ព្រះចៅអធិរាជ ហាកស្ហ៉ា វ៉ាកដាណា អ្នកបង្រួបបង្រួមឥណ្ឌាភាគខាងជើង
ព្រះចៅហាកស្ហ៉ា វ៉ាកដាណា គឺជាអធិរាជឥណ្ឌានៃចក្រភពហាកស្ហ៉ា ដែលបានបង្រួបបង្រួម និងសោយរាជ្យនៅភាគខាងជើងនៃប្រទេសឥណ្ឌានៅអំឡុងរយៈពេលជាង ៤០ឆ្នាំ ពីឆ្នាំ៦០៦ ដល់ ឆ្នាំ៦៤៧។
ព្រះចៅហាកស្ហ៉ា គឺជាបុត្រពៅរបស់ព្រះរាជា ប្រាហាការ៉ាវាដាណា គឺជាស្តេចនៃ ថាណេសវ៉ាក ដែលជារាជធានីនៃព្រះរាជាណាចក្រមួយជិតទីក្រុងឡាហ័រនាពេលសព្វថ្ងៃ។ អធិរាជហាកស្ហ៉ា វ៉ាកដាណា សោយរាជ្យនៅរាជធានីកាណូ នៅឆ្នាំ៦០៦។ រាជធានីកាណូ បានក្លាយជាទីក្រុងមួយដ៏មានសារសំខាន់ និងមានការរីកចម្រើនរុងរឿងលើសពីទីក្រុងប៉ាតាលីពូត្រា ដែលជាទីក្រុងធំមួយទៀតក្នុងតាមអាងដងទន្លេគង្គា និងបានធ្វើឲ្យមានការផ្ទុះសង្គ្រាមជាមួយគ្នា ដើម្បីបង្រួបបង្រួមចក្រភព និងការពង្រីកអំណាចរបស់ចក្រភពហាកស្ហ៉ាលើឥណ្ឌាភាគខាងជើង។ ព្រះចៅហាកស្ហ៉ា បានចូលកាន់កាប់តំបន់ប៉ានចាប និងផ្នែកខ្លះនៃរាជាណាចក្រប៊ីហា និងបឹងហ្គាល់ ដោយបញ្ចូលរួបរួមអាណាចក្រតូចៗជាច្រើន ដែលតែងតែប្រយុទ្ធគ្នាមិនឈប់មិនឈរ។ នៅឆ្នាំ៦១២ ព្រះអង្គបានបង្រួបបង្រួមទឹកដីនៅភាគខាងជើងនៃទន្លេណាកម៉ាដា។ ព្រះចៅហាកស្ហ៉ា ក៏ជាម្ចាស់នៃជ្រលងទន្លេគង្គា ទីក្រុងវ៉ារាណាស៊ី ប្រាយ៉ា និងជាស្តេចនៃតំបន់ ស៊ីន កាស្មៀរ៍ និងណេប៉ាល់ផងដែរ។
នៅឆ្នាំ៦២០ ព្រះចៅហាកស្ហ៉ា បានវាយប្រហារលើរាជាណាចក្រ ចាលូកយ៉ា ដែលដឹកនាំដោយស្តេច ពូឡាកេហ្ហ៊ីន ទី២ នៅតំបន់ខ្ពង់រាប ដេកកាន។ ព្រះចៅហាកស្ហ៉ា ក៏បានចងសម្ព័ន្ធភាពជាមួយព្រះអង្គ បាសការ៉ាវរ្ម័ន នៃរដ្ឋអាសាមសព្វថ្ងៃ និងពង្រីកការគ្រប់គ្រងរបស់ព្រះអង្គកាន់តែទៅទិសខាងកើត។ ទោះបីជាយ៉ាងណា អាណាចក្រតូចៗនៅជាយព្រំដែន ដែលមិនទទួលស្គាល់នូវអធិរាជភាពរបស់ព្រះអង្គ ក៏បានព្យាយាមស្វែងរកការពេញចិត្ត និងទទួលស្គាល់ឥទ្ធិពលដ៏លើសលប់របស់ព្រះអង្គដែរ។
ទោះបីជាព្រះចៅហាកស្ហ៉ា ជាហិណ្ឌសាសនិក កាន់និកាយសិវៈ ក៏ព្រះអង្គត្រូវបានគេស្គាល់ថា មានការយោគយល់ច្រើនខាងសាសនាផងដែរ។ នេះត្រូវបានរាយការណ៍ដោយព្រះសង្ឃចិន ស័នចាង ដែលបានទៅទស្សនកិច្ចឥណ្ឌានាពេលនោះ។ ព្រះចៅហាកស្ហ៉ា ក៏ជាអ្នកដឹកនាំល្អម្នាក់ ដែលបានយករបបរដ្ឋបាលនៃរាជវង្សហ្គូបតា មកប្រើធ្វើជាគំរូ។ ទោះបីជាក្សត្រមានអំណាចដាច់ខាតក៏ដោយ ព្រះអង្គបានទុកឲ្យរាជាចំនុះនានា ដែលជាប់បំណុល មានសិទ្ធិអធិបតេយ្យភាពយ៉ាងច្រើន។ ក្រោមការគ្រប់គ្រងរបស់ព្រះអង្គ ភូមិឥណ្ឌានានាបានដំណើរការតាមគំរូប្រពៃណីរបស់ខ្លួន ដែលប្រៀបបានដូចជាសាធារណរដ្ឋតូចៗ។ ពន្ធរដ្ឋត្រូវបានកំណត់ ដូចតាមធម្មតានៃប្រវត្តិសាស្ត្រឥណ្ឌា គឺ១/៦ នៃការប្រមូលផលចម្រុះ។ ព្រះមហាក្សត្រតែងបានស្តាប់ដោយអត់ធ្មត់ចំពោះការតវ៉ារបស់ប្រជាជនលើប្រធានបទនានាដោយការដាក់ខ្លួនទាបបំផុត។
ព្រះរាជាហាកស្ហ៉ា វ៉ាកដាណា គឺជាអ្នកការទូតដ៏ល្អ ដែលបានរក្សាទំនាក់ទំនងជាប់លាប់ និងហុចផលប្រយោជន៍ទៅវិញទៅមកជាមួយប្រទេសចិន។
បើតាមព្រះសង្ឃចិន ស័នចាង បានឲ្យដឹងថា ព្រះចៅហាកស្ហ៉ាបានដូរទៅកាន់សាសនាព្រះពុទ្ធមហាយាន។ ព្រះអង្គនៅតែរក្សាទុកចរិកអត់ឱន ប៉ុន្តែមានភាពតឹងរ៉ឹងជាងស្តេចអាស្ហ៉ូកា ក្នុងការហាមឃាត់ការសម្លាប់សត្វ និងការបរិភោគសាច់សត្វ។ នេះបានធ្វើឲ្យការអនុវត្តជីវិតជាអ្នកបួស កាន់តែរីករាលដាលនៅឧបទ្វីបឥណ្ឌា។ ព្រះអង្គក៏ជាអ្នកឧបត្ថម្ភទំនុកបម្រុង និងបានផ្តល់ជំនួយធំៗដល់វិស័យសិក្សាធិការ មានសកលវិទ្យាល័យព្រះពុទ្ធសាសនា ណាឡង់ដាជាដើម។
ព្រះរាជាហាកស្ហ៉ា វ៉ាកដាណា បានសោយទីវង្គត់នៅក្នុងការប្រយុទ្ធជាមួយស្តេចស្ហ៉ាស្ហ៉ានដា នៃរាជាណាចក្រហ្គូដានៅប្រមាណឆ្នាំ៦៤៧។ ដោយមិនមានអ្នកស្នងជាបុត្រប្រុស បុត្រប្រុសនៃបុត្រីព្រះអង្គ ក៏បានឡើងសោយរាជ្យបន្តក្នុងនាមដ្រូវ៉ាសឺណា ទី៤។