របរតាំងពីជំនាន់ម៉ែ អាចរកចំណូលបានរាប់សិបដុល្លារក្នុងមួយខែ

ឱ្យតែនិយាយអំពីពងទាកូន អ្នកណាក៏ស្គាល់ដែរ ប៉ុន្តែបើនិយាយពីកន្លែងលក់ដែលមានរសជាតិឆ្ងាញ់ពិសេស និងមានអតិថិជនជិះកាត់មិនដែលរំលងនោះ គឺច្បាស់ជាទីតាំងដ៏ល្បីល្បាញមួយនៅក្បែរផ្សារតាប៉ាង។ ស្ថិតក្រោមដំបូលតង់ពណ៌ខៀវ ពីមុខផ្ទះចាស់បាក់បែក មនុស្សម្នាជាច្រើនកំពុងអង្គុយជុំគ្នាញ៉ាំយ៉ាងប្រញាប់ប្រញាល់ រីឯអ្នកខ្លះទៀតឈរកម្ម៉ង់ខ្ចប់ទៅទទួលទាននៅផ្ទះយ៉ាងកកកុញ។

ឈរដួសពងទាកូនក្តៅៗចេញពីឆ្នាំង អ្នកនាង សុភាព ដែលជាអ្នកលក់មុខស្រស់ បានរៀបរាប់ទាំងទឹកមុខញញឹមអឹមអៀនថា ទីតាំងលក់ពងទាកូននៅមុខផ្ទះបាក់បែកនេះ គឺជាអាជីពដើមរបស់ម្ដាយអ្នកនាង។ ម្តាយរបស់អ្នកនាងជាស្ត្រីមេម៉ាយ និងបានចាប់អាជីពលក់ពងទាកូននេះដើម្បីជួយចិញ្ចិមកូនបីនាក់។ គាត់បានលក់នៅផ្សារតាប៉ាងនេះចាប់តាំងពីឆ្នាំ ១៩៨៧ បានរយៈពេល ១០ឆ្នាំ បន្ទាប់មកអ្នកនាងក៏បានបន្តវេនលក់ពីគាត់រហូតមកដល់បច្ចុប្បន្ននៅមុខផ្ទះបាក់បែកដដែលនេះ រហូតអ្នកណាក៏ស្គាល់ដែរឱ្យតែនិយាយថាពងទាកូនឆ្ងាញ់ផ្សារតាប៉ាងផ្ទះបាក់បែក។

អ្នកនាងបានបន្តថា កាលពីជំនាន់ម្ដាយរបស់អ្នកនាង គឺលក់បានត្រឹមតែ ១០០ ទៅ ២០០គ្រាប់ប៉ុណ្ណោះក្នុងមួយថ្ងៃ។ ប៉ុន្តែបច្ចុប្បន្ននេះ ដោយសារតែមានការគាំទ្រកាន់តែខ្លាំង អ្នកនាងអាចលក់បានរហូតដល់ ៧០០គ្រាប់ក្នុងមួយថ្ងៃ ដោយក្នុងមួយគ្រាប់លក់ក្នុងតម្លៃ ២,០០០រៀល។ បើគិតជាចំណូលសរុបប្រចាំខែ គឺអាចប្រមូលបានជាង ១ម៉ឺនដុល្លារ។

ចំពោះរូបមន្តដែលធ្វើឱ្យអតិថិជនជាប់ចិត្ត អ្នកនាង សុភាព បានបកស្រាយថា ទីមួយគឺគុណភាពពងទាកូន ដោយមានម៉ូយយកមកបោះឱ្យដល់ផ្ទះ និងជ្រើសរើសយកតែពងល្អៗលេខមួយប៉ុណ្ណោះ។ ទីពីរគឺទឹកជ្រលក់រូបមន្តពិសេស ដែលជាការលាយបញ្ចូលគ្នារវាងទឹកត្រីផ្អែមជាមួយអំបិលម្រេច បង្កើតបានជាឱជារសឆ្ងាញ់ប្លែកខុសពីកន្លែងដទៃ ហើយនេះគឺជាបេះដូងនៃហាងរបស់អ្នកនាងតែម្តង។

ពងទាកូនផ្សារតាប៉ាងផ្ទះបាក់បែក ទទួលបានការគាំទ្រពីភ្ញៀវគ្រប់លំដាប់ថ្នាក់ ចាប់តាំងពីអ្នកដើរថ្មើរជើង អ្នកជិះម៉ូតូ រហូតដល់អ្នកបើកបររថយន្តទំនើបៗ។ អតិថិជនភាគច្រើនបានលើកឡើងថា ពងទាកូននៅទីនេះមានកម្ដៅក្តៅល្អ ជាពិសេសពេលញ៉ាំជ្រលក់ជាមួយទឹកត្រីផ្អែមលាយអំបិលម្រេច គឺរឹតតែឆ្ងាញ់ទ្វេដង។ អ្នកខ្លះទៀតជានិយោជិត ដើរមកញ៉ាំតាំងពីនៅរៀន រហូតដល់រៀនចប់ចូលធ្វើការ ក៏នៅតែបន្តមកគាំទ្រដដែល។

ក្រៅពីមានរសជាតិឆ្ងាញ់ពិសា ពងទាកូនក៏ជាអាហារដែលផ្តល់អត្ថប្រយោជន៍សុខភាពជាច្រើនផងដែរ។ វាជាប្រភពប្រូតេអ៊ីន និងអាស៊ីតអាមីណេខ្ពស់ដែលជួយកសាងសាច់ដុំដល់រាងកាយ ព្រមទាំងសម្បូរទៅដោយជាតិកាល់ស្យូមល្អដែលជួយពង្រឹងដល់ឆ្អឹង និងធ្មេញ។ មិនតែប៉ុណ្ណោះ វាក៏មានជាតិដែកខ្ពស់ដែលជួយក្នុងការផលិតកោសិកាគ្រាប់ឈាមក្រហម និងទប់ស្កាត់ការខ្វះជាតិដែក។ សម្រាប់អ្នកចង់សម្រកទម្ងន់ ពងទាកូនមួយគ្រាប់មានថាមពលតិចជាង ២០០កាឡូរី ដែលអាចជួយឱ្យឆាប់ឆ្អែត និងទប់ស្កាត់ការឃ្លានអាហារផ្តេសផ្តាសបាន។

ទោះជាយ៉ាងណាក៏ដោយ អ្វីដែលប្រុងប្រយ័ត្ននោះគឺពងទាកូនជាអាហារដែលសម្បូរទៅដោយជាតិកូលេស្តេរ៉ូលខ្ពស់។ ដូច្នេះ ប្រសិនបើអ្នកត្រូវបានគ្រូពេទ្យណែនាំឱ្យតាមដាន ឬកាត់បន្ថយការញ៉ាំកូលេស្តេរ៉ូល គប្បីទទួលទានពងទាកូនក្នុងកម្រិតមធ្យម ឬសមល្មមបានហើយ៕

 

Daily Program

Livesteam thumbnail