លោកវីលលី ប្រេន អ្នកនយោបាយគាំទ្រការបង្រួបបង្រួមអាឡឺម៉ង់

លោកវីលលី ប្រេនត៍ កើតនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩១៣ នៅទីក្រុង លូប៊េក ប្រទេសអាឡឺម៉ង់។ លោកគឺជាអ្នកនយោបាយអាឡឺម៉ង់ខាងលិច។

លោកវីលលី ប្រេនត៍ បានបង្កើតនយោបាយ អូស្ត៍ប៉ូលីទីក (Ostpolitik)។ នេះគឺជា​នយោបាយ បន្ធូរបន្ថយ និងធ្វើឲ្យទំនាក់ទំនងកាន់តែធម្មតា និងមានសន្តិភាពជាមួយអឺរ៉ុបខាង​កើត និង​សហភាពសូវៀត ដែលជាការប្រែប្រួលយុទ្ធសាស្ត្រដ៏សំខាន់ក្នុងសង្គ្រាមត្រជាក់ ដែល​នាំ​ឲ្យ​មានកិច្ចព្រមព្រៀងសន្តិភាព និងទំនាក់ទំនងពាណិជ្ជកម្មថ្មីៗ។

លោកវីលលី ប្រេនត៍ កើតនៅឆ្នាំ១៩១៣ នៅក្រោមឈ្មោះកំណើតថា ហ៊ែប៊ែត៍ អៀនស្ត៍ កាល់ ហ្វ្រាម។ ឪពុករបស់លោក គឺជាសាស្រ្តាចារ្យ ចន ម៉ូលើ។

នៅក្នុងរាត្រីថ្ងៃទី៣១ ខែមីនា ឆ្លងចូលថ្ងៃទី១ ខែមេសា ឆ្នាំ១៩៣៣ លោកវីលលី ប្រេនត៍ បានរត់គេចចេញពីអាឡឺម៉ង់ ណាហ្ស៊ី។ លោកបានភៀសខ្លួនទៅកាន់ប្រទេសណ័រវេស។លោក​វីលលី ប្រេនត៍ បានត្រឡប់មកអាឡឺម៉ង់វិញនៅឆ្នាំ១៩៤៥ ហើយធ្វើជាអ្នកឆ្លើយឆ្លង​ព័ត៌មាន​ប្រចាំថ្ងៃឲ្យណ័រវេស។ លោកបានចាប់ផ្តើមអាជីបនយោបាយ​នៅក្នុងគណបក្ស SPD បន្ទាប់​ពីបានទទួលបានសញ្ជាតិអាឡឺម៉ង់របស់លោកឡើងវិញ។

លោកវីលលី ប្រេនត៍ បានក្លាយជាចៅហ្វាយក្រុងប៊ែរឡាំង ពីឆ្នាំ១៩៥៧ ដល់ឆ្នាំ១៩៦៦ ដែល​ជា​យុគសម័យមានការលំបាកជាពិសេស ដោយសារតែជារយៈពេលនៃការលេចឡើង​នូវ​វិបត្តិ​ជា​បន្តបន្ទាប់ ដូចជាវិបត្តិក្រុងប៊ែរឡាំង ដែលបង្កឲ្យមានជាការស្ថាបនាជញ្ជាំងប៊ែរឡាំង​នៅឆ្នាំ​១៩៦១ ដែលលោកគឺជាមនុស្សតែម្នាក់គត់ដែលប្រឆាំងនឹងការស្ថាបនាជញ្ជាំងនេះ​ដែល​បែងចែក​អាឡឺម៉ង់ខាងលិច និងខាងកើត។

ចេញពីការបោះឆ្នោតនីតិបញ្ញតិនៅឆ្នាំ១៩៦៩ លោកវីលលី ប្រេនត៍ បានធ្វើសម្ព័ន្ធមិត្ត​ជាមួយ​គណបក្សកណ្តាល និងសេរី FDP ដើម្បីបង្កើតរដ្ឋាភិបាល។ ហើយលោកវីលលី ប្រេនត៍ ក៏បាន​ក្លាយ​ជាអធិការបតីទី៤ នៃសហព័ន្ធអាឡឺម៉ង់ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ១៩៦៩។

ការបោះឆ្នោតនេះបានកត់សម្គាល់នូវរបត់មួយ។ សម្រាប់ជាលើកទី១ ចាប់តាំងពីការបង្កើត​សាធារណៈរដ្ឋសហព័ន្ធអាឡឺម៉ង់នៅក្រោយសង្រ្គាមលើកទី២ ដែលបេក្ខភាពអធិការបតី​មក​ពី​គណបក្ស​សង្គមប្រជាធិបតេយ្យត្រូវបានជ្រើសរើស។

សម្រាប់ការរៀបចំការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ១៩៧២ គណបក្ស SPD បាន​នាំ​មុខជាលើក​ទី​១ លើគណបក្សប្រជាធិបតេយ្យគ្រីស្ទៀន (CDU) និងគណបក្សសង្គមគ្រីស្ទាន (CSU)។  នេះ​គឺ​ជា​ជ័យជម្នះជាប្រវត្តិសាស្រ្តដែលចាត់ទុកជា​ការរួបរួមពិតប្រាកដនៃ អូស្ត៍ប៉ូលីទីក។

ក្នុងអំឡុងបណ្តាលឆ្នាំដែលកាន់តំណែងជាអធិការបតី លោកវីលលី ប្រេនត៍ បន្តធ្វើការគាំទ្រ​នយោបាយធ្វើសមាហរណកម្មអឺរ៉ុប។ ជាពិសេស លោកគាំទ្រការបញ្ចូលចក្រភពអង់គ្លេស អៀរឡង់ និងដាណឺម៉ាក មកក្នុងសហគមន៍សេដ្ឋកិច្ចអឺរ៉ុប CEE និងជំរុញទាំង​ការធ្វើ​សមាហរណកម្មរូបិយវត្ថុ និងទាំងកិច្ចសហប្រតិបត្តិការនយោបាយរវាងប្រទេសជាសហមាជិក ដែល​នៅពេលនោះមានចំនូន ៩ប្រទេស។

នៅឆ្នាំ១៩៧១ លោកវីលលី ប្រេនត៍ ទទួលបានពានរង្វាន់ណូបែលសន្តិភាព សម្រាប់​ការ​ធ្វើ​នយោបាយ​ខិតជិតទៅរកអឺរ៉ុបខាងកើត និងអាឡឺម៉ង់ខាងកើត។

លោកវីលលី ប្រេនត៍ ក៏ជាសមាជិកសភាអឺរ៉ុបពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៣។ ហើយការដួល​រលំ​​នៃជញ្ជាំងប៊ែរឡាំង ដែលបង្ហាញនូវការបង្រួបបង្រួមអាឡឺម៉ង់បានធ្វើឲ្យ​លោកស្រក់ទឹក​ភ្នែក​ដោយ​ការ​រំជួលអារម្មណ៍។

នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩០ លោកវីលលី ប្រេនត៍ ធ្វើជាអ្នកថ្លែងសុន្ទរកថាបើក​សម័យ​ប្រជុំ​ដំបូង​របស់សភា ប៊ុនដេសស្តាហ្គ (Bundestag) នៃអាល្លឺម៉ង់ដែលបានរួមបញ្ចូលជាថ្មី ក្នុងនាម​ជាព្រឹទ្ធចារ្យ​ចាស់ជាងគេ (doyen) ក្នុងសាល​ដែលទើបបង្កើតថ្មី។

លោកវីលលី ប្រេនត៍ បានទទួលមរណភាពនៅថ្ងៃទី៨ ខែតុលា ឆ្នាំ១៩៩២ នៅទីក្រុងអាន់ខេល (Unkel)។ សពរបស់លោកត្រូវបានបញ្ចុះនៅផ្នូរក្នុងសួនច្បារ នៃ តំបន់ប៊ែរឡាំង ហ្សេឡេដូហ្វ( Berlin-Zehlendorf) នៅទីក្រុងប៊ែរឡាំង ប្រទេសអាឡឺម៉ង់។

 

Daily Program

Livesteam thumbnail