ប្រយ័ត្នលិចនៅចុងរដូវវស្សា!
ក្រោមឥទ្ធិពលនៃព្យុះទី៣០ឈ្មោះចម្ពី ដែលមានឥទ្ធិពលមកលើអាកាសធាតុនៅក្នុងប្រទេសកម្ពុជារហូតដល់ថ្ងៃទី២៣ខែតុលាខាងមុខនេះ កម្ពុជាអាចនឹងរងគ្រោះដោយសារតែទឹកជំនន់បន្ថែមទៀត ដូច្នេះចូរ លើកកំពស់ការប្រុងប្រយ័ត្ន ។
ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា ក្រោមឥទ្ធិពលនៃព្យុះនេះ តំបន់ខ្ពង់រាបនៅកម្ពុជាអាចមានបាតុភូតភ្លៀង ផ្គររន្ទះ និង ខ្យល់កន្រ្តាក់រង្វង់ ៣០ភាគរយនៃផ្ទៃដី ហើយតំបន់ទំនាបកណ្តាលវិញនោះគឺមានប្រមាណជា ៤០ភាគរយ រីឯតំបន់មាត់សមុទ្រគឺអាចមានដល់ ៥០ភាគរយ ស្របពេលដែលកម្ពស់នៃរលកវិញគឺអាចដល់១,៧៥ ម៉ែត្រ ។
ក្រោមឥទ្ធិពលនៃព្យុះនេះ តំបន់មួយចំនួនមានសេចក្តីរាយការណ៍ថា បានទទួលភ្លៀងធ្លាក់ច្រើន រហូតដល់ជនលិចកន្លែងខ្លះរួចទៅហើយ ហើយនៅមានខេត្តដែលរងការគំរាមកំហែងមួយចំនួនទៀត ។
សូមកុំធ្វេសប្រហែស ពីព្រោះក្រោមឥទ្ធិពលនៃព្យុះ៥ចុងក្រោយមកនេះ ផ្នែកខ្លះនៃប្រទេសកម្ពុជាយើង ពោលគឺរហូតដល់ទៅ ១០ ខេត្តគឺបានរងគ្រោះដោយទឹកជំនន់រួចទៅហើយ ហើយក៏មានសេចក្តីរាយការណ៍អំពីការជនលិចខូចទ្រព្យសម្បត្តិ និង ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរួចមកហើយដែរ ។
សម្រាប់ប្រជាជនយើងគួរតែបន្តលើកកំពស់ការប្រុងប្រៀបទុកជាមុន ហើយអាជ្ញាធរក៏រិតតែមិនអាចធ្វេសប្រហែសបានថែមទៀត ពីព្រោះត្រូវរ៉ាប់រងនូវបេសកម្មនិងតួនាទីត្រូវជួយសង្រ្គោះជីវិតពលរដ្ឋជាច្រើន ។ ក្រៅពីនោះ មន្រ្តីជំនាញខាងធនធានទឹក នៅតាមទំនប់និងអាងស្តុកទឹកនានាក៏រិតតែត្រូវតែយកចិត្តទុកដាក់នឹងភារកិច្ចក៏ដូចជាការត្រៀមខ្លួនបន្ថែមទៀត ។
ជាមួយនឹងបរិមាណទឹកភ្លៀងដែលបង្អុរចុះមកក្រោមឥទ្ធពលនៃព្យុះមុនៗ បណ្តាទំនប់ទឹកនិងអាងស្តុកទឹក ដែលបានត្រៀមបម្រុងទុក សម្រាប់ទប់ទល់នឹងបាតុភូតអែលនីញ៉ូដែលគេព្យាករណ៍ថា នឹងមកដល់នៅសប្តាហ៍ទី៣ នៃខែតុលាឆ្នាំ២០២៦ ហើយអូសបន្លាយដល់ខែកុម្ភៈឆ្នាំក្រោយនោះ អាចរងគ្រោះ ដោយបរិមាណភ្លៀងបង្អូរចុះមកបន្ថែមដោយព្យុះទី៣០នេះ ។
បើបណ្តាទំនប់និងអាងស្តុកទឹកនោះមានបញ្ហា គ្រោះវាអាចលើគ្រោះ ។ គ្រោះដំបូងគឺទឹកជំនន់ បន្ទាប់មក ដោយសារតែទំនប់ទាំងនោះមានបញ្ហាបាក់ស្រុតជាយថាហេតុ អ្វីដែលយើងត្រៀមបម្រងសម្រាប់ រ៉ាប់រងបន្ទុកនៅពេលរាំងស្ងួតនិងក្តៅខ្លាំង ក៏លែងមានទឹកទៀត ដូច្នេះសូមកុំធ្វេសប្រហែស នៅក្នុងការតាមដាន តាំងពីខ្នងទំនប់ មើលបញ្ចេញទឹកនិង ទប់ទឹកតាមជំនាញដោយយកចិត្តទុកដាក់និងម្ចាស់ការខ្ពស់។
សរុបមក ក្រោមឥទ្ធិពលនៃព្យុះទី៣០ ឈ្មោះចម្ពី កម្ពុជាអាចប្រឈមនឹងហានិភ័យទឹកជំនន់បន្ថែមទៀត ដែលបង្កការគំរាមកំហែងដល់អាយុជីវិតប្រជាពលរដ្ឋ ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ និងសុវត្ថិភាពទំនប់ទឹកនិងអាងស្តុកទឹក។ ដូច្នេះ ប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្ន ខណៈអាជ្ញាធរ និងមន្ត្រីជំនាញត្រូវតាមដានស្ថានភាពអាកាសធាតុ កម្ពស់ទឹក និងស្ថានភាពទំនប់ទឹកជាប្រចាំ ព្រមទាំងចាត់វិធានការបង្ការ និងត្រៀមសង្គ្រោះបន្ទាន់ឱ្យបានទាន់ពេលវេលា។ ការប្រុងប្រយ័ត្ន និងការចូលរួមទទួលខុសត្រូវពីគ្រប់ភាគី គឺជាកត្តាសំខាន់ក្នុងការកាត់បន្ថយគ្រោះមហន្តរាយ និងរក្សាសុវត្ថិភាពជីវិតប្រជាពលរដ្ឋ។
