ស្ថានភាពចែកចាយ និងវេចខ្ចប់ទឹកកកនៅកម្ពុជាគួរតែពង្រឹងស្តង់ដាបន្ថែមទៀត
ទឹកកកក៏អាចចាត់ទុកបានថាជាផលិតផលឧស្សាហកម្មអាហារមួយដ៏ចាំបាច់ផងដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយស្ថានភាពផលិតកម្ម និងចែកចាយនៅកម្ពុជាត្រូវបានគេជឿជាក់ថា នៅមានបញ្ហាប្រឈមដែលត្រូវការកែសម្រួលច្រើន។
នៅពេលនេះសម្រាប់ពលរដ្ឋកម្ពុជា គ្មាននរណាមិនប្រើប្រាស់ទឹកកកនោះទេ ទោះបីជាពួកគេមិនពិសារដោយផ្ទាល់ក៏ពូកគេចាំបាច់ប្រើប្រាស់វាដើម្បីហេតុផលនេះឫហេតុផលនោះ ពោលគឺសុទ្ធតែមានតម្រូវការ ដូច្នេះហើយដំណើរការផលិតនិងចែកចាយទឹកកកគួរតែមានស្តង់ដាឱ្យប្រសើរជាងនៅពេលបច្ចុប្បន្ន។
ដោយសារតែតម្រូវការទឹកកកនេះមានច្រើនគឺមិនដឹងថា នៅទូទាំងប្រទេសមានកន្លែងផលិតទឹកកកប៉ុន្មានពិតប្រាកដនៅឡើយទេ ប៉ុន្តែសម្រាប់នៅរាជធានីភ្នំពេញគឺអាចមានប្រមាណជា៦៦ កន្លែង ។
តួលេខនេះត្រូវបានយើងខ្ញុំដឹងគឺនៅពេលដែល លោក ហែម វណ្ណឌី រដ្ឋមន្រ្តីថ្មីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញសហគ្រាសផលិតទឹកកកទាំង៦៦កន្លែងនៅ រាជធានីភ្នំពេញ ដើម្បីសំណេះសំណាល ស្វែងយល់ពីស្ថានភាពបច្ចុប្បន្ន និងស្វែងរកវិធីកែលម្អគុណភាព ប្រសិទ្ធភាព និងភាពប្រកួតប្រជែងនៃផលិតកម្មទឹកកកកាលពីចុងឆ្នាំ២០២៣កន្លងទៅ។
នៅក្នុងជំនួបនោះលោក រដ្ឋមន្រ្តីក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃការកែលម្អឧស្សាហកម្មផលិតទឹកកកនេះផងដែរ ដោយលោកបានលើកឡើងថា ទឹកកកដើរតួនាទីយ៉ាងសំខាន់ មិនត្រឹមតែសម្រាប់ការពិសាប៉ុណ្ណោះទេ ប៉ុន្តែជាធាតុចូលសេដ្ឋកិច្ចគន្លឹះមួយ ដែលត្រូវបានប្រើដូចជាសម្រាប់ក្លាសេសាច់ បន្លែ និងផ្លែឈើជាដើម។
នៅពេលនោះ លោកបានជំរុញឲ្យរោងចក្រផលិតទឹកកក កែលម្អស្តង់ដាផលិតកម្មមួយចំនួន ដើម្បីធានាថាទឹកកកដែលផលិតបានត្រូវតាមស្តង់ដារគុណភាព និងអាចទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់។ ការងារនេះរួមបញ្ចូលទាំងការគិតគូរលើទិដ្ឋភាពជាច្រើន រួមទាំងការផលិត ការវេចខ្ចប់ និងការដឹកជញ្ជូនទឹកកកជាដើម។
នេះគឺជាការជំរុញរបស់លោករដ្ឋមន្រ្តី ប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះ ឃើញថា ស្ថានភាពនៃការប្រែប្រួល គឺហាក់មិនទាន់ឃើញមានអ្វីដែលប្លែកនៅឡើយ ជាពិសេសគឺការចែកចាយទឹកកកតែម្តង ។
កន្លែងផលិតកម្មដែលមជ្ឈដ្ឋានទូទៅគេបារម្ភអំពីការលួចប្រើប្រាស់ជីអ៊ីរ៉េ និងដាក់សារធាតុ ផ្សេងៗដើម្បីកាត់បន្ថយពេលបង្កក និងថែរក្សាការបង្កកនេះបានយូរ អនាម័យនៃប្រភទទឹក អនាម័យនៃកន្លែងផលិតកម្មជាដើម ខណៈដែលការចែកចាយវិញចំណុចអសកម្មគឺមើលឃើញត្រង់ៗច្បាស់ៗតែម្តងនៅពេលនេះ ដែលគប្បីគួរតែមានការកែលំអរនិងពង្រឹងស្តង់ដាបន្ថែម ជាពិសេសគឺអនាម័យ៕