ល្វីស ម៉ោនបាតថិន កំពូលឧត្តមនាវាឯកអង់គ្លេសនាសង្រ្គាមលោកលើទី២

លោកល្វីស ម៉ោនបាតថិន កើតនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩០០ នៅទីក្រុងវីនស័រ ចក្រភព​អង់គ្លេស។ លោកគឺជាឧត្តមនាវាឯកនៃកងនាវាចម្បាំងចក្រភពអង់គ្លេស។

ពីខែវិច្ឆិកា ឆ្នាំ១៩១៤ ដល់ខែកក្កដា ឆ្នាំ១៩១៦ លោកល្វីស ម៉ោនបាតថិន បានសិក្សានៅ​សកល​វិទ្យាល័យភូមិន្ទនាវាចរណ៍ចក្រភពអង់គ្លេស នៅទីក្រុងដាកម៉ៅ បន្ទាប់មកនៅ​មូលដ្ឋាន​កងទ័ពជើងទឹកនៅដឺវ៉នផត។

ជាមេបញ្ជាការកងនាវានៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៣៧ លោកឧត្តមនាវាឯកល្វីស ម៉ោនបាតថិន ចូលរួមក្នុងការស្ថាបនាម៉ូដែលនៃនាវាពិឃាតថ្មីរបស់អង់គ្លេស គឺ អេចអេមអេស ខេលលី HMS Kelly ហើយលោកត្រូវបានតែងតាំងជាមេបញ្ជា​ការ​កងនាវាពិឃាតទី៥ របស់​ចក្រភព​អង់គ្លេស​នៅខែកញ្ញា ឆ្នាំ១៩៣៩។

កងនាវាពិឃាតនេះគឺជាអ្នកធ្វើបេសកកម្មអមការពារ​ក្បួនកប៉ាលដឹងជញ្ជូន និងតាមប្រមាញ់​នាវា​មុជទឹកអាឡឺម៉ង យូ ប៊ូត នៅសមុទ្រខាងជើង និងចូលរួមជម្លៀស​កងទ័ព​សម្ព័ន្ធមិត្ត​នៅ​ណ័រវេស នៅខែឧសភា ឆ្នាំ១៩៤០ បន្ទាប់មកអមការពារក្បួននាវាដឹកនាំជញ្ជូនស្បៀង​ដែល​សំដៅ​ទៅ​​ប្រទេសម៉ាលតា នៅសមុទ្រមេឌីទែរ៉ាណេ។

នៅខែតុលា ឆ្នាំ១៩៤១​ លោកឧត្តមនាវាឯកល្វីស ម៉ោនបាតថិន ត្រូវបានតែងតាំងជាមេបញ្ជា​ការនៃប្រតិបត្តិការរួមគ្នា។ ការងាររបស់លោករួមបញ្ជូលការរៀបចំ​យុទ្ធសាស្រ្ត​យោធា​​ដែល​សំដៅ​រំដោះអឺរ៉ុបខាងលិច។

លោកឧត្តមនាវាឯកល្វីស ម៉ោនបាតថិន គិតគូរ និងបង្កើតកងអង្គភាពទ័ពឆ្នើមផ្សេងៗ​របស់​ចក្រភព​អង់គ្លេស​។ ក្រោមបញ្ជាការ​របស់លោក កងទ័ពជើងទឹក និងកុំម៉ង់ដូចក្រភព​អង់គ្លេស បានបង្កើននូវប្រតិបត្តិការ​យោធាជាច្រើនប្រឆាំងនឹងកងទ័ពអាឡឺម៉ង់ ដែលបោះ​ទីតាំង​នៅ​ប្រទេស​បារាំង និងណ័រវ៉េស។ លោកឧត្តមនាវាឯកល្វីស ម៉ោនបាតថិន ក៏បាន​ចូលរួម​ក្នុង​ប្រតិបត្តិការផ្សព្វផ្សាយព័ត៌មាន​ក្លែង​ក្លាយដើម្បីបញ្ឆោតកងទ័ពអាឡឺម៉ង់ផងដែរ។

ក្នុងឋានៈជាឧត្តមនាវាឯក លោកល្វីស ម៉ោនបាតថិន ក៏បានធ្វើជាប្រមុខមេបញ្ជាការនៃកង​កម្លាំង​​សម្ព័ន្ធ​មិត្តនៅអាស៊ីអាគ្នេយ៍ (SEAC, South East Asia Command) ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ​១៩៤៣ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៤៥។

លោកឧត្តមនាវាឯកល្វីស ម៉ោនបាតថិន បានដឹកនាំដោយជោគជ័យនូវយុទ្ធនាការយោធា​ជាច្រើនដោយសហការជាមួយចិន ប្រឆាំងនឹងជប៉ុន។ លោកបានឈាន​ទៅដល់​ដណ្តើម​បាន​ភូមា​​នៅឆ្នាំ១៩៤៤ និងបង្ខំឲ្យកងពលកងទ័ពជប៉ុន​ជាច្រើនចុះចាញ់។ បញ្ហាភូមា​ត្រូវ​បាន​ដោះស្រាយ ហើយលោកបង្វែកងកម្លាំងសម្ព័ន្ធមិត្តប្រឆាំងនឹង​កងទ័ពជប៉ុននៅម៉ាឡេស៊ី ដែល​ត្រូវរំដោះបាននៅឆ្នាំ១៩៤៥។

បញ្ជាការអាស៊ីអាគ្នេយ៍ ឬ SEAC ដែលមានមូលដ្ឋាននៅទីក្រុង​កូឡំបូ ប្រទេសស៊ីឡង់ សព្វថ្ងៃ​ជាប្រទេសស្រីលង្ការ គឺជាអង្គភាពដែលបង្កើតឡើង​ដើម្បីទទួលបន្ទុកប្រតិបត្តិការយោធា​របស់​ក្រុម​សម្ព័ន្ធមិត្តនៅតំបន់អាស៊ីអាគ្នេយ៍​ក្នុងអំឡុងសង្រ្គាមលោកលើកទី២។

នៅខែសីហា ឆ្នាំ១៩៤៣ ក្រុមសម្ព័ន្ធមិត្តបង្កើត SEAC ដើម្បីចាប់ផ្តើមដំណើរការភារកិច្ចទទួល​ខុសត្រូវនៃបញ្ជាការដ្ឋានយុទ្ធសាស្រ្តសម្រាប់ឥណ្ឌារបស់អង់គ្លេស និងបញ្ជាការដ្ឋាន​នៃ​ប្រជាជាតិ​ផ្សេងៗ នៅក្នុងតំបន់។ នៅខែតុលា​ ឆ្នាំ១៩៤៣ លោកនាយក​រដ្ឋមន្រ្តីអង់គ្លេស វីលស្តុន ឆឺលឈីល បានតែងតាំង លោកឧត្តមនាវាឯកល្វីស ម៉ោនបាតថិន ជាមេ​បញ្ជាការ​កំពូល​នៃក្រុមសម្ព័ន្ធមិត្តសម្រាប់អាស៊ីអាគ្នេយ៍។

លោកល្វីស ម៉ោនបាតថិន បានទទួលមរណភាពដោយការធ្វើឃាតនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ១៩៧៩ នៅអាយុ ៧៩ឆ្នាំ នៅក្នុងការបំផ្ទុះកប៉ាល ស្ហ៉ាដូ ទី៥ (Shadow V) នៅឈូង​សមុទ្រ​ដូណេហ្គាល់ នៅក្បែរភូមិមូឡាម័រ ប្រទេសអៀរឡង់។

 

Daily Program

Livesteam thumbnail