រឿងឧក្រិដ្ឋកម្មតាមអនឡាញ យើងកំពុងតែធ្វើបានល្អ សូមបន្តថែមទៀត!
រឿងឧក្រិដ្ឋកម្មតាមអនឡាញ ដែលគេបានកំពុងតែប្រឹងលាបពណ៌បន្ថែមដល់កម្ពុជា ប៉ុន្តែកម្ពុជាយើងបានធ្វើយ៉ាងល្អប្រសើរហើយ ដោយជំហររឹងប៉ឹងនិងច្បាស់លាស់។
ជាការពិតរឿងអនឡាញនេះគឺគ្មាននរណាស្អាតស្អំជាងនរណានោះទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលកម្ពុជាបានធ្វើឃើញថា មានប្រសិទ្ធភាព ជាពិសេសគឺនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ កន្លងទៅថ្មីៗនេះ។
ថ្នាក់ដឹកនាំកម្ពុជាបានប្រើប្រាស់វេទិកានេះបញ្ជាក់យ៉ាងច្បាស់លាស់ជាមួយនឹងសមភាគីដែលកំពុងតែមានបញ្ហាដូចជាកូរ៉េខាងត្បូង ហើយមេដឹកនាំកូរ៉េខាងត្បូងក៏បានយល់ពីស្ថានភាពពិតអំពីឧក្រិដ្ឋកម្មនេះផងដែរ។
ជាការពិតរឿងអនឡាញនេះមិនអាចធ្វើតែប្រទេសមួយៗបានទេ វាគឺជាឧក្រិដ្ឋកម្មជាប្រព័ន្ធដែលទាមទារការធ្វើការក្រោមកិច្ចសហប្រតិបត្តិការ។
នៅពេលនេះលើការទូតយើងធ្វើបានល្អប្រសើរ ហើយនៅក្នុងស្រុកក៏យើង បានកំពុងតែធ្វើ ដោយមកដល់ពេលនេះប្រតិបត្តិការប្រឆាំងនឹងឧក្រិដ្ឋកម្មអនឡាញនេះបានត្រូវបង្រ្កាប់ជាបន្តបន្ទាប់។ អ្វីដែលយើងត្រូវតែខំប្រឹងប្រែងធ្វើទៀតនោះ គឺគួរតែរកអ្នកដែលទទួលខុសត្រូវពិតប្រាកដដែលនៅពីក្រោយឧក្រិដ្ឋកម្មទាំងនេះ ហើយម្យ៉ាងទៀត យើងក៏ត្រូវតែពង្រឹងការអប់រំនិងផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃឧក្រិដ្ឋកម្ននេះដល់ពលរដ្ឋយើងផងដែរ។
ថ្នាក់ដឹកនាំបានធ្វើកិច្ចការនេះល្អប្រសើរណាស់ ដូច្នេះយើងដែលជាមន្រ្តីប្រតិបត្តិគួរតែខិតខំធ្វើការដើម្បីធ្វើយ៉ាងណាលាងសម្អាតកេរ្តិ៍ឈ្មោះមិនល្អរបស់យើងឲ្យស្អាត ហើយអ្នកដែលពាក់ព័ន្ធគឺត្រូវតែវែកមុខនឹង ដាក់ទោសទណ្ឌទៅតាមច្បាប់ ដើម្បីឲ្យសក្តិសមទៅនឹងអំពើលាមកដែលពួកគេបានធ្វើឲ្យកេរ្តិ៍ឈ្មោះប្រទេសជាតិត្រូវប្រឡាក់ប្រឡូសតែជាមួយនឹងរបរដែលពឹងផ្អែកលើទឹកភ្នែករបស់អ្នកដទៃ។ ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួនសុខចិត្តធ្វើឲ្យជនរួមជាតិមួយប្រទេសមកលំបាកលំបិនរែកពន្ធបញ្ហាជាមួយដែរនោះ។
ចំណុចមួយដែលយើងគួរតែយកចិត្តទុកដាក់ដែរនោះ គឺថា ត្រូវបង្កើនការផ្សព្វផ្សាយដើម្បីធ្វើយ៉ាងណាឲ្យពលរដ្ឋយើងកុំអោយធ្លាក់ខ្លួនទៅជាជនរងគ្រោះនៅក្នុងឧក្រិដ្ឋកម្មនេះ។
កិច្ចការនេះមិនជាងាយស្រួលពេកនោះទេ ប៉ុន្តែវាគឺជាកិច្ចការដែលយើងត្រូវតែធ្វើពោលគឺសំអាតអ្វីដែលប្រឡាក់ប្រឡូស ហើយក៏ត្រូវបង្ការនិងការពារកុំអោយពលរដ្ឋយើងត្រូវធ្លាក់រងគ្រោះនៅក្នុងឧក្រិដ្ឋកម្មដ៏ទាន់សម័យកាលនេះ។ ឧក្រិដ្ឋកម្មនេះ សាហាវណាស់ វាក៏ទំនើបដែរ ដូច្នេះយើងគួរតែនាំគ្នានិយាយអំពីវាឲ្យបានច្រើន ដើម្បីការពារពលរដ្ឋយើងកុំអោយរងគ្រោះនឹងគេដែរ៕