សំរាមប្លាស្ទិកកនៅកម្ពុជា គួរអោយខ្លាច !
ពេលដែលឭគេនិយាយអំពីសំរាមប្លាស្ទិក យើងខ្ញុំហាក់មិនសូវចាប់អារម្មណ៍ទេ ប៉ុន្តែនៅពេលដែលបានអានសេចក្តីរាយការណ៍ពិស្តារពីក្រសួងបរិស្ថានគឺពិតជាគួរអោយរន្ធត់ ហើយគិតមិនដល់ថា កម្ពុជាចូលរួមបន្សល់សំណល់ប្លាស្ទិកនៅក្នុងបរិមាណដ៏ច្រើនបែបនេះឡើយ ។
កាលពីពេលថ្មីៗកន្លងទៅនេះក្រសួងបរិស្ថានបានអះអាងថា ចំនួនថង់ប្លាស្ទិកដែលប្រើប្រាស់នៅកម្ពុជា មានប្រមាណ ៥៦លានថង់ក្នុងមួយថ្ងៃ គឺស្មើនឹង២៧៩ លាន តោននៅក្នុងមួយថ្ងៃ។
ប្រភពដដែលបានអះអាងថា ក្នុងនោះប្រជាពលរដ្ឋនៅរាជធានីភ្នំពេញម្នាក់អាចប្រើប្រាស់ថង់ប្លាស្ទិក ៥ថង់ ក្នុងមួយថ្ងៃ ដូចនេះ អាចបង្កើតសំណល់ប្លាស្ទិកប្រមាណ៥៧តោនក្នុងមួយថ្ងៃ។
ប្រភពដដែលបានសង្កត់ធ្ងន់ផងដែរថា ចំពោះរាជធានីភ្នំពេញ ក៏ដូចជានៅតាមទីក្រុងធំៗ បានផលិតសំរាមជាមធ្យម ៣០០០ តោនក្នុងមួយថ្ងៃ តែមានសំរាមជាង ២០ភាគរយប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើងវិញ។
ប្រភពដដែលបានបន្តថា ដោយសារតែសង្កេតឃើញពីបរិមាណនៃការប្រើប្រាស់ថង់ប្លាស្ទិកនេះហើយ ទើបក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣មក នៅក្នុងគោលបំណងផ្សព្វផ្សាយជំរុញ ឱ្យមានការចូលរួម រក្សាបាននូវសុខុមាលភាពប្រជាពលរដ្ឋ តាមរយៈភាពស្អាត គ្មានសំណល់ប្លាស្ទិកនៅតាមសាលារៀន នឹងឈានទៅគ្មានសំណល់ប្លាស្ទិកទូទាំងប្រទេស។
ឃើញតួលេខបែបនេះ តើលោកអ្នកយល់យ៉ាងណា ? តើយើងគួរតែបន្តចូលរួម ចំណែកបំពុលបរិយាកាសសង្គម ដោយសារតែការប្រើប្រាស់ថង់ប្លាស្ទិកនេះបន្តទៀត ឬយ៉ាងណា ?
សូមចូលរួមពិចារណាទាំងអស់គ្នា ប៉ុន្តែសម្រាប់យើងខ្ញុំគិតថា នេះគឺជាការរួមចំណែកដែល អាចនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរណាស់ចំពោះសង្គមសេដ្ឋកិច្ចរបស់ប្រទេសយើងនៅពេលអនាគត ដូច្នេះយើងទាំងអស់គ្នាគួរតែចូលរួម។
នៅពេលនេះកម្មវិធីនេះដំណើរការតែតាមសាលារៀនទេ ប៉ុន្តែយើងខ្ញុំគិតថា ការចូលរួមត្រឹមតែសាលារៀន គឺប្រហែលជាមិនទាន់គ្រប់គ្រាន់នោះទេ ដូច្នេះយុទ្ធនាការនេះគួរតែមានការចូលរួមពីមជ្ឈដ្ឋានផ្សេងៗនៅក្នុងសង្គមអោយបានទូលំទូលាយជាងនេះបន្ថែមទៀត៕