លោកនីកូឡា ម៉ាឌូរ៉ូ ប្រធានាធិបតីវ៉េណេហ្ស៊ុអេឡា ត្រូវបានអាម៉េរិកចាប់

នៅរាត្រីពីថ្ងៃទី២ ឆ្លងចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងការ៉ាកាស ប្រទេស វ៉េណេហ្ស៊ូអេឡា ម៉ោងប្រមាណជា ២ សហរដ្ឋអាម៉េរិក បានដឹកនាំការវាយប្រហារលើ គោលដៅយោធាប្រមាណជាង ១០។ នៅក្នុងក្របខណ្ឌនៃកិច្ច​ប្រតិបត្តិការយោធា សេចក្តី សម្រេចដាច់ខាត (Absolute Resolve) កងកម្លាំង ដេលតា អាម៉េរិក ត្រូវបានបញ្ជូនទៅកាន់ តំបន់ទីក្រុងការ៉ាកាស។  ប៉ុន្មានម៉ោងក្រោយមក ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ បានប្រកាសនៅលើបណ្តាញសង្គមរបស់លោក ទ្រូសសូស្យល់ (Truth Social) អំពីការចាប់ និងបញ្ជូនខ្លួនលោកនីកូឡា ម៉ាឌូរ៉ូ និងភរិយារបស់​លោក មកកាន់សហរដ្ឋអាម៉េរិក។

កិច្ចប្រតិបត្តិការយោធាអាម៉េរិកនេះបានទទួលរងការការជជែកវែកញ៉ែកយ៉ាងខ្លាំងក្លាសម្រាប់​ទិដ្ឋភាពនៃច្បាប់អន្តរជាតិ។

នៅក្នុងសង្កាត់ភាគខាងត្បូងទីក្រុង​ញូយ៉ក អគ្គរដ្ឋអាជ្ញាសហរដ្ឋអាម៉េរិក លោកស្រី ផាម បុងឌី បានប្រកាស​អំពីការចោទប្រកាន់​លោក​ម៉ាឌូរ៉ូ និងភរិយារបស់លោក ពីបទផ្សំគំនិត​ប្រព្រឹត្តិ​ភេរវក​ម្មការជួញដូរសារជាតិញៀន ផ្សំគំនិតដើម្បី​នាំចូលជាតិកូកាអ៊ីនចូលសហរដ្ឋអាម៉េរិក និង​ផ្សំគំនិតកាន់កាប់អាវុធស្វ័យប្រវត្តិ និងគ្រឿងផ្ទុះ ដើម្បីប្រឆាំងនឹងសហរដ្ឋអាម៉េរិក ហើយ​លោកនឹងត្រូវធ្វើការជំនុំជម្រះ នៅពេលខាង​មុខបន្តទៀតដោយតុលាការសហព័ន្ធ​អាម៉េរិក។

តាំងតែពីមុន ភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងវ៉េណេហ្ស៊ូអេឡា បានរីកវិសាលភាពធំ​ឡើង​​ជាមួយនឹងការត្រឡប់មកកាន់អំណាចជាលើកទី២របស់លោកដូណាល់ ត្រាំ ជា​ប្រធានាធិបតីអាម៉េរិក​ នៅឆ្នាំ​២០២៥។

លោកនីកូឡា ម៉ាឌូរ៉ូ ម៉ូរ៉ូស កើតនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩៦២ នៅទីក្រុងការ៉ាកាស។ លោក​គឺ​ជាអតីតអ្នកបើកបររថយន្តក្រុង បន្ទាប់មកជាអ្នកតំណាងសហជីប។ លោកនីកូឡា ម៉ាឌូរ៉ូ ក៏​ជា​សមាជិក​នៃចលនាសាធារណរដ្ឋទី៥ វ៉េណេហ្ស៊ូអេឡា។ បន្ទាប់មក លោកបានក្លាយ​ជា​តំណាង​រាស្រ្តពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០០ ជាប្រធានសភាជាតិពីឆ្នាំ​២០០៥ ដល់ឆ្នាំ២០០៦។ បន្ទាប់មកទៀត លោកគឺជារដ្ឋមន្រ្តីក្រសួងការបរទេសពីឆ្នាំ ២០០៦ ដល់​ឆ្នាំ២០១២ និងជា​អនុប្រធានាធិបតី​ប្រទេសវ៉េណេហ្ស៊ូអេឡា ពីឆ្នាំ​២០១២ ដល់ឆ្នាំ ២០១៣។ បន្ទាប់ពីមរណភាព​របស់​លោកប្រធានាធិបតីវ៉េណេហ្ស៊ូអេឡា ហ៊ូហ្គោ ឆាវ៉េស លោកនីកូឡា ម៉ាឌូរ៉ូ ក៏បានក្លាយជា​ប្រធានាធិបតី​ស្តីទី និងបានកាន់តំ​ណែង​ជា​ប្រធានាធិបតីវ៉េណេហ្ស៊ូអេឡា ក្នុងការអនុវត្តរហូត​ដល់​​ថ្ងៃអាម៉េរិកចាប់ខ្លួន។

នៅក្រោមការដឹកនាំលោកនីកូឡា ម៉ាឌូរ៉ូ ប្រទេសវ៉េណេហ្ស៊ូអេឡា ស្ថិតក្រោមផលប៉ះពាល់​ធ្ងន់ធ្ងរ​ពីការធ្លាក់​តម្លៃប្រេងយ៉ាងគំហុគ ដែលជាចំណូលដ៏មាន​សារសំខាន់​សម្រាប់​ប្រទេស។

ចាប់ពីឆ្នាំ២០១៥ សហរដ្ឋអាម៉េរិកក៏បានដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំងនឹង​វ៉េណេហ្ស៊ូអេឡា ដែលចូលរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចវ៉េណេហ្ស៊ូអេឡាអស្ថិរភាពយ៉ាងធ្ងន់ធ្ងរ។

តាំងពីយូរ លោកនីកូឡា ម៉ាឌូរ៉ូ បានបរិហារអំពីការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងវ៉េណេហ្ស៊ូអេឡា​ដោយសហរដ្ឋអាម៉េរិក។ ទណ្ឌកម្មដ៏ធ្ងន់ធ្ងររបស់អាម៉េរិកបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ នៅអំឡុងអណត្តិទី១ របស់ប្រធានាធិបតីអាម៉េរិកលោកដូណាល់ ត្រាំ។ ការរាំងខ្ទប់​ប្រតិបត្តិ​ការ​ប្រេងរបស់វ៉េណេហ្ស៊ូអេឡាត្រូវបានអនុវត្ត ដែលបង្កជាការខូចខាត​យ៉ាងធ្ងន់ធ្ងរ​សម្រាប់​សេដ្ឋកិច្ចវ៉េណេហ្ស៊ូអេឡា ដែលអាស្រ័យមួយផ្នែកដ៏ធំលើការនាំចេញមាស​ខ្មៅនេះទៅ​កាន់​សហរដ្ឋអាម៉េរិក។

នៅឆ្នាំ២០១៦ ប្រទេសវ៉េណេហ្ស៊ូអេឡា ជួបប្រទះនូវគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរដែលមិនដែលមាន​រយៈពេល ៤០ឆ្នាំ ដែលបង្កវិបប្លាសដល់ដំណើរការនៃរោងចក្រវារីអគ្គីសនី និងបង្កជាការខ្វះ​ខាត​​អគ្គីសនី​​ដ៏ធ្ងន់ធ្ងរ។ ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន មូលនិធិរូបិយវត្ថុអន្តរជាតិ IMF វាយតម្លៃថា អត្រា​អតិផរណា​នៅវ៉េណេហ្ស៊ូអេឡា បានឡើង​រហូតដល់ ២៣០០%។

 

 

 

Daily Program

Livesteam thumbnail