លោកអេបេណេហ្ស៉ឺ ខូប ម័រលៃ បិតានៃបាល់ទាត់សម័យទំនើប
លោកអេបេណេហ្ស៉ឺ ខូប ម័រលៃ កើតនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ១៨៣១ នៅទីក្រុងហ៊ូល ភាគ ខាងកើតនៃប្រទេសអង់គ្លេស។ លោកទទួលមរណភាពនៅសង្កាត់ បាន រាជធានីឡុងដ្រ៍។ លោកត្រូវបានចាត់ទុកជាបិតាមួយរូបនៃសហព័ន្ធបាល់ទាត់អង់គ្លេស និងជាបិតាបាល់ទាត់សម័យទំនើប។
ជាកូនប្រុសរបស់លោកអេបេណេហ្ស៉ឺ ម័រលៃ និងលោកស្រី ហានណា ខូប លោកកើតនៅទីក្រុងហ៊ូល និងរស់នៅទីនោះរហូតដល់អាយុ ២២ឆ្នាំ។ លោកបានមកតាំងទីលំនៅថ្មី នៅតំបន់បាន ក្បែររាជធានីឡុងដ្រ៍ ប្រទេសអង់គ្លេស នៅឆ្នាំ១៨៥៨។ លោកបានបង្កើតក្លិបកីឡាបាល់ទាត់ហៅថា បានក្លិប និងក្លាយជាសមាជិកម្នាក់នៃសហព័ន្ធបាល់ទាត់អង់គ្លេស ដែលនេះគឺជាសហព័ន្ធបាល់ទាត់ដំបូងគេលើពិភពលោក នៅឆ្នាំ១៨៦២។
នៅឆ្នាំ១៨៦៣ ក្នុងនាមជាមេដឹកនាំក្លិបកីឡាបាល់ទាត់ ក្លិប ម័រឡែក លោកបានផ្តល់យោបល់នៅក្នុងកាសែត ប៊ែលស៍ឡាយ ដើម្បីអំពាវនាវឲ្យមានក្រុមគ្រប់គ្រង និងច្បាប់សាមញ្ញ សម្រាប់កីឡាបាល់ទាត់ ឲ្យដូចកីឡាគ្រីខេត ជាឧទាហរណ៍ ដែលគេមានក្បួនលេង។ នេះនាំទៅដល់ការជួបប្រជុំជាលើកទី១រវាងអ្នកចូលចិត្តកីឡានេះ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ១៨៦៣ ដែលបានឃើញនូវការបង្កើតសហព័ន្ធបាល់ទាត់អង់គ្លេសលេចឡើងផងដែរ។
លោកអេបេណេហ្ស៉ឺ ខូប ម័រលៃ គឺជាអគ្គលេខានៃសហព័ន្ធបាល់ទាត់អង់គ្លេសពីឆ្នាំ១៨៦៣ ដល់ឆ្នាំ១៨៦៦ និងជាប្រធានទី២ នៃសហព័ន្ធនេះពីឆ្នាំ១៨៦៧ ដល់ឆ្នាំ១៨៧៤។ លោកគាត់បានសរសេរច្បាប់ល្បែងបាល់ទាត់ ជាឯកសារច្បាប់ដំបូងនៅផ្ទះរបស់លោកនៅតំបន់បាន។
ក្នុងនាមជាអ្នកលេងបាល់ទាត់ផង លោកបានចូលរួមក្នុងការប្រកួតគូដំបូងដែលបានអនុវត្តតាមក្បួនច្បាប់របស់សហព័ន្ធបាល់ទាត់អង់គ្លេស ទល់នឹងក្រុម រីចម៉ុង នៅឆ្នាំ១៨៦៣។ លោកក៏បានស៊ុតចូល ១គ្រាប់ក្នុងការប្រកួតតំណាងបង្ហាញដំបូង រវាងក្លឹបឡុងដុន និងស្ហ៊ែហ្វហ្វ៊ៀដ៍ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ១៨៦៦។
លោកអេបេណេហ្ស៉ឺ ខូប ម័រលៃ ក៏ជាមេធាវី អាជីប លោកមានចំណង់ចំណូលចិត្តក្នុងការធ្វើកីឡាចែវទូកផងដែរ។ ដូច្នេះលោកក៏ធ្វើជាលេខាធិការនៃក្លិបចែវទូក ឡុងដុង រ៉ូវីង ក្លិប។ លោកអេបេណេហ្ស៉ឺ ខូប ម័រលៃ ក៏បម្រើការងារឲ្យក្រុមប្រឹក្សាខេត្តសឺរ៉េ សម្រាប់តំបន់បានដែរ។
លោកអេបេណេហ្ស៉ឺ ខូប ម័រលៃ បានទទួលមរណភាពដោយជំងឺរលាកសួតនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩២៤។
នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ គេហទំព័រ ហ្គ៉ូហ្គរ បានបង្ហាញ ហ្គ៊ូហ្គ័រ ឌូដល់ ដែលជារូបភាព ដែលហ្គ៊ូហ្គ័រផ្លាស់ប្តូរលើទំព័រដើមដើម្បីអបអរសាទរខួបកំណើតលើកទី១៨៧ របស់លោកអេបេណេហ្ស៉ឺ ខូប ម័រលៃ។
មុនពេល លោកអេបេណេហ្ស៉ឺ ខូប ម័រលៃ មានគំនិត និងចូលរួមបង្កើតច្បាប់កីឡាបាល់ទាត់
ក្លិបនីមួយៗ មានច្បាប់ខ្លួនឯង។ ក្លិបខ្លះអនុញ្ញាតឲ្យកាន់បាល់ និងរត់ ដូចជាកីឡា រូហ្គប៊ី ចំណែកក្លិបខ្លះហាម។ មុនឆ្នាំ១៨៦៣ មិនមានច្បាប់សាមញ្ញសម្រាប់បាល់ទាត់ទេ។ គេលេងតាមច្បាប់តាមសាលា ឬតាមសហគមន៍។ ការលេងបាល់ទាត់គ្មានស្តង់ដារមួយទេ ជាញឹកញាប់មានការលេងឃោរឃៅដូចជា ទាត់ជើងគូប្រកួត។ ក្បួនច្បាប់ដែលលោកអេបេណេហ្ស៉ឺ ខូប ម័រលៃ សរសេរ បានកំណត់ថា គេមិនអាចកាន់បាល់ដោយដៃទេ។ នេះជាចំណុចសំខាន់ដែលបំបែកបាល់ទាត់ចេញពីកីឡា រូហ្គប៊ី។
ទោះបីជាយ៉ាងណា លោកអេបេណេហ្ស៉ឺ ខូប ម័រលៃ មិនមែនជាអ្នកបង្កើត បាល់ទាត់ តែម្នាក់ឯងទេ ព្រោះល្បែងបាល់ទាត់មានប្រភពពីសាលា និងសហគមន៍ជាច្រើន។ ប៉ុន្តែលោកគឺជាអ្នកផ្តួចផ្តើម ដាក់ច្បាប់ និងស្ថាបនាការគ្រប់គ្រង ដែលធ្វើឲ្យបាល់ទាត់ក្លាយជាកីឡាអន្តរជាតិដូចសព្វថ្ងៃ។