អ្នករកស៊ីក្រៅប្រព័ន្ធបារម្ភរឿងបង់ពន្ឋចំពោះការចុះបញ្ជីអាជីវកម្ម
ស្របពេលដែលការចុះបញ្ជីអាជីវកម្មត្រូវបានស្ថាប័នពាក់ព័ន្ធកំពុងតែជំរុញនិងលើកទឹកចិត្តពលរដ្ឋដែលមានមុខរបរក្រៅប្រព័ន្ធឲ្យចុះបញ្ជីឲ្យត្រឹមត្រូវដើម្បីពួកគេអាចទទួលបានការគាំពារខាងផ្លូវច្បាប់ នោះ ពលរដ្ឋដែលកំពុងតែប្រកបរបរក្រៅប្រព័ន្ធទាំងនេះ គឺហាក់ដូចជាចាប់ អារម្មណ៍ផងនិងព្រួយបារម្ភផង ។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាង នឿន ធារ៉ា ជាអ្នកអ៊ុតសក់ក្នុងផ្សារកណ្តាល រាជធានីភ្នំពេញ ដែលមានអាយុ២៨ឆ្នាំ បានអោយដឹងថា “យើងបដិសេធមិនបានទេ បើសិនជាគេ (រដ្ឋាភិបាល) អោយយើងចុះ យើងមិនដឹងយ៉ាងម៉េចដែរ”។
ដោយឡែក លោក អ៊ូ តុង អាយុ៣៧ឆ្នាំ ជាអ្នករត់កង់បី បានចែករំលែកខ្លះៗថា អ្នកប្រកបអាជីវកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធ សព្វថ្ងៃនេះ ប្រឈមបញ្ហាច្រើន ដូចជាបំណុលធនាគារ ចំណូលធ្លាក់ចុះ ទំនិញហូបចុកនៅលើទីផ្សារឡើងថ្លៃ និងអ្នកខ្លះទៀតបានបង្ខំចិត្តប្តូរមុខរបរ ។ ប៉ុន្តែរឿងចុះបញ្ជីលោករាងស្ទាក់ស្ទើរបន្តិច ទន្ទឹមនឹង លោកស្វាគមន៍ ។
លោក អ៊ូ តុង បានបន្ថែមថា “ មានអីគាំទ្រគាត់ សប្បាយចិត្តដែលគាត់ (រដ្ឋាភិបាល) ចុះ បញ្ជីកង់បីអ៊ីចឹង។ អត់អីទេ អាចចុះបាន” ។
ដោយឡែក ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វ៉ន ពៅ បានយល់ឃើញថា ការចុះបញ្ជីចំពោះអ្នកប្រកបរបរខ្នាតតូច និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាបរិបទ ថ្មីនៃរដ្ឋាភិបាលនីតិកាលទី៧។
លោកបានបញ្ជាក់ថា នេះជារឿងមួយល្អប្រសិនបើមានការចុះបញ្ជីដល់ អ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ដែលរដ្ឋទទួលស្គាល់ពួកគាត់ជាអ្នកប្រកបរបស្របច្បាប់មួយ។
លោក វ៉ន ពៅ បានអោយដឹងថា “ កាលណាចុះបញ្ជី រដ្ឋត្រូវតែទទួលខុសត្រូវ កិច្ចការ កិច្ចគាំពារជាច្រើនដល់ពួកគាត់ អាហ្នឹងវាជារឿងប្រសើរ។ ហើយប្រសិនបើជាការចុះបញ្ជីមិនមានការបង់ពន្ធ បង់taxបង់អីទៀត វារឹតតែប្រសើរទៀត។ តែប្រសិនបើចុះបញ្ជីហើយ យកពន្ធពីគាត់ វាជារឿងមួយដែលពិបាកបន្តិចហើយ ។ យើងមើលឃើញអ៊ីចឹងព្រោះប្រជាពលរដ្ឋខ្មែរយើង អោយតែលឺតែចុះបញ្ជីគឺដឹងតែបង់ពន្ធ អ៊ីចឹងពេលខ្លះគាត់ព្រួយបារម្មណ៍ពីចំនុចហ្នឹង»។
លោក វ៉ន ពៅ បានបន្ថែមថា ប្រសិនបើដំណើរការនៃការចុះបញ្ជីអាជីវកម្ម មានភាព ស្មុគ ស្មាញ វានឹងធ្វើអោយប្រជាពលរដ្ឋពិបាកក្នុងការចុះបញ្ជីនូវអាជីវកម្មរបស់ខ្លួន។ ប៉ុន្តែប្រសិន បើរដ្ឋាភិបាលរៀបចំដំណើរការនៃការចុះបញ្ជីអោយងាយស្រួល និងមិនមានភាព ស្មុគ ស្មាញ ច្រើន ជារឿងល្អដែរ។
មកដល់ពេលនេះគោលការណ៍នៃការរៀបចំចុះបញ្ជីអ្នកប្រកបការងារនិងមុខរបរផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង បុគ្គលស្វ័យនិយោជន៍នេះ គឺធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត និង គ្មាន ការបង្ខិតបង្ខំឡើយ។
អ្វីៗដែលស្ថាប័នពាក់ព័ន្ធកំពុងតែខិតខំរៀបចំ គឺដើម្បីលើកកម្ពស់ការគាំពារសង្គម ការផ្ដល់ អត្ថប្រយោជន៍នានា និងការអនុគ្រោះមួយចំនួន ខណៈដែលអ្នកដែលគេចាត់ទុកថា ជាអ្ន កប្រកប របរក្រៅប្រព័ន្ធគឺមានតាំងពី ជាងគំនូរ ជាងកាត់សក់ ជាងអ៊ុតសក់ លម្អក្រចក អាជីវកម្មលក់សម្ភារកីឡា ភោជនីយដ្ឋាន និងអាហារដ្ឋានក្នុងស្រុក តូបលក់អាហារ ហាងលក់គុយទាវ កាហ្វេ ម៉ូតូឌុបទេសចរណ៍ ម៉ូតូជួលទេសចរណ៍ លាងរថយន្ត និងម៉ូតូជាដើម។ល៕
