អែលនីញ៉ូ ក្រៅពីគ្រោះសេដ្ឋកិច្ចវាក៏ប៉ះពាល់ដល់បញ្ហាសុខភាព!

ក្រោមសម្ពាធកម្ដៅ និងការប្រែប្រួលអាកាសធាតុដែលបង្កឡើង ឬកាន់តែធ្ងន់ធ្ងរដោយបាតុភូតអែលនីញ៉ូយើងទាំងអស់គ្នាក៏ គួរប្រុងប្រយ័ត្នចំពោះជំងឺជាច្រើន ជាពិសេសនៅតំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជា។

បាតុភូតអែលនីញ៉ូអាចធ្វើឱ្យតំបន់ខ្លះមានសីតុណ្ហភាពខ្ពស់ និងគ្រោះរាំងស្ងួត ខណៈតំបន់ខ្លះទៀតអាចមានភ្លៀងធ្លាក់ខុសប្រក្រតី។ លក្ខខណ្ឌទាំងនេះអាចបង្កើនហានិភ័យជំងឺដែលពាក់ព័ន្ធនឹងកម្ដៅ ទឹកស្អាត អាហារ និងសត្វចម្លងជំងឺ។

ជាទូទៅសីតុណ្ហភាពរាងកាយមនុស្សគឺរង្វង់ត្រឹម៣៧អង្សាសេប៉ុណ្ណោះ នៅពេលដែលបរិយាកាសក្តៅលើសពីនេះសុខភាពរាងកាយនឹងប្រឈមមុខខ្លាំងនឹងបញ្ហា ដែលរួមមាន  ការខ្សោះជាតិទឹកក្នុងរាងកាយ ការហត់នឿយដោយសារកម្ដៅ និងការរមួលសាច់ដុំ។

នៅក្នុងស្ថានភាពបែបនេះ យើងអាចងាយរងគ្រោះខ្លាំងនឹងជំងឺដាច់សរសៃឈាមខួរក្បាលដោយកម្ដៅ ដែលអាចបណ្ដាលឱ្យស្លាប់ ឫពិការ ហើយ តម្រងនោម និងបេះដូងក៏អាចរងគ្រោះកាន់តែធ្ងន់ធ្ងរផងដែរ។ ដោយឡែកសុខភាពស្បែកក៏ប្រឈមមុខខ្លាំងប្រសិនបើយើងត្រូវពន្លឺដែលក្តៅខ្លាំងយូរដែលអាចរលាក ឫក្លាយទៅជាមហារីកស្បែក ។

ក្រៅពីបង្ករនូវផលប៉ះពាល់បែបនេះ យើងទាំងអស់គ្នាក៏អាចប្រឈមុខនឹងការឆ្លងរីករាលដាលនៃមេរោគ ដែលឆ្លងតាមមូស ដូចជាជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់ ហ្ស៊ីកា ជាដើម ។

ក្រៅពីនោះ សុខភាពរបស់យើងក៏ងាយប្រឈមមុខខ្លាំងផងដែរនឹងការរីករាលដាលនៃជំងឺរាគរូស និងជំងឺឆ្លងតាមទឹក ឬអាហារ ដែលមានដូចជាជំងឺរាគរូសស្រួចស្រាវ ជំងឺអាសន្នរោគ ការពុលអាហារ និងជំងឺឆ្លងដោយសារទឹកកខ្វក់ ពីព្រោះនៅក្រោមលក្ខខណ្ឌអាកាសធាតុក្តៅខ្លាំងគ្រោះរាំងស្ងួតអាចធ្វើឱ្យខ្វះទឹកស្អាត ខណៈទឹកជំនន់អាចបំពុលប្រភពទឹក និងអាហារ។

ដោយឡែកជំងឺផ្លូវដង្ហើម ផ្សេងៗដែលរួមមាន ជំងឺហឺត រលាកផ្លូវដង្ហើមដោយសារធូលី និងផ្សែងភ្លើងឆេះព្រៃ ក៏ប្រឈមខ្លាំង ស្របពេលដែលគ្រោះរាំងស្ងួត និងការខូចខាតដំណាំអាចបណ្ដាលឱ្យខ្វះស្បៀងអាហារ និងសារធាតុចិញ្ចឹម ជាពិសេសចំពោះកុមារ ស្ត្រីមានផ្ទៃពោះ និងគ្រួសារដែលមានជីវភាពខ្វះខាត នាំឲ្យយើងមានបញ្ហាខាងអាហារូបត្ថម្ភ ។

នៅក្នុងស្ថានភាពទាំងនេះ ចូរយើងត្រៀមរៀបចំនិងយកចិត្តទុកដាក់ប្រសិនបើគ្រួសារយើងមានកុមារតូចៗ ចាស់ជរា ស្រ្តីមានផ្ទៃពោះ ។ ក្រៅពីនោះអ្នកដែលមានការងារនៅក្រៅអគារដូចជា​ កម្មករសំណង់ កសិករ និងអ្នកធ្វើការក្រោមថ្ងៃក្តៅ គឺសុទ្ធតែជាក្រុមអ្នកគួរយកចិត្តទុកដាក់ចំពោះសុខភាពហើយ ។

សូមព្យាយាមកាត់បន្ថយការងារហត់នឿយនៅពេលថ្ងៃត្រង់ សម្រាកក្នុងម្លប់ និងស្លៀកសម្លៀកបំពាក់ស្រាល ប៉ុន្តែត្រូវបិទកុំអោយប៉ះពាល់ពន្លឺខ្លាំងពេក ចូរពង្រឹងនិងប្រឹងប្រែងយកចិត្តទុកដាក់លើបញ្ហាអនាម័យនៅក្នុងការហូបចុក ។ 

សរុបទៅជំងឺដែលគួរយកចិត្តទុកដាក់ខ្លាំងបំផុតរួមមាន ការខ្សោះជាតិទឹក និងជំងឺដាច់សរសៃឈាមខួរក្បាលដោយកម្ដៅ គ្រុនឈាម គ្រុនចាញ់ ជំងឺរាគរូស និងជំងឺផ្លូវដង្ហើម។ ប៉ុន្តែហានិភ័យជាក់ស្ដែងអាស្រ័យលើសីតុណ្ហភាព របបទឹកភ្លៀង និងស្ថានភាពអនាម័យក្នុងតំបន់នីមួយៗ មិនមែនមានន័យថាជំងឺទាំងអស់នឹងកើនឡើងដោយសារអែលនីញ៉ូជានិច្ចនោះទេ។

 

Daily Program

Livesteam thumbnail
khmer popup image