មូស្តាហ្វ៉ា ខេម៉ាល់ អាតាទួក បិតា និងជាស្ថាបនិកនៃប្រទេសទួរគី

លោកមូស្តាហ្វ៉ា ខេម៉ាល់ ប៉ាចា ដែលប្រជាជនទួរគីស្គាល់លោកថា អាតាទួក ចាប់តាំងពី​ឆ្នាំ ១៩៣៤ មក គឺជាទាហាន និងជារដ្ឋបុរសទួរគី។ លោកអាតាទួក កើតនៅទីក្រុងថេស​សាឡូណីក នៅឆ្នាំ១៨៨១។ លោក​គឺជាស្ថាបនិក និងជាប្រធានាធិបតីដំបូងនៃ​សាធារណៈ​រដ្ឋ​ទួរគី ពីឆ្នាំ​១៩២៣ ដល់ថ្ងៃ​ទទួល​មរណភាព។

លោកអាតាទួកបង្ហាញមុខនៅឆ្នាំ១៩១១-ឆ្នាំ១៩១២ នៅអំឡុងសង្រ្គាមលីប៊ី ដែលនៅពេល​នោះ​​លោកបានទទួលរងរបួស ភ្នែកខាងឆ្វេង បន្ទាប់មក​នៅសង្រ្គាមលោកលើកទី១ លោក​បាន​ក្លាយជាវរបុរសជាតិ ដែលចូលរួម​ចំណែកយកជ័យជម្នះ លើកងទ័ព​ក្រុម​សម្ព័ន្ធ​​មិត្ត​បារាំង អង់គ្លេស និងរុស្ស៊ី នៅអំឡុងសមរភូមិ ដាកដាណេល នៅ​ឆ្នាំ​១៩១៥។​

នៅអំឡុងការគ្រប់គ្រងចក្រភពអូតូម៉ង់​ដោយកងទ័ពសម្ព័ន្ធមិត្ត លោកអាតាទួក បានបដិសេធ មិនចង់​ឃើញចក្រភពត្រូវបានបែកតាមរយៈសន្ធិសញ្ញា សេវវ្រ៍ នោះឡើយ។ ដោយមាន​ការ​គាំទ្រ​​ពី​អ្នកចូលរួម លោកអាតាទួក បានធ្វើការបះបោរប្រឆាំងនឹងរដ្ឋាភិបាល​ចក្រពត្តិនៃស្តេច​ស៊ុលតង់ និងបង្កើតជាអំណាចនយោបាយទី២ នៅទីក្រុងអង់ការ៉ា។ គឺនៅទីក្រុងនេះហើយ​ដែល​លោកបានដឹកនាំការតស៊ូ បន្ទាប់មកធ្វើសង្រ្គាមប្រឆាំងនឹងអ្នក​ត្រួតត្រានៅអំឡុង​សង្រ្គាម​ឯករាជ្យភាពរបស់ទួរគី។

ក្រោម​ការបញ្ជារបស់លោក កងកម្លាំងទួរគី បានយកឈ្នះកងទ័ពសម្ព័ន្ធ អាម៉េនី និងបារាំង។ បន្ទាប់​មក លោកបានវាយឲ្យបរាជ័យនូវបញ្ជាការរបស់ទាហានក្រិក ដែលគ្រប់គ្រងទីក្រុង និង​តំបន់អ៊ីស្មៀ តំបន់ត្រាសខាងកើត និងកោះមួយចំនួន ដូចជា ហ្គោសេដា បូកាអាដា គុនដា នៅ​ក្នុងសមុទ្រ អេហ្ស៉េ។

បន្ទាប់ពីសមរភូមិ សាកាកយ៉ា ពីខែសីហា ដល់ខែកញ្ញា ឆ្នាំ១៩២១ សមាជជាតិដ៏ធំរបស់ទួរគី បាន​ផ្តល់នាមលោកថា ហ្គ៉ាហ្ស៊ី ដែលមានន័យថា បុគ្គលអ្នកឈ្នះ។ លោកបានឈានទៅ​រុញ​ច្រាន​បានទាំងស្រុងនូវទាហានក្រិកចេញពីប្រទេសទួរគី។ ដោយបានទទួលឥទ្ធិពលពីបដិវត្តន៍បារាំង លោកអាតាទួក បានកេងយកចំណេញ​ពីអ្វីដែល​លោក​​ចាត់ទុកថាជាការមិនស្មោះត្រង់របស់ស្តេចស៊ុលតង់ ម៉េម៉េដទី២ ក្នុងអំឡុងពេលចុះ​សន្ធិសញ្ញា​បញ្ចប់សង្គ្រាមមូដ្រូស នៅឆ្នាំ១៩១៨ ដើម្បីបញ្ចប់រាជ្យរបស់ស្តេចស៊ុលតង់​នៅថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ១៩២២។

មួយឆ្នាំបន្ទាប់ពីសង្រ្គាមឯករាជ្យទួរគី នៅខែតុលា ឆ្នាំ១៩២៣ លោកអាតាទួក បានផ្លាស់ប្តូរ​រដ្ឋធានី​ទួរគី​​ទៅអង់ការ៉ា។ សមាជសភាជាតិទួរគី បានប្រកាសថាទួរគី​ជា​សាធារណៈរដ្ឋ ហើយ​លោក​អាតាទួក ក៏បានក្លាយជាប្រធានាធិបតីទី១ នៃសាធារណៈរដ្ឋ​ទួរគី។

លោកអាតាទួក បានធ្វើឲ្យប្រទេសទួរគីមានលក្ខណៈបែបអឺរ៉ុប​តាមរយៈកំណែទម្រង់ដាច់ខាត​ជាច្រើនក្នុងឆន្ទៈម៉ឺងម៉ាត់​ក្នុងការផ្តាច់ទួរគីចេញពីអតីតកាលជារាជាធិបតេយ្យអូតូម៉ង់ និង​ឥស្លាម។ ដូច្នេះ លោកអាតាទួកបានចែងបញ្ចូលគោលការណ៍សាសនាឯករាជ្យ​ពីរដ្ឋទៅក្នុងរដ្ឋ​ធម្មនុញ្ញ​​ថ្មី ដែលត្រូវបានអនុម័តនៅឆ្នាំ១៩២៤ ដកសាសនាឥស្លាមជាសាសនាផ្លូវការ ខណៈ​ដែល​រដ្ឋនៅតែគ្រប់គ្រងសាសនា តាមអំណាចរដ្ឋ បោះបង់អង្គភាពច្បាប់ឥស្លាមឆារីយ៉ា ផ្តល់​សិទ្ធិឲ្យស្ត្រីមានសិទ្ធិឆ្នោត និងជំនួសអក្សរអារ៉ាប់ដោយអក្សរឡាតាំងវិញដែរ។  លោក​អាតាទួក​បានដឹកនាំ​ការ​ធ្វើបដិវត្តសង្គម និងវប្បធម៌ទួរគី​ដែលមិនធ្លាប់មានពីមុនដែលជាទូទៅ​ត្រូវ​បានហៅថា ជា​បដិវត្តន៍ខេម៉ាល់។ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៣៤ សភាជាតិបាន​ផ្តល់​នាម​លោកលោកមូស្តាហ្វ៉ា ខេម៉ាល់ ប៉ាចា ថា អាតាទួក ដែលអាចប្រែតាមភាសាទួរគីថា ជា​បិតា​នៃទួរគី។

លោកអាតាទួក បានទទួលមរណភាព​ដោយជំងឺក្រពះ នៅអាយុ៥៧ឆ្នាំ នៅទីក្រុងអ៊ីស្តង់ប៊ូល នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៣៨

 

Daily Program

Livesteam thumbnail