លោករ៉េដ វាយស៍មេន ប្រធានក្រុមអវកាសយានិកនៃបេសកកម្មឋានព្រះចន្ទ អាកទីមីសទី២
លោករ៉េដ វាយស៍មេន កើតនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៧៥ នៅទីក្រុងបាទីម័រ នៅក្នុងរដ្ឋម៉ារីឡេន សហរដ្ឋអាម៉េរិក។ លោកគឺជាអវកាសយានិកអាម៉េរិកនៃអង្គការណាសា។
សម្រាប់ការសិក្សារបស់លោករ៉េដ វាយស៍មេន គឺលោកបានទទួលសញ្ញាបត្រវិស្វកម្មព័ត៌មានវិទ្យា និងប្រព័ន្ធ ពីវិទ្យាស្ថានពហុបច្ចេកវិទ្យា រេនសឺឡាអើ នៅបុរីត្រ័យ រដ្ឋញូយ៉ក។ បន្ទាប់ មក លោកបានទទួលអនុបណ្ឌិតខាងវិស្វកម្មប្រព័ន្ធ ពីសកលវិទ្យាល័យ ចន ហបឃីន នៃទីក្រុងបាល់ទីម័រ នៅឆ្នាំ២០០៦។
បន្ទាប់ពីបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានពហុបច្ចេកវិទ្យា រេនសឺឡាអើ នៅឆ្នាំ១៩៩៧ លោករ៉េដ វាយស៍មេន បានចូលធ្វើជាភ្នាក់ងារកងទ័ពជើងទឹកបម្រុង ហើយបានចូលរួមនៅមូលដ្ឋានអាកាសចរណ៍ជើងទឹកពេនសាកូឡា នៅរដ្ឋហ្វ្ល៉រីដា ដើម្បីទទួលការបណ្តុះបណ្តាលជាពីឡុតអ្នកបើកយន្តហោះ។ លោករ៉េដ វាយស៍មេន បានទទួលសញ្ញាបត្រអ្នកបើកយន្តហោះនៃកងទ័ពជើងទឹកអាម៉េរិកនៅឆ្នាំ១៩៩៩ ហើយបានចូលរួមក្នុងអង្គភាពយន្តហោះប្រយុទ្ធលេខ១០១ នៃមូលដ្ឋានអាកាសចរណ៍ជើងទឹកអូសៀណា រដ្ឋវៀជីនៀ។
នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០៩ អង្គការណាហ្សា (NASA) បានប្រកាសជាផ្លូវការអំពីការជ្រើសរើសមនុស្សចំនួន ៩នាក់ ក្នុងចំណោមអ្នកដាក់ពាក្យចូលរួម ៣៥០០នាក់ សម្រាប់ការបណ្តុះបណ្តាលធ្វើជាអវកាសយានិក។ ក្នុងចំណោមនោះ មានលោករ៉េដ វាយស៍មេន ត្រូវបានជ្រើសរើសជាពីឡុត នៃក្រុមទី២០។
លោករ៉េដ វាយស៍មេន បានបញ្ជាក់ថា នៅក្នុងវ័យកុមារ លោកជាញឹកញាប់ទៅចូលរួមមើលការបង្ហាញយន្តហោះ នៅអាកាសយានប្ល៊ូអេនជែល របស់កងទ័ពជើងទឹកអាម៉េរិក ហើយបន្ទាប់មក លោកក៏បានអភិវឌ្ឍនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអាជីពជាអវកាសយានិក បន្ទាប់ពីបានចូលរួមមើលព្រឹត្តិការណ៍បង្ហោះយានអវកាសមួយនៅឆ្នាំ២០០១។
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ លោករ៉េដ វាយស៍មេន ត្រូវបានតែងតាំងជាអ្នកដឹកនាំ ការិយាល័យអវកាសយានិកនៃអង្គការណាសា។
នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ លោករ៉េដ វាយស៍មេន ត្រូវបានជ្រើសតាំងជាមេបញ្ជាការ នៃ បេសកកម្ម អាកតេមីសទី២ (Artemis II) ដែលមានផែនការធ្វើដំណើរហោះជុំវិញឋានព្រះចន្ទ។ នៅខែមេសា ឆ្នាំ២០២៦ លោកត្រូវបានរួមដំណើរជាមួយដោយអវកាសយានិករបស់ អង្គការ ណាហ្ស៉ា ដូចជា លោកស្រី គ្រីស្ទីណា កូច លោកវិទ័រ ហ្ល៉ូវើ ព្រមទាំងអវកាសយានិករបស់ អាជ្ញាធរអវកាសកាណាដា (Canadian Space Agency) លោកជេរ៉េមី ហានសេន ឆ្ពោះទៅឋានព្រះចន្ទ ។
នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ លោករ៉េដ វាយស៍មេន បានហោះឡើងទៅក្នុងទីអវកាស។ ក្នុងតួនាទីជាមេបញ្ជាការបេសកកម្ម លោកមានភារកិច្ចទទួលខុសត្រូវលើសុវត្ថិភាពរបស់ក្រុមអ្នកបើកបរ ធ្វើប្រតិបត្តិការបេសកកម្មឲ្យបានរលូន និងដោះស្រាយបញ្ហាដែលកើតឡើង ក្នុងអំឡុងពេលហោះហើរ។ នៅថ្ងៃទី៦ ខែមេសា បេសកកម្មអាកតេមីស ទី២ និងក្រុមអ្នក បើកបរ បានហោះឈានដល់ចម្ងាយឆ្ងាយបំផុតពីផែនដី ដែលមនុស្សធ្លាប់ធ្វើដំណើរ និងធ្វើឲ្យសម្រេចបាន។ នេះបានឡើងលើសកំណត់ត្រាចាស់ ដែលបេសកកម្មអាប៉ូឡូទី១៣ អាច សម្រេចបាននៅឆ្នាំ១៩៧០ គឺដែលចម្ងាយ ៤០០៣០០ គម ពីផែនដី។
ក្នុងអំឡុងបេសកកម្មនេះដែរ លោករ៉េដ វាយស៍មេន បានថតរូបមួយចំនួន ដែលលោកដាក់ ឈ្មោះថា “Hello, World” “សួស្តី ពិភពលោក” និង “Earthset” ផែនដីលិច។ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ក្រុមបេសកកម្មអាកតេមីស ទី២ បានសង្កេតឃើញ រណ្តៅភពថ្មីចំនួនពីរ ដែលទើបបង្កើតឡើងនៅលើផ្ទៃព្រះចន្ទ។
បន្ទាប់មក នៅថ្ងៃសុក្រទី១០ ខែមេសា ឆ្នាំ២០២៦ ម៉ោង ១៧៖០៧ នាទី ម៉ោងតំបន់ប៉ាស៊ីហ្វីក ក្រុមអាកាសយានិកទាំងអស់នៃបេសកកម្ម អាកទីមីសទី២ បានធ្វើការចុះចតលើទឹកសមុទ្រ ដោយជោគជ័យ និងសុវត្ថិភាព។