សូមប្រុងប្រយ័ត្ន! ព្រោះតែចង់ការពារគណនីបណ្តាញសង្គមរបស់យើង បែរជាយើងអាចធ្លាក់ក្នុងអន្ទាក់នៃការឆបោក
ក្នុងយុគសម័យដែលប្រព័ន្ធផ្សព្វផ្សាយសង្គមបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ គណនី Facebook, TikTok, Telegram និងបណ្តាញសង្គមផ្សេងៗ មិនមែនគ្រាន់តែជាកន្លែងសម្រាប់ទំនាក់ទំនង ឬកម្សាន្តប៉ុណ្ណោះទេ។ សម្រាប់មនុស្សជាច្រើន វាជាច្រកធ្វើអាជីវកម្ម ផ្សព្វផ្សាយព័ត៌មាន រកប្រាក់ចំណូល និងរក្សាទំនាក់ទំនងជាមួយអតិថិជន ក៏ដូចជាសាច់ញាតិផងដែរ។ ដូច្នេះ ការបាត់បង់គណនីមួយអាចមានន័យថា បាត់បង់ទាំងទ្រព្យសម្បត្តិឌីជីថល កេរ្តិ៍ឈ្មោះ និងចំណូល។
ដោយសារតែតម្លៃនៃគណនីកាន់តែខ្ពស់ យើងក៏កំពុងឃើញការកើនឡើងនៃអ្នកដែលយកការភ័យខ្លាចរបស់អ្នកប្រើប្រាស់មកធ្វើជាឱកាសរកប្រាក់ ដោយគេគ្រាន់តែប្រើពាក្យមួយដ៏ខ្លីថា គេអាច «ការពារគណនី» ឬ «ការពារទំព័រ» របស់គេបាន។ ពួកគេកំពុងតែធ្វើសកម្មភាពដែលស្តាប់មើលទៅគួរឱ្យទុកចិត្ត ប៉ុន្តែប្រសិនបើអ្នកផ្តល់សេវាម្នាក់អះអាងថា អាចធានា ១០០ភាគរយថា គណនីរបស់យើងមិនត្រូវបានបិទ ផ្អាក លុប ឬបាត់បង់ នោះគឺជាសញ្ញាដែលយើងគួរតែឈប់ និងពិនិត្យឱ្យបានច្បាស់ជាមុន។
ពាក់ព័ន្ធនឹងការព្រួយបារម្ភនេះ និយតករទូរគមនាគមន៍កម្ពុជា (TRC) បានជំរុញឱ្យអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមមានការប្រុងប្រយ័ត្នបន្ថែមទៀតចំពោះសកម្មភាពក្លែងបន្លំដែលពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្ម និងការផ្តល់សេវាការពារគណនី និងទំព័រដែលត្រូវបានអះអាងថាជាថ្នូរនឹងการបង់ប្រាក់។ ស្ថាប័ននេះបានព្រមានថា នៅពេលនេះមានបុគ្គលមួយចំនួនបានធ្វើការផ្សព្វផ្សាយ និងប្រកាសជាចំហថា ពួកគេអាចផ្តល់ជូននូវសេវាកម្ម «ការពារគណនី» ឬ «ការពារទំព័រ» នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយអះអាងថាពួកគេអាចធានាថាគណនី ឬទំព័ររបស់អ្នកប្រើប្រាស់នឹងមិនត្រូវបានបិទ ផ្អាក លុប ឬបាត់បង់ឡើយ ប៉ុន្តែសូមប្រុងប្រយ័ត្ន!
ប្រភពដដែលបានបន្តថា ពួកគេអាចមិនមែនជាអ្នកផ្តល់សេវានោះទេ តាមពិតទៅពួកគេគឺជាអ្នកដែលសន្យា ឬអាចមានចេតនាប្រមូលព័ត៌មានសម្ងាត់ពីយើងទៅវិញ។ សូមប្រុងប្រយ័ត្នលើការផ្តល់លេខទូរស័ព្ទ អាសយដ្ឋានអ៊ីម៉ែល ពាក្យសម្ងាត់ លេខកូដ OTP ឬសិទ្ធិគ្រប់គ្រងទំព័រ។ នៅក្នុងករណីដែលយើងផ្តល់អ្វីដែលពួកគេត្រូវការនោះទៅ ម្ចាស់គណនីអាចប្រឈមនឹងការបាត់បង់ការគ្រប់គ្រងគណនីយើងជាអចិន្រ្តៃយ៍ អាចបាត់បង់ប្រាក់ដោយមិនមានសំណង យើងក៏អាចបាត់បង់ព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុ ហើយគេអាចនឹងប្រើប្រាស់គណនីរបស់យើងទៅធ្វើសកម្មភាពផ្សេងៗតាមគោលបំណងរបស់ពួកគេ។
និយតករទូរគមនាគមន៍កម្ពុជាបញ្ជាក់ថា ការអះអាងណាមួយអំពីការធានាការការពារគណនី ឬទំព័រជាថ្នូរនឹងការបង់ប្រាក់ គឺជាการផ្សព្វផ្សាយព័ត៌មានមិនពិត។ ការអះអាងបែបនេះអាចមានធាតុផ្សំនៃការក្លែងបន្លំ និងបង្កឱ្យមានការទទួលខុសត្រូវក្រោមច្បាប់ដែលមានស្រាប់។
សរុបទៅ ការព្រមានរបស់និយតករទូរគមនាគមន៍កម្ពុជាគួរត្រូវបានចាត់ទុកជាសារដាស់តឿនដ៏សំខាន់មួយ។ អ្នកដែលអះអាងថាខ្លួនអាច «ការពារគណនី» អាចមិនមែនចង់ការពារគណនីរបស់យើងឡើយ ប៉ុន្តែអាចកំពុងព្យាយាមយកព័ត៌មានសម្ងាត់របស់យើងទៅវិញ។ ដូច្នេះ ការការពារដ៏ល្អបំផុតមិនមែនជាការបង់ប្រាក់ទៅឱ្យអ្នកណាម្នាក់ដែលអះអាងថាខ្លួនអាច «ធានាគណនី» នោះទេ។
អ្នកប្រើប្រាស់គួរប្រើមុខងារសុវត្ថិភាពផ្លូវការរបស់កម្មវិធីដែលខ្លួនកំពុងប្រើ ធ្វើការផ្ទៀងផ្ទាត់ ប្រើពាក្យសម្ងាត់រឹងមាំ និងមិនប្រើពាក្យសម្ងាត់ដូចគ្នាសម្រាប់គណនីជាច្រើន។ សូមប្រុងប្រយ័ត្ន ឥឡូវសំបូរអ្នកឆ្លៀតឱកាសណាស់!
