ឆាលល៍ទី២ ព្រះរាជាអង់គ្លេស ដែលប្រជាជនអង់គ្លេសចាត់ទុកថា ជាស្តេចរីករាយ

ព្រះរាជាឆាលល៍ទី២ ប្រសូតនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៦៣០ នៅវិមានសាំង ជេម នៅ រាជធានីឡុងដ្រ៍ ចក្រភពអង់គ្លេស និងសោយទីវង្គតនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ១៦៨៥ នៅវិមាន​វាយហ៉ល។ ព្រះអង្គ គឺជាព្រះរាជានៃប្រទេសអង់គ្លេស ស្កុតឡេន និងអៀឡង់ នៅឆ្នាំ១៦៦០ រហូតដល់ថ្ងៃសោយ ទីវង្គត។

ព្រះរាជាឆាលល៍ទី២ គឺជាបុត្ររបស់ស្តេចឆាលល៍ទី១ ដែលត្រូវបានធ្វើគត់នៅវិមាន វាយហ៉ល នៅ​ឆ្នាំ១៦៤៩ នៅក្នុងពេលតានតឹងខ្លាំងបំផុតនៃបដិវត្តន៍អង់គ្លេសលើកទី១។ ព្រះមាតាព្រះ​អង្គ គឺម្ចាស់ក្សត្រី ហេនរីយ៉េត៍ ម៉ារី ដឺ ហ្វ្រ៉ង់។  ព្រះរាជាឆាលល៍ទី២ គឺជាបងប្អូនជីដូនមួយ​និង​ស្តេច​​ល្វីស​ទី១៤ របស់បារាំង។

ទោះបីជាសភាស្កុតឡេន បានប្រកាសថា ព្រះអង្គក្មេងឆាលល៍ គឺជាស្តេចនៃប្រទេសអង់គ្លេស និងអៀឡង់ នៅទីក្រុងអេឌីមបួរ ប៉ុន្មានថ្ងៃបន្ទាប់ពីការប្រហារជីវិតបិតារបស់ព្រះអង្គ ក៏សភា អង់គ្លេស បានបោះឆ្នោតអនុម័តច្បាប់មួយ ដែលហាមឃាត់ការស្នងតំណែង និងក្នុងរយៈពេល អន្តរកាល ​ដែលចក្រភអង់គ្លេសមិនទាន់មានស្តេច។ អង់គ្លេសបានក្លាយហៅជា ខំមុនវែលធ៍ អង់គ្លេស ដែលជាជាក់ស្តែងគឺជាសាធារណរដ្ឋដែលដឹកនាំដោយលោកអូលីវើ ក្រំវែល។   

ព្រះរាជាឆាលល៍ទី២ ដែលមានព្រះជន្មមិនដល់ ២០ឆ្នាំ ស្រួលបួល និងអ្នកស្មោះស្ម័គ្រ បាន​ច្បាំង​ចាញ់​ក្រំវែល នៅតំបន់វ៉សសេស្ទើ នៅឆ្នាំ១៦៥១ និងត្រូវភៀសខ្លួនចេញពី​ប្រទេស​អង់គ្លេស។

នៅខណៈដែលក្រំវែល គ្រប់គ្រងប្រទេសស្ទើតែជាជនផ្តាច់ការ  ព្រះរាជាឆាលល៍ទី២ បាន​ចំណាយ​ពេលវេលាជិត ១ ទសវត្ស និរទេសខ្លួននៅបារាំង ខេត្តរួបរួម និងដែនដីហូឡង់​របស់​អេស្ប៉ាញ។ ការស្លាប់របស់ក្រំវែល នៅឆ្នាំ១៦៥៨ បង្កើតបានជាវិបត្តិនយោបាយ ដែល​អាច​ឲ្យ​ស្តារ​រាជាណាចក្រឡើងវិញ។ ដោយត្រូវបានអញ្ជើញស្វាគមន៍ឲ្យចូលមកចក្រភព​អង់គ្លេស ព្រះ​​រាជាឆាលល៍ទី២ ត្រូវបានអបអរសាទពេលចូលរាជធានីឡុងដ្រ៍ និងសោយរាជ្យ គឺនៅ​ពេល​​ដែល​ព្រះ​អង្គមានព្រះជន្ម ៣០ ឆ្នាំ។

សភាអង់គ្លេស បានបោះឆ្នោតអនុម័តក្រមច្បាប់ ក្លារ៉េនដុន ដើម្បីស្តារព្រះវិហារអង់គ្លេស​ឡើង​វិញ។ ព្រះរាជាឆាលល៍ទី២ បានយល់ព្រមចំពោះច្បាប់នេះ ទោះបីព្រះអង្គតែងអនុគ្រោះដល់​នយោបាយ​​អត់ឱនខាងសាសនាក្តី។  សម្រាប់នយោបាយការបរទេស ការចាប់ផ្តើម​នៃ​រាជ្យ​របស់​​ព្រះរាជាឆាលល៍ទី២ គឺកត់សម្គាល់ដោយសង្រ្គាមអង់គ្លេស ហូឡង់ លើកទី២។ នៅឆ្នាំ​១៦៧០ ព្រះរាជាឆាលល៍ទី២ ចុះហត្ថលេខាជាសម្ងាត់នូវសន្ធិសញ្ញា ឌូវ្រ៍ ជាមួយនឹង​ការគាំទ្រ​ពី​បងប្អូន​ជីដូនមួយរបស់ព្រះអង្គ គឺព្រះរាជា ល្វីសទី១៤ នៃបារាំង។ ព្រះរាជាល្វីសទី១៤ នៃ​បារាំង យល់ព្រមជួយព្រះរាជាឆាលល៍ទី២ នៅពេលសង្រ្គាមទី៣ រវាងអង់គ្លេស ហូឡង់ នៅ​ខណៈ​ដែលព្រះរាជាឆាលល៍ទី២ បានសន្យាផ្លាស់មកកាន់សាសនាកាតូលិក។   

ទស្សនវិជ្ជានៃការស្វែងរកភាពស្តុកស្តម្ភ ចំណេះដឹង និងការរស់នៅសុខស្រួលរបស់មនុស្ស នៅ​ពេល​ដែលព្រះរាជាឆាលល៍ទី២ គ្រប់គ្រងអំណាច និងការធូរស្រាលសម្រាប់ការរស់នៅ​របស់​ប្រជាជនក្រោយពីមួយទសវត្សនៃការចំណាយពេលរស់នៅក្រោមភាពតានតឹងប្រើ​អំណាច​ដំបងរបស់លោកក្រំវែល អ្នកកាន់សាសនាបរិសុទ្ធបានផ្តល់តម្លៃព្រះរាជាឆាលល៍ទី២ ថា ជា Marry Monarch ឬហៅព្រះអង្គថា ជាព្រះរាជារីករាយ។ ចំណែកព្រះជាយារបស់ព្រះ​រាជា​​ឆាលល៍​​ទី២ ព្រះម្ចាស់ក្សត្រី កាតឺរីន ដឺ ប្រាហ្គ៉ង់ មិនបានផ្តល់បុត្រដល់ព្រះអង្គទេ។ ព្រះ​រាជា​ឆាលល៍ទី២ មានបុត្រ ជាង ១២នាក់ ជាមួយស្នំផ្សេងៗ ប៉ុន្តែតាមច្បាប់រាជ្យវង្ស​បុត្រទាំង​នោះ​មិនអាចធ្វើ​រជ្ជ​ទាយាទ​ស្របច្បាប់ ដូច្នេះប្អូនប្រុសរបស់ព្រះអង្គ ព្រះអម្ចាស់ ហ្ស៉ាកក៍ គឺជា​អ្នក​មានសិទ្ធស្នង​រាជ្យ​បន្ត​ស្របតាមច្បាប់រាជវង្ស។ 

 

 

Daily Program

Livesteam thumbnail