វីរបុរសស្រែចំការ ៖ ជីវប្រវត្តិលោក យ័ន ឡុងភីង «បិតាស្រូវកូនកាត់» អ្នករំដោះ មនុស្សរាប់រយលាននាក់ពីគ្រោះអត់ឃ្លាន
រឿងរ៉ាវនៃជីវិតរបស់លោកយ័ន ឡុងភីង (Yuan Longping, ១៩៣០ – ២០២១) មិនត្រឹម តែជា កែវភ្នែកឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែជាចំណុចរបត់ដ៏អស្ចារ្យមួយនៃ សមរភូមិប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លានរបស់មនុស្សជាតិ។ លោកយ័ន ឡុងភីង ត្រូវបានពិភពលោកប្រសិទ្ធនាមឲ្យលោកថា ជា «បិតាស្រូវកូនកាត់» ឬ «លោកម្ចាស់ស្រូវ» សម្រាប់របកគំហើញបែបបដិវត្តន៍របស់លោក ដែលបានផ្លាស់ប្តូរមុខមាត់ផលិតកម្មស្រូវសកល។
ការឈឺចាប់ក្នុងវ័យកុមារ និងការប្តេជ្ញាចិត្តដ៏មុតមាំ
លោកយ័ន ឡុងភីង កើតនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៣០ នាទីក្រុងប៉េកាំង ប្រទេសចិន។ បទពិសោធន៍ដ៏ឈឺចាប់នាកុមារភាព ដែលគ្រួសារត្រូវឆ្លងកាត់ភាពអត់ឃ្លានជាច្រើនឆ្នាំ និងការប្រឈមមុខដោយផ្ទាល់នឹងមហន្តរាយគ្រោះទុរភិក្សកម្រិតធ្ងន់នៅប្រទេសចិននាឆ្នាំ១៩៥៩-១៩៦១ បានក្លាយជាកម្លាំងចលករយ៉ាងជ្រាលជ្រៅ រុញឱ្យរូបលោកយ័ន ឡុងភីង តម្រង់ទិសជីវិតទៅរកការសិក្សាផ្នែកជីវវិទ្យា និងកសិកម្ម រហូតបញ្ចប់ការសិក្សាពីវិទ្យាស្ថានកសិកម្មនិរតី (Southwest Agricultural College) នៅប្រទេសចិន នៅឆ្នាំ១៩៥៣។ លោកបានប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងត្រូវតែរកវិធីបង្កើនទិន្នផលស្រូវ ដើម្បីលុបបំបាត់ភាពក្រីក្រ និងការអត់ឃ្លានឱ្យខាងតែបាន។
បដិវត្តន៍ស្រូវកូនកាត់ និងរបកគំហើញប្រវត្តិសាស្ត្រ
ក្នុងនាមជាសាស្ត្រាចារ្យក្សេត្រសាស្ត្រនៅសាកលវិទ្យាល័យកសិកម្មចាងស្ហ៉ា និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិចិនស្រាវជ្រាវ និងអភិវឌ្ឍន៍ដំណាំស្រូវកូនកាត់ លោកយ័ន ឡុងភីងបានដើរតួយ៉ាងសំខាន់ក្នុងការស្វែងរកពូជស្រូវដែលកើនទិន្នផលក្នុងមួយហិកតា។
នាទសវត្សរ៍ឆ្នាំ១៩៧០ លោកយ័ន ឡុងភីងបានដោះស្រាយបញ្ហាប្រឈមផ្នែកបច្ចេកទេសយ៉ាងធំមួយ ដោយសារស្រូវជារុក្ខជាតិបន្តពូជដោយខ្លួនឯង (Autogamous) ដែលពិបាកក្នុងការបង្កាត់ពូជអេហ្វអ័ង (F1) លោក និងក្រុមការងារបានស្វែងរកឃើញពូជស្រូវព្រៃដែលមាន «ហ្សែនអារឈ្មោល» ពិសេស ដែលអនុញ្ញាតឱ្យមានការបង្កាត់ពូជស្រូវកូនកាត់ដំបូងបង្អស់លើពិភពលោក ដែលអាចផ្តល់ទិន្នផលខ្ពស់ជាងស្រូវធម្មតាពី ២០% ទៅ ៣០%។
សមិទ្ធផលចុងក្រោយ និងមរតកសម្រាប់ពិភពលោក
ទោះបីជាឈានចូលដល់វ័យជរាយ៉ាងណាក៏ដោយ ក្តីបារម្ភអំពីស្បៀងអាហាររបស់ប្រជាជន និងការប្តេជ្ញាចិត្តរបស់លោកមិនដែលថមថយឡើយ។
លោកយ័ន ឡុងភីងបានបន្តដឹកនាំការស្រាវជ្រាវរហូតបង្កើតពូជស្រូវដែលអាចដាំដុះលើដីប្រៃ និងដីខ្សោះជីជាតិបានដោយជោគជ័យ ព្រមទាំងលោកបានចែករំលែក និងបានបណ្តុះបណ្តាលអ្នកជំនាញកសិកម្មមកពីជាង ១០០ ប្រទេស (រួមទាំងតំបន់អាស៊ីអាគ្នេយ៍ និងអាហ្វ្រិកផង) ដើម្បីរួមចំណែកពង្រឹងសន្តិសុខស្បៀងសកល។
កិត្តិយស និងការចងចាំ
ការលះបង់ពេញមួយជីវិតរបស់លោក យ័ន ឡុងភីង បានធ្វើឲ្យលោកទទួលបានការទទួលស្គាល់ក្នុងកម្រិតកំពូល ៖
លោកទទួលពានរង្វាន់ស្បៀងអាហារពិភពលោក (World Food Prize) ឆ្នាំ២០០៤។ពានរង្វាន់វិទ្យាសាស្ត្រក៏ត្រូវបានប្រគល់ជូនលោក យ័ន ឡុងភីង ដោយលោកម៉ូហាធៀ (Mahathir Science Award) នាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ីនៅឆ្នាំ២០១១។
ចំណែកមេដាយសាធារណរដ្ឋ (Medal of the Republic) ដែលជាគ្រឿងឥស្សរយសថ្នាក់ជាតិខ្ពស់បំផុតរបស់ចិន ក៏ត្រូវបានប្រគល់ដល់អ្នកវិទ្យាសាស្រ្តដ៏ឆ្នើមរបស់ជាតិ គឺលោកយ័ន ឡុងភីងផងដែរ នៅឆ្នាំ២០១៩។
លោក យ័ន ឡុងភីង បានទទួលអនិច្ចកម្មនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ក្នុងជន្មាយុ ៩០ឆ្នាំ នៅទីក្រុងចាងសា ខេត្តហូណាន ប្រទេសចិន ដោយបានបន្សល់ទុកនូវបដិវត្តន៍កសិកម្ម និងពន្លឺនៃក្តីសង្ឃឹមសម្រាប់មនុស្សជាតិទាំងមូល។
