វ៉ាស្កូ ដឺ​ ហ្គាម៉ា អ្នកដើរនាវាចរណ៍ភ្ជាប់ទំនាក់ទំនងរវាងអឺរ៉ុបអាស៊ី

លោកវ៉ាស្កូ ដឺ ហ្គាម៉ា គឺជាអ្នកដើរនាវាចរណ៍ដ៏ល្បីជនជាតិព័រទុយហ្គាល់ ដែលត្រូវបានគេចាត់​ទុក​ថា ជាជនជាតិអឺរ៉ុបទី១ ដែលបានទៅដល់ឥណ្ឌាបូព៌ា តាមរយៈផ្លូវឥណ្ឌាសមុទ្រឆ្ពោះទៅ​កាន់​មហាសមុទ្រឥណ្ឌា ដោយឆ្លងកាត់តាមជ្រោយខាង​ត្បូងទ្វីបអាហ្វ្រ៊ិក ឬជ្រោយក្តី​សង្ឃឹម​ល្អ ក្នុងអំឡុងសម័យកាលនៃរបកគំហើញធំៗ ខាងភូមិសាស្រ្តសមុទ្រ និងដីគោក។

លោកវ៉ាស្កូ ដឺ ហ្គាម៉ា កើតនៅប្រមាណឆ្នាំ១៩៦០ នៅទីក្រុងស៊ីន នៃតំបន់អាឡង់តឺហ្ស៉ូ នៅ​លើ​ឆ្នេរ​ភាគខាងនីរតីនៃប្រទេសព័រទុយហ្គាល់។

យោងតាមអ្នកប្រវត្តិសាស្រ្តព័រទុយហ្គាល់ បានបញ្ជាក់ថា លោកវ៉ាស្កូ ដឺ ហ្គាម៉ា កាលពីវ័យ​កុមារ​​​បានសិក្សាគណិតសាស្រ្ត និងការធ្វើនាវាចរណ៍​នៅទីក្រុងអេវ៉ូរ៉ា ហើយក៏បានរៀនអំពី​តារាសាស្រ្តផងដែរ។

នៅឆ្នាំ១៤៩២ ស្តេចព័រទុយហ្គាល់ ហ្ស៉ង់ ទី២ បានបញ្ជូនលោកវ៉ាស្កូ ដឺ ហ្គាម៉ា ក្នុងបេសកកម្ម​នៅកំពង់ផែ សេទុយបាល់ និងនៅតំបន់អាល់ហ្ស៉ាក ដើម្បីទៅរឹបអូសនាវាបារាំង​ជាការ​សង​សឹក​​ការខូចខាតដែលបង្កឡើងដោយបារាំង​ប្រឆាំងនឹងនាវាព័រទុយហ្គាល់។​ នៅឆ្នាំ១៤៩៧ ស្តេច​ព័​រទុយហ្គាល់ ម៉ានូអែល ទី១​ បានហៅលោកវ៉ាស្កូ ដឺ ហ្គាម៉ា ដើម្បីទៅ​ស្វែង​រក​រាជា​ណា​ចក្រ បូជាចារ្យ ហ្ស៉ង់ ដែលជារាជាណាចក្រក្នុងព្រេងនិទានអឺរ៉ុប។ លោក​វ៉ាស្កូ ដឺ ហ្គាម៉ា បាន​ធ្វើ​ដំណើរដំបូងចេញពីទីក្រុង លីស្បុន ដើម្បីស្វែងរកផ្លូវទៅឥណ្ឌា។ លោក​បាន​ឆ្លងកាត់​ជ្រោយ​​នៃក្តីសង្ឃឹមល្អ ហើយទៅដល់ទីក្រុងកាលីខាត់ នៃរដ្ឋខឺរ៉ាឡា ប្រទេស​ឥណ្ឌា នៅខែ​ឧសភា ឆ្នាំ១៤៩៨។

បើយោងតាមអ្នកប្រវត្តិសាស្រ្តឥណ្ឌា លោកសានហ្ស៉ៃ ស៊ូប្រាម៉ាយាំ បានឲ្យដឹងថា លោកវ៉ាស្កូ ដឺ ហ្គាម៉ា បានរកឃើញផ្លូវសមុទ្រដែលអនុញ្ញាតឲ្យវាងផ្លូវដីនៃតំបន់មជ្ឈិមបូព៌ា។ នេះធ្វើឲ្យ​ព័យទុយហ្គាល់​អាចជៀសមិនបង់ពន្ធគយ និងពន្ធដារ ទៅឲ្យស្តេចស៊ុលតង់ អេហ្ស៊ីប។

នៅឆ្នាំ១៥០២ លោកវ៉ាស្កូ ដឺ ហ្គាម៉ា ធ្វើដំណើរលើកទីពីរទៅឥណ្ឌា។ គាត់បានប្រើកម្លាំង​យោធា​​ដើម្បីគ្រប់គ្រងពាណិជ្ជកម្ម និងបានប៉ះទង្គិចយ៉ាងហិង្សាជាមួយពាណិជ្ជករមូស្លីម​។ ជាមួយ​​នឹងកងនាវាប្រមាណ ២០គ្រឿង ការធ្វើដំណើរជាលើកទី២ នេះ ជួនកាលពោរពេញ​ដោយ​​ហិង្សា និងមានការកត់សម្គាល់ដូចជា ការបាញ់ផ្លោងដាក់កំពង់ផែកាលីខាត់របស់ឥណ្ឌា ជា​ការ​​សងសឹក​នឹង​ការស្លាប់នាវិកនៃនាវាព័រទុយហ្គាល់ និងការផ្លោងដាក់នាវាទំនិញ មីរី ​ដែល​ដឹក​ជញ្ជូន​អ្នក​ធ្វើ​បូ​ជនីយកិច្ចមកពីទីក្រុងឡាម៉ិកជាដើម។

ការធ្វើដំណើរលើកទី២ របស់លោកវ៉ាស្កូ ដឺ ហ្គាម៉ា កត់សម្គាល់នូវការចាប់ផ្តើមនៃចក្រភព​អាណានិគមព័រ​ទុយហហ្គាល់។ នេះនាំមកឲ្យរាជវង្សព័រទុយហ្គាល់ ទទួលបានទ្រព្យ​សម្បត្តិ​ដ៏​ច្រើនជាមួយនឹងអត្ថប្រយោជន៍សំខាន់ៗ តាមរយៈការបង្កើតស្ថានីយ៍ពាណិជ្ជកម្មនៅតាមឆ្នេរ​សមុទ្រ​អាហ្វ្រិក។

ជាចុងក្រោយ ស្តេចព័រទុយហ្គាល់ ម៉ានូអែលទី១ បានប្រគល់ឋានៈជាកុងត៍ វីឌីហ្គៃរ៉ា ដល់​លោក​វ៉ាស្កូ ដឺ ហ្គាម៉ា នៅឆ្នាំ១៥១៩ ហើយស្តេចព័រទុយហ្គាល់ក្រោយ ហ្ស៉ង់ ទី៣  ដែល​មាន​បំណង​ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដែលកំពុងកើតឡើងនៅស្ថានីយ៍ពាណិជ្ជកម្ម បាន​តែងតាំង​​លោក​វ៉ាស្កូ ដឺ ហ្គាម៉ា ជា វីសរ័រ (Vice-roi) អនុស្តេចនៃឥណ្ឌា នៅឆ្នាំ១៥២៤។

លោកវ៉ាស្កូ ដឺ ហ្គាម៉ា បានចាប់ផ្តើមការធ្វើដំណើរលើកទី៣ ប៉ុន្តែបានទទួលមរណភាពដោយ​ជំងឺ​​គ្រុនចាញ់ បន្ទាប់ពីមកដល់ទីក្រុងកូជីន រដ្ឋខឺរ៉ាឡា ប្រទេសឥណ្ឌា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ​១៥២៤។

ការធ្វើដំណើររបស់លោកវ៉ាស្កូ ដឺ ហ្គាម៉ា បានបើកឲ្យមានផ្លូវពាណិជ្ជកម្មសមុទ្រដ៏សំខាន់រវាង​អឺរ៉ុប និង​អាស៊ី និងជួយឲ្យព័រទុយហ្គាល់ក្លាយជាមហាអំណាចសមុទ្រដ៏ធំក្នុងសតវត្សទី១៦។ លោក​​វ៉ាស្កូ ដឺ ហ្គាម៉ាត្រូវបានគេចងចាំថាជាអ្នកដឹកនាំដំបូងដែលបានភ្ជាប់អឺរ៉ុបទៅអាស៊ីតាម​ផ្លូវ​​​សមុទ្រ។

Daily Program

Livesteam thumbnail