កម្ពុជាច្នៃកម្ទេចឫស្សីទៅជាធ្យូងអនាម័យ

កម្ទេចឫស្សីដែលជាកាកសំណល់ស្ទើរតែគ្មានតម្លៃ ត្រូវ​បាន​កែច្នៃឱ្យក្លាយទៅជា «ធ្យូងអនាម័យ» ដែលចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចគាំពារបរិស្ថាន ថែមទាំងមានផែនការនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ រហូតដល់សហគមន៍អឺរ៉ុបទៀតផង។

លោក គ្រួច វិចិត្រ ប្រធានគ្រប់គ្រងនៃរោងចក្រ លីយ៉ូបា បេមប៊ូ (Leoba Bamboo) ដែលជាក្រុមការងារសហការជាមួយសហគមន៍ បានឱ្យដឹងថា ការផលិតធ្យូងឫស្សីនេះ គឺដកស្រង់ចេញពីសំណល់ឫស្សី ពោលគឺកែច្នៃចេញពីកំណាត់ឫស្សីដែលសល់ពីការផលិត និងឫស្សីមកពីព្រៃដែលមិនអាចយកទៅកែច្នៃជាផលិតផលផ្សេងបាន។

លោក គ្រួច វិចិត្រ បានថ្លែងថា៖ «ការដកហូតឫស្សីមកធ្វើជាធ្យូង ត្រូវតែរក្សាឱ្យបាននូវនិរន្តរភាព។ យើងមានបច្ចេកទេសក្នុងការប្រមូលផល ដោយជម្រើសដកហូតតែដើមឫស្សីចាស់ៗ និងដកតែ ៥០ភាគរយប៉ុណ្ណោះក្នុងមួយគុម្ពសម្រាប់ឆ្នាំនីមួយៗ។ បន្ថែមពីនេះ យើងបានយកសំណល់ជះពីការផលិតទៅបាចក្នុងព្រៃឡើងវិញ ដើម្បីជួយឱ្យគុម្ពឫស្សីមានការលូតលាស់បានល្អប្រសើរ»។

លោកបានបន្តថា ធ្យូងឫស្សីអាចប្រើប្រាស់សម្រាប់ចម្អិនអាហារ និងប្រើក្នុងវិស័យកសិកម្ម ដោយត្រូវបានដុតក្នុងឡអេកូរត្រឹមត្រូវតាមបច្ចេកវិទ្យាជប៉ុន។ ធ្យូងឫស្សីស្ងួតនេះ ក៏អាចយកទៅកិនលាយធ្វើជាជីកសិកម្ម ដែលមានគុណប្រយោជន៍ខ្ពស់សម្រាប់កែលម្អដីផងដែរ។

លោក គ្រួច វិចិត្រ បានបន្ថែមថា៖ «យើងទើបតែរៀបចំដំណើរការបានរយៈពេល ១ឆ្នាំប៉ុណ្ណោះ ហើយគ្រប់យ៉ាងកំពុងដំណើរការទៅមុខ ដោយផ្តោតលើការផលិតសម្រាប់នាំចេញទៅក្រៅប្រទេសជាចម្បង។ ប្រធានរបស់ខ្ញុំផ្ទាល់ជាជនជាតិនូវែលហ្សេឡង់ (New Zealand) ដែលមានបទពិសោធលើវិស័យឫស្សីនេះជិត ៥០ឆ្នាំ ហើយគាត់បានពាំនាំនូវបច្ចេកវិទ្យា និងចំណេះដឹងថ្មីៗដែលកម្ពុជាមិនទាន់មាន»។

ទាក់ទងនឹងសមត្ថភាពផលិត លោកបានបញ្ជាក់ថា រោងចក្រទើបតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ដោយក្នុងរយៈពេល ២៤ម៉ោង ម៉ាស៊ីនទី១ អាចផលិតធ្យូងឫស្សីបាន ១តោន ហើយម៉ាស៊ីនទី២ ក៏អាចផលិតបាន ១តោនដូចគ្នា។

លោកបានបន្ថែមទៀតថា៖ «ម៉ាស៊ីនផលិតនេះ យើងនាំចូលឡអេកូពីប្រទេសអ៊ុយក្រែន ខណៈមួយទៀតជាបច្ចេកវិទ្យារបស់ជប៉ុន ដែលដំឡើងក្នុងស្រុក មានតម្លៃសមរម្យ ប៉ុន្តែគុណភាពល្អខ្លាំង ដោយផ្អែកលើការតេស្តសាកល្បង ធ្យូងនេះមានកម្រិតកាបូនរហូតដល់ ៩៦ភាគរយ»។

បច្ចុប្បន្ន ការផលិតធ្យូងឫស្សីគឺផ្តោតសំខាន់លើការនាំចេញ ខណៈទីផ្សារក្នុងស្រុកនៅមិនទាន់ទូលំទូលាយនៅឡើយ។ ដោយសារមានការបញ្ជាទិញ (Order) ពីក្រសួង និងក្រុមហ៊ុនបរទេសច្រើន លទ្ធភាពនៃការផលិតនាពេលបច្ចុប្បន្ននៅមិនទាន់អាចផ្គត់ផ្គង់បានគ្រប់គ្រាន់តាមតម្រូវការនៅឡើយទេ ខណៈផលិតផលនេះគ្រោងនឹងនាំចេញទៅកាន់ទីផ្សារប្រទេសអង់គ្លេស អូស្ត្រាលី និងកូរ៉េខាងត្បូង នាពេលខាងមុខ៕

 

Daily Program

Livesteam thumbnail
khmer popup image