អ្នកពាក់ព័ន្ធគួរ រៀបចំសណ្តាប់ធ្នាប់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផង!
សណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមួយរយៈនេះហាក់មានសភាពមិនមានសណ្តាប់ធ្នាប់សោះ ខណៈដែលទីនោះគឺជាច្រកចេញចូលនិងជាមុខមាត់ដ៏សំខាន់របស់កម្ពុជា។
នៅរៀងរាល់ពេលដែលមានយន្តហោះចុះមកម្តងៗ មានបាតុភាពយានយន្តជាច្រើន ជាពិសេសគឺ ម៉ូតូកង់បីឥណ្ឌា ដែលបានឈប់ត្រៀមត្រា នៅពេញផ្លូវដែលបង្កជាបាតុភាព រញ៉េរញ៉ៃគ្មានសណ្តាប់ធ្នាប់ ស្ទះចរាចរណ៍ពេញមហាវិថី។
ស្ថានភាពនេះបានកើតមានឡើងយូរមកហើយ ប៉ុន្តែទិដ្ឋភាពប៉ុន្មានថ្ងៃចុងក្រោយនេះគឺរិតតែមានស្ថានភាពកាន់តែអវិជ្ជមានឡើង ហើយមូលហេតុគឺដោយសារតែ បណ្តាអ្នកដែលប្រកបរបរចិញ្ចឹមជីវិតដោយរត់ម៉ូតូឥណ្ទា ម៉ូតូឌុប និង រ៉ឺម៉កកង់បី ឈប់រង់ចាំភ្ញៀវចេញពីព្រលាន ។
ពាក់ព័ន្ធនឹងបញ្ហានេះ នៅពេលដែលសាកសួរព័ត៌មានដោយត្រួសៗ គឺមានការអះអាងថា បាតុភាពបែបនេះ គឺដោយសារតែ ម៉ូតូកង់បីឥណ្ឌា លែងត្រូវបានគេអនុញ្ញាតអោយចូលទៅយកអ្នកដំណើរនៅក្នុងព្រលានទៀត។
មូលហេតុនេះមិនមានការពន្យល់ច្បាស់លាស់ទេ ដោយគ្រាន់តែឭថា អ្នកប្រកបរបរដែលរង់ចាំដឹកភ្ញៀវនៅខាងក្នុងប្តឹងក្រុមហ៊ុនអាកាសយានដ្ឋាន ដោយសារតែពួកគេមិនអាចរកម៉ូយបាន ខណៈដែល កន្លងមក អ្នកដំណើរដែលចុះពីយន្តហោះ គេអាចហៅម៉ូតូកង់បីឥណ្ឌាតាមកម្មវិធីអេប ហើយក៏អ្នករត់ក៏ចូលទៅយក ដោយមិនអស់លុយអស់កាក់អីឡើយ ប្រសិនបើគ្រាន់តែចូលហើយមកទទួលភ្ញៀវចេញភ្លាមលើកលែងតែនៅរង់ចាំលើសម៉ោងកំណត់។ ខណៈដែល បើគេជិះ ឬហៅតាក់ស៊ី និង ម៉ូតូកង់បីក្នុងក្នុងអាកាសយានដ្ឋាន គឺមានតម្លៃរាងថ្លៃជាង ដោយសារតែពូកគេត្រូវបង់អោយព្រលានថ្លៃចំណត ហើយក៏មានវេនថែមទៀត ។
រឿងនេះមិនដឹងជាយ៉ាងណានោះទេ ពិតប្រាកដនោះទេ ប៉ុន្តែអ្នកដំណើរបានបង្ហើបថា ពីមុនស្រួល គឺគ្រាន់តែចុះពីលើយន្តហោះ បើកទូរស័ព្ទហៅម៉ូតូកង់បីឥណ្ឌាតាមអេប គេចូលមកយក តែពេលនេះព្រលានមិនអោយចូល គឺនៅពេលដែលហៅ គឺពួកគេបានត្រឹមតែនៅចាំខាងក្រៅ ដូច្នេះហើយបានជាមានការកកកុញ គ្មានសណ្តាប់ធ្នាប់បែបនេះ។
សរុបមកវិញទោះបញ្ហានេះបង្កឡើងដោយរឿងអ្វីនៅពីក្រោយក៏ដោយ ប៉ុន្តែទីនោះគឺជាច្រកចេញចូលរបស់ប្រទេសគួរណាស់តែមានការរៀបចំឲ្យបានត្រឹមត្រូវ។ អ្នកដែលពាក់ព័ន្ធ គួរតែរកដំណោះស្រាយឆ្លើយតបបញ្ហាជាបន្ទាន់បើមិនដូច្នេះទេ កេរ្តិ៍ឈ្មោះស្រុកយើងគឺនៅកណ្តាលវាលហើយភ្ញៀវបរទេសណាក៏ឃើញដែរ ៕