ឈាន សានឈាង បិតានៃអាវុធនុយក្លេអ៊ែរនៃប្រទេសចិន
លោកឈាន សានឈាង (Qian Sanqiang) គឺជាអ្នកប្រាជ្ញរូបវិទ្យានុយក្លេអ៊ែរ និងមានតួនាទី សំខាន់ក្នុងការបង្កើតអាវុធនុយក្លេអ៊ែរ និងការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរដំបូងរបស់ចិន នៅឆ្នាំ១៩៦៤។
លោកឈានមានកំណើតនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩១៣ នៅទីក្រុងស្ហ៉ាវស៊ីង ខេត្តជេជៀន ប្រទេសចិន។ លោកបានបញ្ចប់ការសិក្សាផ្នែករូបវិទ្យា នៅសាកលវិទ្យាល័យត្ស៊ីងហ័រ នៅឆ្នាំ១៩៣៦។ បន្ទាប់មក លោកបានទៅបន្តការសិក្សានៅសាលា កូឡែស៍ ដឺ ហ្វ្រ៉ង់ (Collège de France) ដែលជាស្ថាប័នអប់រំ និងស្រាវជ្រាវកម្រិតឧត្តមនៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលមានឈ្មោះល្បីថា “ជាសាលាដែលបង្រៀននូវការស្រាវជ្រាវដែលកំពុងផុសឡើង”។
លោកឈាន សានឈាង មានតួនាទីសំខាន់ខ្លាំង និងជាអ្នកដឹកនាំគម្រោង “Two Bombs, One Satellite” គ្រាប់បែក២ ផ្កាយរណប១ របស់ចិន ដែលគម្រោងនេះគឺជាគោលនយោបាយ វិទ្យាសាស្ត្រយុទ្ធសាស្រ្តរបស់ប្រទេសចិន។
នៅឆ្នាំ១៩៥៥ លោកឈាន បានផ្តល់យោបល់ដល់លោកម៉ៅ ហ្ស៉េទុង ដែលជាមេដឹកនាំបក្សកុំម្មុយនិស្តចិនឲ្យបង្កើតគ្រាប់បែកនុយក្លេអ៊ែរ ហើយនៅឆ្នាំ១៩៥៩ លោកឈានត្រូវបានតែងតាំងជាអ្នកដឹកនាំគម្រោងអាវុធនុយក្លេអ៊ែរ។ នៅឆ្នាំ១៩៦៤ លោកឈាន បានគ្រប់គ្រងការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ ដំបូងរបស់ចិន។
នៅក្នុងហេតុផលនៃតួនាទីស្នូលនៃការអភិវឌ្ឍឧស្សាហកម្មនុយក្លេអ៊ែររបស់ចិន និងកម្មវិធីសព្វាវុធនុយក្លេអ៊ែរ លោកឈាន សានឈាង ត្រូវបានចាត់ទុកជាបិតាគ្រាប់បែកអាតូមិកនៃប្រទេសចិន។
លោកឈាន សានឈាង បានទទួលការសិក្សានៅសកលវិទ្យាល័យប៉េកាំង បន្ទាប់មកនៅសកលវិទ្យាល័យត្ស៊ីនហ័រ ដែលលោកបានបញ្ចប់ដោយទទួលសញ្ញាបត្រនៅឆ្នាំ១៩៣៦។ លោកឈាន បានធ្វើដំណើរទៅបារាំងនៅឆ្នាំ១៩៣៧។ លោកបានចូលសិក្សានៅស្ថាបនកូឡែហ្ស៍ ដឺ ស័របោន ព្រមទាំងកូឡែហ្ស៍ ដឺ ហ្វ្រ៉ង់។ លោកឈាន បានវិលត្រឡប់មកប្រទេសចិនវិញនៅឆ្នាំ១៩៤៨ ជាមួយភរិយាលោក ដែលជាអ្នករូបវិទ្យានុយក្លេអ៊ែរដែរ គឺលោកស្រីហេ ហ្ស៉េហួយ។ លោកឈាន បានធ្វើការងារជាសាស្រ្តាចារ្យនៅសកលវិទ្យាល័យ ត្ស៊ីនហ័រ និងនៅឆ្នាំ១៩៥០ លោកបានស្ថាបនាវិទ្យាស្ថានរូបវិទ្យាទំនើបនៃរដ្ឋបណ្ឌិតសភាវិទ្យាសាស្រ្តចិន (CAS) ហើយសព្វថ្ងៃ មានឈ្មោះថា វិទ្យាស្ថានចិននៃឋាមពលអាតូមិក។
នៅឆ្នាំ១៩៥៤ លោកឈាន បានចូលរួមបក្សកុំមុយនីស្តចិន។ លោកបានធ្វើការជាបន្តបន្ទាប់ជានាយកនៃវិទ្យាស្ថានរូបវិទ្យាទំនើបនៃរដ្ឋបណ្ឌិតសភាវិទ្យាសាស្រ្តចិន អនុរដ្ឋមន្រ្តីនៃក្រសួងទី២ នៃការស្ថាបនាម៉ាស៊ីន អនុប្រធានរដ្ឋបណ្ឌិតសភាវិទ្យាសាស្រ្តចិន និងធ្វើជាអធិបតីកិត្តិយសនៃសមាគមចិន សម្រាប់វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។
លោកឈាន បានដើរតួនាទីដ៏សំខាន់នៅក្នុងការអភិវឌ្ឍរូបវិទ្យានុយក្លេអ៊ែរនៅសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងការអភិវឌ្ឍន៍ និងការបង្កើតគ្រាប់បែកអេ A និងអេច H របស់ចិន។
នៅអំឡុងពេលសម័យបដិវត្តវប្បធម៌ លោកឈាន ត្រូវបានបញ្ជូនទៅជនបទសម្រាប់ការរៀនសូត្រសង្គមនិយមឡើងវិញ ដោយហេតុផលនៃការសង្ស័យ ដែលបង្កឡើងដោយការចូលរួមរបស់លោកជាមួយប្រតិភូមួយនៃរដ្ឋាភិបាលជាតិនិយម គួមីនតាង នៅអំឡុងសន្និសិទអង្គការ យូនេសស្កូ (UNESCO) នៅឆ្នាំ១៩៤៦។
បន្ទាប់ពីការបញ្ចប់នៃបដិវត្តវប្បធម៌ លោកឈាន ត្រូវបានតែងតាំងជាសមាជិកនៃរដ្ឋបណ្ឌិតសភាវិទ្យាសាស្រ្តចិន។ លោកឈានក៏ត្រូវបានអនុញ្ញាតឲ្យចាប់ផ្តើមការងាររបស់លោកឡើងវិញនៅក្នុងវិទ្យាស្ថានថាមពលអាតូមិករបស់ចិន។
នៅក្នុងការងារនៃការអភិវឌ្ឍវិទ្យាសាស្រ្ត លោកឈាន ក៏បានទទួលពានរង្វាន់ ហង់រី ដឺ ប៉ាកវីល ពីរដ្ឋបណ្ឌិតសភាបារាំងផងដែរ។
លោកឈាន សានឈាង បានទទួលមរណភាពនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៩២។