បុរសម្នាក់ចិញ្ចឹមសត្វកណ្តុរលក់ អាចរកចំណូលកាក់កបគ្រាន់បើ

សត្វកណ្តុរត្រូវបានមហជនទូទៅចាត់ទុកថាជាសត្វចង្រៃ ឬសត្វកង្វក់ជាដើម តែបុរសម្នាក់រស់នៅខេត្តបាត់ដំបង ប្រែក្លាយសត្វនេះទៅជា ការចិញ្ចឹមយកទាំងសាច់ និងកូន​ បោះលក់នៅលើទីផ្សារ បានចំណូលគ្រាន់បើ ហើយមានការបញ្ជាទិញឥតដាច់ពីអតិថិជន។

លោក មុយ រ៉ើន ជា​អតីត​ពលករ​សំណង់​នៅ​ប្រទេស​ថៃ ដោយ​មើល​ឃើញ​ការ​ចិញ្ចឹម​កណ្តុរ​នៅ​ប្រទេស​ថៃ ហើយ​ក៏​គិត​ថា​ថ្ងៃ​ណាមួយ​វិល​ត្រឡប់​មក​ស្រុក​វិញ​រក​របរ​មួយ​សម្រាប់​ចិញ្ចឹម​គ្រួសារ លោក​ក៏​ផ្តើម​ចិញ្ចឹម​កណ្តុរ​ប្រែង នៅ​ពេល​វិល​មក​ស្រុកវិញ​ក្នុង​ឆ្នាំ២០១៩ ដោយ​ឈប់​ទៅ​ធ្វើ​ការ​ជា​កម្មករ​នៅ​ស្រុក​ថៃ​ទៀតហើយ។

លោក មុយ រ៉ើន បានអោយដឹងថា ៖«ខ្ញុំចាប់ផ្តើមចិញ្ចឹមតាំងពីឆ្នាំ២០១៩ មានកណ្តុរចំនួនប្រហែលពី ២ទៅ៣គូរប៉ុណ្ណោះទេ តែក៏ចិញ្ចឹមមកដល់បច្ចុប្បន្ននេះ ខ្ទង់ចន្លោះពី៦០០ ទៅ១០០០ក្បាល ទៅតាមខែណាដែលវា (កណ្តុរ)​ កើតច្រើន​ ហើយយើងលក់ចេញតិចច្រើនតាមណឹង»។

អ្នកចិញ្ចឹមកណ្តុររូបនេះ រស់នៅ ភូមិសួនស្លា ឃុំក្ដុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង បានបន្តថា ការ​ចិញ្ចឹម​កណ្ដុរ​ប្រែង មិន​ពិបាក​នោះ​ឡើយ ដោយ​យើង​រៀប​ចំ​ជា​លូ ឬ​អាង​ស៊ីម៉ង់ ហើយ​ដាក់​ចំណី​ឱ្យ​វា​ស៊ី​មួយ​ថ្ងៃ​ម្តង​ ដែល​កណ្តុរ​ចិញ្ចឹម ពួក​វា ស៊ី​ដូច​តែ កណ្តុរ​ស្រែ​អ៊ីចឹង​ដែរ។

លោក មុយ រ៉ើន បន្ថែមថា ៖«និយាយទៅខ្ញុំអ្នកហូបសត្វកណ្តុរតាំងពីតូចៗ រហូតមកដល់ដឹងក្តីមក ព្រោះខ្ញុំចូលចិត្តរកកណ្តុរតាំងតែពីតូចៗ និងចូលចិត្តលក្ខណៈចិញ្ចឹមសត្វ តែមកចប់ត្រឹមចិញ្ចឹមកណ្តុរណឹង ដោយសារតែសត្វកណ្តុរណឹងវាជាចំណង់ចំណូលចិត្តរបស់យើង ហើយកណ្តុរណឹងចិញ្ចឹមងាយផង វាមិនប្រើចំណាយពេលច្រើនសម្រាប់ការងារជាប្រចាំថ្ងៃរបស់យើង យើងប្រើពេលតែពេលល្ងាច និងពេលព្រឹកថែវាបន្តិចៗប៉ុណ្ណោះ»។

ពាក់ព័ន្ធនឹងការចិញ្ចឹម ដើម្បីចិញ្ចឹមកណ្ដុរបានល្អ ចាំបាច់គឺត្រូវកាតកន្លែងចិញ្ចឹមដែលអាចធ្វើជាទ្រុង ឬលូ ដើម្បីងាយស្រួលចិញ្ចឹម និងមើលថែ ក្រៅពីនេះគឺត្រូវការទិញពូជ និងចំណីបន្តិចបន្តួច ហើយសម្រាប់អ្នកដែលមានបំណងចង់ចិញ្ចឹម គឺមានដើមទុនត្រឹមប្រមាណ៥០ដុល្លារក៏អាចចិញ្ចឹមបានដែរ។ ដោយឡែកចំពោះចំណីវិញ កណ្ដុរជាសត្វមួយដែលងាយស្រួលឱ្យចំណី អាចដាក់ជាស្រូវ ពោត សណ្ដែក ដំឡូង និងបន្លែជាដើម។ បន្ថែមពីនេះ ក៏អាចប្រើចំណីបន្ថែមដូចជាចំណីមាន់ ឬចំណីជ្រូក ២-៣ដងក្នុងមួយសប្ដាហ៍ជាការស្រេច។

យ៉ាង​ណា​មិញ រហូត​មក​ដល់​បច្ចុប្បន្ន ​កសិករ​រូប​នេះ មាន​អាង​សម្រាប់​ដាក់​កណ្តុរ​ជាង ១០០ ហើយ​លោក​ចិញ្ចឹម​លក់​កូន និង​សាច់ ពិសេស​ជាង​នេះ​ទៅ​ទៀត លោក​អាច​ធ្វើជាកណ្តុរខ្វៃ សម្រាប់​អតិថិជន អាច​កុម្ម៉ង់​យក​ទៅបរិភោគ​បានថែមទៀតផង​ ដោយ​ក្នុងមួយខែៗ​អាច​រក​ចំណូល បានគួរសម ហើយ​អាច​ផ្គត់ផ្គង់​កណ្តុរ​សាច់​ពី ៧០ ទៅ ១០០ គីឡូក្រាម។ ហើយកណ្តុរសាច់ ២៥ ០០០រៀលក្នុងមួយគីឡូក្រាម ចំណែកប្រភេទខ្វៃហើយ ចាប់ពី១០ដុល្លាឡើងទៅក្នុងមួយគីឡូក្រាម ចំណែកកូនក្នុងមួយគូរ ចាប់ពី២៥ ទៅ៣០ដុល្លាឡើងទៅ។

លោក មុយ រ៉ើន បន្តថា ៖«និយាយទៅកណ្តុរប្រែងប្រភេទពូជយកមកពីប្រទេសថៃ ហើយបច្ចុប្បន្ននេះយើងបង្កាត់នៅក្នុងស្រុក។ ដំបូងឡើយខ្ញុំចិញ្ចឹមនៅខាងថៃ ខ្ញុំធ្វើការសំណង់បណ្តើររៀនបណ្តើរបន្តិចបន្តួច ហើយនៅពេលដែលយើងមានលទ្ធភាព ក៏មកបង្កើតជាកសិដ្ឋាននៅខ្មែរយើង ឥឡូវយើងមានតែកណ្តុរនៅក្នុងស្រុកសុទ្ធទេ»។

កសិករ​រូប​នេះ បាន​បន្ត​ដែរ​ថា បច្ចុប្បន្ន​ គឺ​សម្បូរ​អ្នក​និយម​បរិភោគ​សត្វ​កណ្តុរ ពិសេស​កណ្តុរខ្វៃ ដោយ​សព្វថ្ងៃលោក​ថា ខ្វះ​កណ្តុរ​ក្នុង​​ការផ្គត់ផ្គង់​ដល់អតិថិជន ហើយ​សម្រាប់​អ្នក​ចិញ្ចឹម​កណ្តុរ​លោក​ទទួល​ទិញ​វិញ​​។ បន្ថែម​ពី​នេះ លោក​រីក​រាយ​នឹង​ចែក​បទ​ពិសោធន៍​ចិញ្ចឹម​មិនថា​ទិញ​​ពី​លោក ឬ​ចិញ្ចឹម​នៅ​កន្លែង​ផ្សេង​ក្តី លោក​មិន​ប្រកាន់​នោះ​ឡើយ ហើយ​សព្វថ្ងៃ​ជីវភាព​របស់​ក្រុម​គ្រួសារ​លោក​​បាន​គ្រាន់បើ​ដោយ​សារ​បាន​ពី​ការ​ចិញ្ចឹម និង​លក់​សាច់​កណ្ដុរប្រែង ពិសេស​គឺ កណ្ដុរ​ខ្វៃ​តែម្ដង។

លោក មុយ រ៉ើន បន្ថែមថា ៖«ខ្ញុំចង់អោយសាច់កណ្តុរកាន់តែមានច្រើនចរាចរណ៍នៅក្នុងទីផ្សារ ហើយក៏ចង់អោយទទួលស្គាល់កណ្តុរចិញ្ចឹមរបស់យើង ព្រោះកណ្តុរចិញ្ចឹមរបស់យើងមានលក្ខណៈស្អាត តាមបច្ចេកទេស ដែលមិនលែងពាសវាលពាសកាល ដូចបងប្អូនដែលតែងតែមកថតគ្រប់គ្នាថា មិនមានក្លិនដូចសត្វមាន់អីទេ ដូចមាន់២០០ទៅ៣០០ក្បាល យើងចិញ្ចឹមក្បែរអ្នកស្រុកអីអត់បានទេ មានក្លិនមិនអាចចិញ្ចឹមកើតទេ»។

ទាក់ទងនឹងផលលំបាកលើការចិញ្ចឹមសត្វកណ្តុរប្រភេទនេះ ត្រូវបានម្ចាស់កសិដ្ឋានរូបនេះបញ្ជាក់ថា ហាក់មិនមានអ្វីលំបាកច្រើនពេកនោះទេ ហើយបើចិញ្ចឹមក្នុងទ្រង់ទ្រាយតិចតួចរឹតតែមិនប៉ះពាល់ដល់កិច្ចការងារប្រចាំថ្ងៃនោះទេ។ ដោយឡែក សម្រាប់គម្រោងនាពេលអនាគត លោក មុយ រើន ចង់ពង្រីកការចិញ្ចឹមកណ្ដុរឱ្យកាន់តែធំ និងធ្វើឱ្យទីផ្សារសាច់កណ្ដុរកាន់តែទូលំទូលាយដូចសាច់ដទៃទៀតដែរ៕

 

Daily Program

Livesteam thumbnail