អង្ករក្រអូបប្រណិតកម្ពុជាឈ្នះពានទៀតហើយ!

អង្ករកម្ពុជាគឺពិតជាមានគុណភាព ហើយកំពុងតែទទួលបានការទទួលស្គាល់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ទីផ្សារអង្ករកម្ពុជានៅតែមានកម្រិតនៅឡើយ ដោយនាំចេញស្រូវច្រើនជាងនាំចេញអង្ករ ។

តាមសេចក្តីរាយការណ៍របស់សារព័ត៌មាននានាបានឲ្យដឹងថា អង្ករក្រអូបដ៏ប្រណិតកម្ពុជា បានបន្តឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេ លើពិភពលោកជាលើកទី៦  ក្នុងការប្រកួតអង្ករល្អផ្តាច់គេលើពិភពលោក (World Best Rice) នៅក្នុងកម្មវិធី «សន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៤» នាទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

អង្កដែលទទួលបានពានដ៏មហាកិត្តិយសនេះ គឺបានទៅអង្ករដែលមានម៉ាកថា "ម្លិះអង្គរ"  ជាអង្ករដែលមានគុណភាព និងទុកចិត្តបានសម្រាប់ អង្ករក្រអូបប្រណិតកម្ពុជា ដែលជាប្រភេទអង្ករយកទៅដាំបាយ មានឱជារសឈ្ងុញឆ្ងាញ់​។​

ព្រឹត្តិការណ៍ដែលរៀបចំឡើងដោយវិទ្យាស្ថានគ្រាប់ធុញ្ញជាតិអន្តរជាតិ និង ពាណិជ្ជករ របស់សហរដ្ឋអាមេរិក នេះ គឺពិតជាមហាកិត្តិយសមួយសម្រាប់កម្ពុជា នៅក្នុងនាមជាប្រទេសកសិកម្មមួយ  ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កិត្តិនាមជាបន្តបន្ទាប់នេះ នៅមិនទាន់អាចជួយឲ្យកម្ពុជាអាចនាំចេញអង្ករឲ្យបាន១ លានដុល្លារទៅកាន់ទីផ្សារអន្តរជាតិនៅឡើយទេ ។

ទន្ទឹមនឹងជ័យលាភីដ៏មហាកិត្តិយសជាថ្មីនេះ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានប្រកាសថា នៅក្នុងរយៈពេល ១០​ខែនៃឆ្នាំ២០២៤ នេះប្រទេសកម្ពុជាបាននាំចេញអង្ករទើបតែចំនួន ៥០៧.០២៨  តោនប៉ុណ្ណោះ ដោយ​ទទួលបានប្រាក់ចំណូលសរុបចំនួន ៣៧៦,៦ លានដុល្លារអាមេរិក។

ប្រភពដដែលបានបន្តថា ទីផ្សារអង្ករកម្ពុជានៅពេលនេះគឺមាន ៦៦ ប្រទេសនិងតំបន់ ពោលគឺធំគួរសមដែរ ប៉ុន្តែបរិមាណនៃការនាំចេញឲ្យដល់គោលដៅគឺនៅឆ្ងាយនៅឡើយទេ ។

នេះគឺជាចំណុចសោកស្តាយមួយសម្រាប់កម្ពុជា ខណៈដែលយើងមានស្រូវគ្រប់គ្រាន់ដើម្បីធានាសង្វាក់ផលិតកម្មដើម្បីនាំចេញអោយដល់គោលដៅ ។​

នៅក្នុងរយៈពេលដដែលនេះ​ក្រៅពីអង្ករកម្ពុជានៅនាំចេញស្រូវបានមិនចេះតិច ។ ស្ថិតបានឲ្យដឹងថា នៅក្នុងរយៈពេល១០ខែនៃឆ្នាំ២០២៤ដដែល កម្ពុជាបាននាំចេញស្រូវទៅប្រទេសជិតខាងបានរហូតដល់ទៅជាង​៤ លានតោនទៅហើយជាមួយនឹងទឹកប្រាក់នាំចេញសរុប ជិត ១២០០ លានដុល្លារឯណោះ ។​

បរិមាណស្រូវនាំចេញនេះ​ប្រសិនបើកិនជាអង្ករនាំចេញវិញគឺហូសពីបាន ១លានតោន ហើយតម្លៃនៃការនាំចេញក៏ច្រើនជាងនេះ ហើយផលចំណេញដែលបានពីសង្វាក់ផលិតកម្មក៏បានតម្លៃបន្ថែមជាច្រើនទៀតដែរ ។

ផ្អែកតាមទឡ្ហីករណ៍នេះ យើងខ្ញុំសង្ឃឹមថា គ្រប់ភាគីនឹងធ្វើការជាមួយគ្នារកដំណោះស្រាយដើម្បីធ្វើយ៉ាងណា អាចជំរុញការនាំចេញអង្ករឲ្យកាន់តែច្រើនហើយព្យាយាមកាត់បន្ថយបរិមាណនាំចេញស្រូវដោយផ្ទាល់ វាខាតធនធានច្រើន៕

Daily Program

Livesteam thumbnail