មីស្ហ៉ែល បាជេឡេ ៖ ពីអ្នកទោសនយោបាយ មកជាប្រធានាធិបតីស្រ្តីដំបូងនៅ​អាម៉េរិក​​ខាង​ត្បូង

ពីគុកងងឹតនៃរបបយោធា ស្ត្រីដែលឆ្លងកាត់ការធ្វើទារុណកម្មបានតស៊ូរហូតក្លាយជា​ប្រធានាធិបតី​​ស្ត្រីដំបូងគេនៅឈីលី និងមានបេះដូងនៃកំណែទម្រង់សិទ្ធិ​មនុស្សនៅលើឆាក​អន្តរជាតិ។

កើតនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៥១ នៅទីក្រុងសង់ទីត្យាហ្គោ ប្រទេសឈីលី អ្នកស្រីមីស្ហ៉ែល បាជេឡេ (Michelle Bachelet) គឺជាកូនស្រីរបស់ឧត្តមសេនីយ៍យោធាកងទ័ពអាកាស​ដែល​មាន​ខ្សែស្រឡាយជាជនជាតិបារាំង ដែលដាំទំពាំងបាយជូរនៅតំបន់បួរហ្គោញ ប្រទេស​បារាំង។ ជោគវាសនានយោបាយរបស់អ្នកស្រីបានចាប់ផ្តើមដោយភាពជូរចត់ នៅពេលដែល​ឪពុក​របស់​អ្នកស្រី ដែលនៅប្រកាន់ភាពស្មោះត្រង់នឹងប្រធានាធិបតីអាឡេនដេ ត្រូវបានចោទ​ថា​ជា​​ជន​​ក្បត់ និងទទួលរងទារុណកម្មរហូតដល់ស្លាប់ដោយសារការគាំងបេះដូងនៅឆ្នាំ​១៩៧៤។ មិន​​យូរ​ប៉ុន្មាន អ្នកស្រី និងម្តាយក៏ត្រូវបានគេចាប់ខ្លួន និងធ្វើទារុណកម្ម នៅគុកវីឡា​ហ្គ្រ៊ីម៉ាល់ឌី ដែរ។ ក្រោយ​ពេលដោះលែង ពួកគាត់បានធ្វើនិរទេសខ្លួនទៅអូស្ត្រាលី ចំណែក​អ្នក​ស្រី​​មីស្ហ៉ែល បានបន្តរៀន​វេជ្ជសាស្ត្រ​នៅអាឡឺម៉ង់ខាងកើត រួចវិលត្រឡប់មកឈីលីវិញនៅ​ឆ្នាំ​១៩៧៩ ដើម្បីធ្វើជា​គ្រូពេទ្យ​កុមារ។

បេះដូងក្លាហានបានញ៉ាំងឱ្យអ្នកស្រីមានចំណាប់អារម្មណ៍លើរឿងនយោបាយ។ ដំណើរឡើង​កាន់​​អំណាច​របស់អ្នកស្រីបានហក់ឡើងជាបន្តបន្ទាប់ ពីជារដ្ឋមន្ត្រីសុខាភិបាល នៅឆ្នាំ២០០០ រហូត​​​ក្លាយ​ជារដ្ឋមន្ត្រីក្រសួងការពារជាតិស្ត្រីដំបូងគេនៅអាម៉េរិកឡាទីននៅឆ្នាំ ២០០២។ នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ២០០៦ អ្នកស្រីបានបង្កើតប្រវត្តិសាស្ត្រជាប្រធានាធិបតី​ស្ត្រីដំបូងគេដែល​ជាប់​​ឆ្នោត​​​​នៅអាម៉េរិកខាងត្បូង ដោយទទួលបានសំឡេងគាំទ្រ ៥៣,៥%។ ក្នុងអាណត្តិទី១ អ្នកស្រី​​បាន​​បង្កើតរដ្ឋាភិបាលសមាមាត្រយេនឌ័រស្មើគ្នា និងធ្វើកំណែទម្រង់ប្រព័ន្ធសោធន​និវត្តន៍ និង«យន្តការ​​ការពារសន្តិសុខសង្គម» សម្រាប់ប្រជាជនឈីលីរាប់លាននាក់។

ដូច្នេះអ្នកស្រីមីស្ហ៉ែលត្រូវបានទស្សនាវដ្តីហ្វ៉ប (Forbes) ដែលមានចំណាត់ថ្នាក់បុគ្គល​ល្បីល្បាញ បានចាត់ថ្នាក់អ្នកស្រី ជា​ស្ត្រី​មានអំណាច​បំផុត​មួយរូបនៅលើពិភពលោក។ ​

ក្រោយ​ពេល​ដឹកនាំអង្គការសហប្រជាជាតិដើម្បីសមភាពយេនឌ័រ (UN Women) អ្នកស្រីបាន​ត្រឡប់​មកឈីលី យកឈ្នះការបោះឆ្នោតប្រធានាធិបតីអាណត្តិទី២ នៅឆ្នាំ២០១៣ ដោយ​សំឡេង​គាំទ្រ​រហូត​ដល់ ៦២,១៦%។ ក្នុងអាណត្តិទី២ ពីឆ្នាំ២០១៤-២០១៨ អ្នកស្រីបានជំរុញ​កំណែ​ទម្រង់​ពន្ធដារ ការទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នា ការពារបរិស្ថាន និងប្រឆាំង​គម្រោង​​រុករក​រ៉ែ​ដែល​គំរាមកំហែងសត្វភេនឃ្វីនហាំបូលដ៍។ ទោះជាយ៉ាងណា វិបត្តិសេដ្ឋកិច្ចពី​ការ​ធ្លាក់​ថ្លៃ​ទង់ដែង បាតុកម្មនិស្សិត និងរឿងអាស្រូវហិរញ្ញប្បទានពាក់ព័ន្ធនឹងកូនប្រុស​របស់​អ្នកស្រី បានធ្វើឱ្យប្រជាប្រិយភាពរបស់អ្នកស្រីធ្លាក់ចុះមកត្រឹម ២២% នៅឆ្នាំ២០១៥។

នៅឆ្នាំ២០១៨ អ្នកស្រីត្រូវបានតែងតាំងជាស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិ​សម្រាប់​សិទ្ធិ​មនុស្ស។ អ្នកស្រីបង្ហាញជំហរម៉ឺងម៉ាត់រិះគន់ការប្រព្រឹត្តលើជនចំណាកស្រុកនៅ​លោក​ខាងលិច និងទាមទារឱ្យបារាំងស៊ើបអង្កេតចំពោះហិង្សារបស់ប៉ូលីសលើចលនាក្រុមអាវកាក់​​លឿង។ អ្នកស្រីបានចុះធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងឆ្នាំ២០២២ ដែលបង្កប្រតិកម្មពី​សមាគម​​ជាង ២៣០ រហូតដល់អ្នកស្រីសម្រេចមិនបន្តអាណត្តិទី២។ នៅឆ្នាំ២០២៥ ប្រទេស​ឈីលី​​បាន​ស្នើ​​បេក្ខភាព​អ្នកស្រីសម្រាប់អគ្គលេខាធិការ សហប្រជាជាតិ ប៉ុន្តែដោយសារការ​ដក​ការគាំទ្រ​ពី​រដ្ឋាភិបាល​ថ្មី​​របស់​​លោកចូហ្ស៉េ អន់តូនីញ៉ូ កាស្ត៍ អ្នកស្រីក៏បានសម្រេចដក​បេក្ខភាព​​នៅ​ខែ​កញ្ញា ឆ្នាំ​២០២៦។

អ្នកស្រី មីស្ហ៉ែល បាជេឡេ នៅតែជាមេដឹកនាំដែលទទួលបានទាំងការកោតសរសើរ និងការ​រិះ​គន់។ ដំណើរ​ជីវិតពីជនរងគ្រោះរហូតដល់កំពូលអ្នកដឹកនាំរបស់អ្នកស្រី គឺជាសក្ខីភាព​ឆ្លុះ​បញ្ចាំង​​យ៉ាង​ច្បាស់អំ​ពី​ក្តីសង្ឃឹម និងដែនកំណត់នៃអំណាចនយោបាយ។

 

Daily Program

Livesteam thumbnail
khmer popup image