១៥០០នាក់ អស់ជីវិតនៅលើដងផ្លូវ !​

មួយឆ្នាំអស់ជីវិតដល់ទៅ១៥០០ នាក់នៅលើដងផ្លូវគឺពិតជាចំនូនដ៏ច្រើនសម្បើមដែលយើងទាំងអស់គ្នាត្រូវតែយកចិត្តទុកដាក់។​

ស្ថិតិនៃអ្នកដែលអស់ជីវិតដ៏ច្រើនលើសលុបនេះ ត្រូវបានលោក ស​ សុខា ឧបនាយករដ្ឋមន្រ្តីនិ​ងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃចែករំលែកនៅលើបណ្តាញសង្គមរបស់លោក ។

លោកបានលើកឡើងថា ក្នុងរយៈពេញមួយឆ្នាំ២០២៣ មានជនរងគ្រោះជាង ១៥០០នាក់ បានស្លាប់នៅលើដងផ្លូវ ដោយគ្រោះថ្នាក់ចរាចរណ៍ ហើយមូលហេតុមួយ ដែលបង្កឱ្យកើតមានសោកនាដកម្មនេះ គឺការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។

លោកបានសង្កត់ធ្ងន់ថា ការបញ្ជាយានយន្តទាំងក្នុងស្ថានភាពស្រវឹង មិនត្រឹមតែជាការប្រមាថអាយុជីវិតខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែកាន់តែធ្ងន់ធ្ងរទៀតនោះ​ គឺអ្នកអាចក្លាយជាឃាតករគ្រប់វិនាទី ហើយច្បាប់នឹងគ្មានការលើកលែងឱ្យអ្នកជាដាច់ខាត។

លោក ស សុខា​ ក៏បានលើកយកច្បាប់ជាពិសេសគឺ មាត្រា​៨៥​ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលបានចែងថា ប្រសិនបើយើងបើកបរ ក្នុងស្ថានភាពស្រវឹង​ ដោយមានអត្រាជាតិអាល់កុលចាប់ពី​ ០,៤០​មីលីក្រាមក្នុងមួយលីត្រខ្យល់ ​ឬចាប់ពី​ ០,៨០​ក្រាម​ ក្នុងមួយលីត្រឈាម​ ឡើងទៅ​​ ឬបណ្ដាលឱ្យមានមនុស្សស្លាប់ច្រើននាក់​ជាដើម​ នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី​២​ទៅ​៥ឆ្នាំដោយមិនគិតពីការពិន័យជាប្រាក់​ និងសំណងរដ្ឋប្បវេណីនៅឡើយទេ។

លោកឧបនាយករដ្ឋមន្រ្តីក៏បានលើកករណីជាក់ស្ដែងថ្មីៗពាក់ព័ន្ធនឹងករណីបើកបរក្នុងអាការៈស្រវឹងជោគ ហើយជនបង្កបានបុករះបណ្ដាលឱ្យមានជនរងគ្រោះស្លាប់ដល់ទៅ ៤នាក់ និងរបួ​សធ្ងន់ស្រាលជាច្រើននាក់ទៀត ហើយបង្ហាញនូវក្តីសង្ឃឹមថា អ្នកនិយមទទួលទានគ្រឿងស្រវឹង នឹងមានការភ្ញាក់ស្មារតី និងរួមគ្នាគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ពិសេសរួមគ្នាលុបបំបាត់ចោលនូវទំលាប់បើកបរទាំងក្នុងស្ថានភាពស្រវឹង ។​

នេះគឺជាសារមួយថ្មីរបស់លោកឧបនាយករដ្ឋមន្រ្តី ខណៈដែល​សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានថ្លែងសាររួចហើយដែរនៅលើករណីនេះ។ ​បន្ទាប់ពីថ្លែងសារមក នៅពេលនេះឃើញនៅតា​មដងផ្លូវសមត្ថកិច្ចបានចេញត្រូតពិនិត្យរកសារធាតុអាកុលនៅក្នុងខ្លួនអ្នកបើកបរជាថ្មី តាំងពីក្បាលព្រលប់តទៅ ។

ហើយសកម្មភាពនេះគឺឃើញថា ផុលផុសខ្លាំងណាស់​ ប៉ុន្តែគេនៅមិនទាន់ដឹងថា តើវាមានប្រសិទ្ធភាពយ៉ាងណានៅឡើយទេ។

សរុបមកវិញ ១៥០០ នាក់ស្លាប់នៅលើដងផ្លូវគឺច្រើនណាស់បងប្អូន​ ដូច្នេះសូមចូលរួមចំណែកគោរពច្បាប់ចរាចរណ៍ ហើយនៅក្នុងករណីយើងស្រវឹង ឬទទួលទានគ្រឿងស្រវឹងគឺយកល្អកុំបើ​កបរទុកយានយន្តនៅកន្លែង ឬផ្ទះហើយជិះតាក់ស៊ី​ ឬតុកតុកទៅ ខណៈដែលសេវាកម្មនេះកំពុងតែមានច្រើន ហើយខ្វះម៉ូយស្រាប់ផង។​ សម្រាប់អ្នកដែលមិនស្រវឹងក៏ត្រូវតែប្រុងប្រយ័ត្នផងដែរ ជាពិសេសគឺគោរពច្បាប់ចរាចរណ៍និងបើកបរដោយស្មារតីប្រយ័ត្នប្រយែងគ្មានការធ្វេ​សប្រហែស៕

 

Daily Program

Livesteam thumbnail