ការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាមក្នុងរដូវវស្សា - យុទ្ធនាការរួមគ្នារវាងអាជ្ញាធរ និងប្រជាពលរដ្ឋដើម្បីការពារជីវិតកុមារ

នៅពេលរដូវវស្សាចូលមកដល់ ការគំរាមកំហែងនៃ «ជំងឺគ្រុនឈាម» ក៏បានឈានចូលមកដល់ជាមួយគ្នាផងដែរ។ តាមរបាយការណ៍សិក្សារបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម ក្រសួងសុខាភិបាល បានបង្ហាញយ៉ាងច្បាស់ថា កុមារដែលមានអាយុចាប់ពី ៥ ដល់ ១៤ ឆ្នាំ ដែលជាវ័យកំពុងសិក្សា មានអត្រាប្រឈមខ្ពស់ជាងគេក្នុងការកើតជំងឺនេះ ដោយសារពួកគេនៅក្មេង និងមិនទាន់យល់ដឹងច្បាស់ពីវិធីសាស្ត្រការពារខ្លួន។

ជំងឺគ្រុនឈាមភាគច្រើនកើតលើកុមារ និងឆ្លងតាមរយៈការខាំនៃសត្វមូសខ្លា ដែលអាជ្ញាធរមិនអាចកំណត់ពេលវេលាពិតប្រាកដនៃឆ្លងបានឡើយ មិនថាយប់ឬថ្ងៃនោះទេ។ ដើម្បីដឹងច្បាស់ថាអ្នកជំងឺមានកើតជំងឺគ្រុនឈាមឬយ៉ាងណានោះ គឺមានតែការពិនិត្យឈាមតែមួយមុខគត់។ ជាមួយគ្នានេះ បច្ចុប្បន្នជំងឺនេះមិនត្រឹមតែកើតលើកុមារប៉ុណ្ណោះទេ សូម្បីតែមនុស្សចាស់ក៏មានកើតផងដែរ ប៉ុន្តែស្ថិតក្នុងអត្រាភាគរយតិចតួច។

ប្រជាពលរដ្ឋអាចកត់សម្គាល់រោគសញ្ញាសង្ស័យនៃជំងឺគ្រុនឈាមបាន តាមរយៈ៖ ការឡើងកម្ដៅខ្លួនខ្លាំងភ្លាមៗ (ចាប់ពី ៣៨,៥ អង្សាសេឡើងទៅ) ផ្ទៃមុខឡើងក្រហម ឈឺក្បាល ឈឺសាច់ដុំ ឈឺសន្លាក់ដៃជើង និងឈឺក្នុងគ្រាប់ភ្នែក កុមារមានស្ថានភាពល្ហិតល្ហៃ ងងុយគេងសន្លឹម និងមានស្នាមកន្ទួលក្រហមលើស្បែក ក្នុងករណីធ្ងន់ធ្ងរ នឹងមានស្នាមជាំឈាមជាបន្ទះៗលើដៃ ដងខ្លួន និងជើង។

លោក វេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ក្រសួងតែងតែធ្វើយុទ្ធនាការ និងបញ្ជូនមន្ត្រីជំនាញចុះទៅអប់រំប្រជាពលរដ្ឋដោយផ្ទាល់ ព្រមទាំងដាក់ថ្នាំអាប៊ែតជាប្រចាំនៅតាមសហគមន៍។

លោក វេជ្ជបណ្ឌិត លី សុវណ្ណ បានបញ្ជាក់ថា៖ «សូមស្នើដល់ប្រជាពលរដ្ឋចូលរួមទប់ស្កាត់ទាំងអស់គ្នា ដោយធ្វើការបំបាត់ទឹកដក់ គ្របពាងអាង និងវត្ថុស្តុកទឹកឱ្យបានជិតល្អ។ អាណាព្យាបាលត្រូវឱ្យកុមារស្លៀកពាក់អាវដៃវែង ខោជើងវែង កុំឱ្យទៅលេងកន្លែងងងឹត ដាក់ឱ្យដេកក្នុងមុង និងរៀបចំអនាម័យជុំវិញផ្ទះឱ្យបានស្អាត»។

លោកបានបន្ថែមថា មូសខ្លាពងកូនតែនៅក្នុង «ទឹកថ្លារង គ្មានក្លិនស្អុយ» ប៉ុណ្ណោះ។ ដូច្នេះ ដើម្បីបំផ្លាញជម្រកមូសខ្លា ប្រជាពលរដ្ឋត្រូវត្រួតពិនិត្យ និងសម្អាតជាប្រចាំនូវ ថូផ្កា ចានតម្កល់ជើងទូ សំបកកំប៉ុង សំបកកង់ឡាន-ម៉ូតូ សំបកដូង លាងសម្អាតពាងទឹក ឬចិញ្ចឹមត្រីប្រាំពីរពណ៌ដើម្បីឱ្យស៊ីដង្កូវទឹក។

តាមការស្រាវជ្រាវ ជំងឺគ្រុនឈាមមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការកើនឡើងនៃដង់ស៊ីតេប្រជាជននៅតាមទីក្រុង និងការកើនឡើងនៃចលនាផ្លាស់ទីរបស់មនុស្ស និងទំនិញ។ ទោះជាយ៉ាងណា ការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្នត្រូវបានកត់សម្គាល់ថាមានកម្រិតខ្ពស់ជាងមុន តាមរយៈការផ្សព្វផ្សាយអប់រំនៅតាមសាលារៀន និងការកែលម្អគុណភាពនៃសេវាព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ ដែលកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការប្រឈម និងគ្រោះថ្នាក់ដល់ជីវិតពីជំងឺមួយនេះ៕

 

Daily Program

Livesteam thumbnail
khmer popup image