បង្កើតរ៉ូបូតដឹកជញ្ជូនវៃឆ្លាត ឆ្លុះបញ្ចាំងពីសមត្ថភាពពិតរបស់កូនខ្មែរ
នៅក្នុងយុគសម័យនៃការវិវត្តជឿនលឿននៃបច្ចេកវិទ្យាឌីជីថល និងបដិវត្តឧស្សាហកម្ម ៤.០ ការបង្កើតថ្មី និងការស្រាវជ្រាវផ្នែកបច្ចេកវិទ្យា បានក្លាយជាកាតាលីករយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ។ ឈរលើមូលដ្ឋាននេះ និស្សិតកម្ពុជានៃវិទ្យាស្ថានជាតិពហុបច្គេកទេសកម្ពុជា (NPIC) ដែលជាគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសឈានមុខមួយ បានខិតខំប្រឹងប្រែងច្នៃប្រឌិតបង្កើតនូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងសង្គម និងវិស័យផលិតកម្ម។
ជាក់ស្តែង គម្រោងអភិវឌ្ឍន៍រ៉ូបូតដឹកជញ្ជូនវៃឆ្លាតនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមក្នុងការដឹកជញ្ជូន កាត់បន្ថយការប្រើប្រាស់កម្លាំងពលកម្មមនុស្សក្នុងកិច្ចការដដែលៗ និងលើកកម្ពស់ប្រសិទ្ធភាពការងារក្នុងខ្សែច្រវាក់ផលិតកម្មទំនើប។
នៅក្នុងដំណើរការអភិវឌ្ឍន៍បច្ចេកវិទ្យាដ៏គួរឱ្យកត់សម្គាល់នេះ យុវជន ស្មាន អាប់ឌុលឡាហ្សីក និស្សិតជំនាញវិស្វកម្មមេកានិក នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងជាសមាជិកដ៏សំខាន់ម្នាក់ក្នុងក្រុមស្រាវជ្រាវ បានពន្យល់ពីសមត្ថភាពបច្ចេកវិទ្យារបស់រ៉ូបូតនេះថា វាត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំងដើម្បីបម្រើការក្នុងវិស័យដឹកជញ្ជូនដោយស្វ័យប្រវត្តិកម្រិតខ្ពស់។
ម៉ាស៊ីនវៃឆ្លាតនេះ មានសមត្ថភាពពិសេសអាចដឹកជញ្ជូនសម្ភារៈ ឬទំនិញធ្ងន់ៗ ទៅដល់ទីតាំងដែលបានកំណត់ទុកជាមុន នៅក្នុងប្រព័ន្ធទិន្នន័យរបស់វាបានយ៉ាងត្រឹមត្រូវ និងជាក់លាក់បំផុត ដោយមិនទាមទារការបញ្ជាផ្ទាល់ពីមនុស្សឡើយ។
ដើម្បីអាចឱ្យរ៉ូបូតនេះដំណើរការទៅបានដោយរលូន និងមានសុវត្ថិភាពខ្ពស់ ក្រុមការងារស្រាវជ្រាវបានសម្រេចបំពាក់នូវបច្ចេកវិទ្យា និងឧបករណ៍សេនស័រចុងក្រោយជាច្រើនប្រភេទ។ យុវជន អាប់ឌុលឡាហ្សីក បានលម្អិតពីលក្ខណៈបច្ចេកទេសយ៉ាងស៊ីជម្រៅថា រ៉ូបូតនេះត្រូវបានបំពាក់កាមេរ៉ាប្រភេទ RealSense D455f និងសេនស័រ IMU ដែលជាបច្ចេកវិទ្យាអាចចាប់យក ព្រមទាំងផ្តល់រូបភាពក្នុងកម្រិតគុណភាពខ្ពស់ និងជួយឱ្យប្រព័ន្ធកុំព្យូទ័ររបស់រ៉ូបូតអាចមើលឃើញ ដឹងពីជម្រៅចម្ងាយ និងអាចគេចចេញពីវត្ថុនានាដែលនៅខាងមុខវាបានភ្លាមៗ។
មិនតែប៉ុណ្ណោះ វាក៏មានបំពាក់ដោយសេនស័រវាស់ចម្ងាយដោយឡាស៊ែរប្រភេទ SL LIDAR ដែលអាចចាប់សញ្ញាជុំវិញខ្លួនបាន ៣៦០ដឺក្រេ ដើម្បីវាស់ចម្ងាយទៅកាន់គោលដៅ ស្វែងរកឧបសគ្គ គេចចេញពីឧបសគ្គដោយស្វ័យប្រវត្ត និងជួយបង្កើតប្លង់កូអរដោណេផ្សេងៗនៅជុំវិញខ្លួនវាថែមទៀតផង ដែលធ្វើឱ្យឧបករណ៍នេះក្លាយជាជំនួយការដ៏មានសារៈសំខាន់មិនអាចខ្វះបានសម្រាប់វិស័យភស្តុភារកម្ម និងការដឹកជញ្ជូន។
ការលេចរូបរាងឡើងនៃសមិទ្ធផលបច្ចេកវិទ្យាដ៏ទំនើបដែលជាស្នាដៃកូនខ្មែរសុទ្ធសាធនេះ បានទាក់ទាញការចាប់អារម្មណ៍ និងការវាយតម្លៃខ្ពស់យ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមនិស្សិត ដោយលោកបានគូសបញ្ជាក់ថា ឧបករណ៍នេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រើប្រាស់ក្នុងវិស័យដឹកជញ្ជូននាពេលបច្ចុប្បន្ន និងទៅអនាគត។ លើសពីនេះទៅទៀត វាក៏អាចយកទៅពង្រីកវិសាលភាពប្រើប្រាស់បានយ៉ាងទូលំទូលាយនៅតាមរោងចក្រ សហគ្រាស ស្ថាប័នសាធារណៈ មន្ទីរពេទ្យ ឬទីតាំងចម្រុះផ្សេងៗទៀត ដែលត្រូវការការដឹកជញ្ជូនទំនិញ ឬឯកសារក្នុងបរិវេណបិទជិត។
លោកអ្នកនាំពាក្យក្រសួងការងារ ក៏បានគូសបញ្ជាក់បន្ថែមដោយមោទនភាពជាតិថា ស្នាដៃបច្ចេកវិទ្យានេះគឺជាភស្តុតាងយ៉ាងច្បាស់ក្រឡែត ដែលបង្ហាញពីសមត្ថភាពពិតប្រាកដ និងការរីកចម្រើនខាងប្រាជ្ញាស្មារតីរបស់យុវជនកម្ពុជា ក្នុងការបង្កើត គិតគូរ និងអភិវឌ្ឍបច្ចេកវិទ្យាជឿនលឿនដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកទាំងស្រុងលើបច្ចេកវិទ្យា ឬការនាំចូលពីបរទេសឡើយ។
ជាមួយគ្នានេះដែរ ស្នាដៃចម្រុះជាច្រើនដែលបាននិងកំពុងបង្ហាញជារូបរាងឡើងដោយនិស្សិតនៃវិទ្យាស្ថាន NPIC បានសរុបសេចក្តីមកថា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា កំពុងតែដើរលើផ្លូវត្រូវ និងរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតធនធានមនុស្សដែលមានសមត្ថភាពខ្ពស់ ជំនាញច្បាស់លាស់ អាចឆ្លើយតបទៅនឹងតម្រូវការបច្ចេកវិទ្យាទំនើប និងការធ្វើបរិវត្តកម្មឧស្សាហកម្មជាតិឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀតនៅលើឆាកអន្តរជាតិ។