៖ «កាលខ្ញុំរៀននៅសាលាកម្មវិធីចាស់ លោកគ្រូអ្នកគ្រូបង្រៀនតែតាមមេរៀនក្នុងសៀវភៅ ប៉ុន្តែនៅ NGS ថ្នាក់រៀនមានភាពសកម្ម និងរស់រវើក ដោយមានការបែងចែកក្រុមពិភាក្សា និងការចុះស្រាវជ្រាវផ្ទាល់»។

ជាលទ្ធផលនៃការខិតខំប្រឹងប្រែង គិតត្រឹមរយៈពេល ៧ខែ (ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤) សិស្សានុសិស្ស NGS នៃវិទ្យាល័យព្រះស៊ីសុវត្ថិ និងវិទ្យាល័យព្រះយុគន្ធរ ទទួលបានមេដាយមាស ប្រាក់ សំរឹទ្ធ ជ័យលាភីកិត្តិយស និងពានរង្វាន់សរុបចំនួន ៦១៨គ្រឿង ពីការចូលរួមប្រកួតប្រជែងក្នុងកម្មវិធីថ្នាក់ជាតិ និងអន្តរជាតិ។

ជាក់ស្ដែង កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ សាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ និងព្រះយុគន្ធរ បានរួមគ្នារៀបចំ «ពិព័រណ៍ប្រចាំឆ្នាំស្នាដៃសិស្ស ២០២៤» ដោយមានស្តង់បង្ហាញស្នាដៃប្រមាណ ៤០០ស្តង់ រួមមាន៖ ការធ្វើពិសោធន៍វិទ្យាសាស្ត្រ STEM, រ៉ូបូត, ចំណតវៃឆ្លាត, រូបវិទ្យា, គីមីវិទ្យា, ការស្រាវជ្រាវបញ្ហាសង្គម, ការនិពន្ធសៀវភៅ និងការសម្តែងសិល្បៈ។ ពិព័រណ៍នេះបានឆ្លុះបញ្ចាំងពីចំណេះដឹង ភាពច្នៃប្រឌិត និងសក្តានុពលរបស់សិស្ស ព្រមទាំងបង្កើនទំនុកចិត្តយ៉ាងរឹងមាំដល់មាតាបិតា និងសហគមន៍លើគុណភាពអប់រំសាធារណៈ។

នៅក្នុងពិធីបើកពិព័រណ៍នោះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ត្រចះត្រចង់ដែលសាលារៀនជំនាន់ថ្មីសម្រេចបាន។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំសិក្សា២០២៣-២០២៤ នេះ NGS នៃវិទ្យាល័យព្រះស៊ីសុវត្ថិ និងព្រះយុគន្ធរ មានសិស្សសរុបចំនួន ២.៣០១នាក់ (ស្រី ១.១៨១នាក់), គ្រូបង្រៀន និងបុគ្គលិក ១៦៣នាក់ (ស្រី ៨៥នាក់) និងមានថ្នាក់រៀនចំនួន ៦៨បន្ទប់។ តួលេខនេះបង្ហាញពីការលូតលាស់យ៉ាងខ្លាំង បើប្រៀបធៀបទៅនឹងឆ្នាំសិក្សា២០១៥-២០១៦ ដែលជាឆ្នាំបើកសាកល្បងដំបូងនៅវិទ្យាល័យព្រះស៊ីសុវត្ថិ មានសិស្សត្រឹមតែ ៤៣៥នាក់, គ្រូ និងបុគ្គលិក ២៥នាក់ និងថ្នាក់រៀន ១២បន្ទប់ប៉ុណ្ណោះ៕

 

Daily Program

Livesteam thumbnail
khmer popup image