បើសិនជាក្រុមកុមារដើរលក់ និងក្រុមជនចាស់ជរាដើរសុំទានតាមទីសាធារណៈមានអង្គការចាត់តាំង គួរបង្ក្រាប!

សព្វថ្ងៃនេះ មានក្រុមកុមារាកុមារីដើរលក់នំចំណី និងម្ជូរ មិនថាយប់មិនថាថ្ងៃ ហើយក្រៅពីនោះ ក៏មានក្រុមជនចាស់ជរាដើរសុំទាននៅតាមទីសាធារណៈនានាជាច្រើន រហូតដល់មានការសង្ស័យថា ពួកគេមានអង្គការចាត់តាំង ពោលគឺមានការដឹកជញ្ជូន និងបែងចែកពួកគេជាក្រុមៗឱ្យធ្វើបែបនេះតាមតំបន់។

ក្រុមកុមារាកុមារីខ្លះដើរលក់នេះលក់នោះ ខ្លះលក់ពងមាន់ ខ្លះពងក្រួច ខ្លះម្ជូរ ខ្លះគ្រឿងក្លែមមានពពួកចង្រិត កណ្ដូបបំពង ដោយពេលថ្ងៃដើរតាមផ្សារ តាមហាង ហើយពេលយប់គឺមាននៅតាមកន្លែងហូបចុកនានា។ ដោយឡែកចាស់ជរា គឺដើរសុំទានតាមស្តុប តាមទីសាធារណៈ ខ្លះដើរត្រាច់ចរតាមតំបន់ដែលគេបែងចែក។ ពួកគេនៅក្នុងចំណោមនោះ អាចមានអង្គការចាត់តាំង ឬជាមេក្រុម ដោយសារតែពួកគេប្រើប្រាស់មធ្យោបាយដឹកតាមទុកៗ (តុកតុក) ឬតាមម៉ូតូជាហូរហែ។

ជាការពិត នៅក្នុងចំណោមក្រុមកុមារាកុមារីទាំងនោះ ពេលខ្លះពួកគេអាចស្ម័គ្រចិត្តជួយសម្រាលការលំបាករបស់ឪពុកម្តាយដែលមានជីវភាពខ្វះខាត។ គ្នាខំតស៊ូទូលផងកៀកកណ្តៀតផង ដើរត្រាច់ចរពាសវាលពាសកាលដើម្បីប្រកបរបរនេះ។ ប្រសិនបើស្ថានភាពពិតប្រាកដបែបនោះ ពួកគេគួរតែទទួលបានការកោតសរសើរ សណ្ដោសប្រណី ព្រមទាំងការគោរពនិងឱ្យតម្លៃ ហើយប្រសិនបើយើងមានធនធាន គួរតែជួយពួកគេតាមវិធីផ្សេងៗ។ ប៉ុន្តែ ប្រសិនបើការប្រកបរបរបែបនេះមានការចាត់ចែងដោយបុគ្គលមួយចំនួនដែលតាំងខ្លួនជាអ្នកសប្បុរស តែធាតុពិតយកពួកគេធ្វើជាឧបករណ៍រកប្រាក់ ឬកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់ពួកគេនោះ សមត្ថកិច្ចគួរតែវែកមុខរកពួកគេ ហើយនាំទៅផ្តន្ទាទោសតាមច្បាប់។

ជនចាស់ជរាក៏ដូចគ្នាដែរ នៅក្នុងករណីគាត់ក្រខ្សត់ ជីវភាពខ្វះខាត ដាច់ចិត្តមកដើរសុំទានដើម្បីរស់ វាក៏ជារឿងមួយ។ ប៉ុន្តែ បើពួកគាត់មានស្ថានភាពស្រដៀងគ្នានឹងក្រុមកុមារាកុមារី ដោយត្រូវចាត់ចែងដោយនរណាម្នាក់ដែលយកពួកគាត់ធ្វើជាមធ្យោបាយរកប្រាក់តាមវិធីនេះ ក៏ត្រូវតែស្រាវជ្រាវបង្ក្រាប និងយកជនដែលនៅពីក្រោយទៅប្រឈមមុខនឹងច្បាប់។

សរុបទៅ កុមារ និងមនុស្សចាស់ជរាដែលដើរលក់ដូរ ឬសុំទាន គួរត្រូវបានសង្គមយល់អំពីស្ថានភាព និងជួយពួកគេដោយមនុស្សធម៌។ ប៉ុន្តែ ប្រសិនបើមានការចាត់តាំង ឬកេងប្រវ័ញ្ច ដោយពួកគេត្រូវបានគេយកទៅធ្វើជាឧបករណ៍រកប្រាក់ នោះជាបញ្ហាដែលមិនគួរមើលរំលងឡើយ។ សមត្ថកិច្ចគួរតែស្រាវជ្រាវឱ្យបានច្បាស់ ដើម្បីញែកឱ្យដាច់រវាងអ្នកដែលខំប្រឹងរកស៊ីដោយសុចរិត និងអ្នកដែលនៅពីក្រោយការកេងប្រវ័ញ្ច។ អ្នកខ្វះខាតគួរទទួលបានការជួយសង្គ្រោះ និងការគាំពារ ខណៈអ្នកដែលកេងប្រវ័ញ្ចកុមារ ឬមនុស្សចាស់ជរា គួរតែត្រូវប្រឈមមុខនឹងច្បាប់។

ការជួយអ្នកទន់ខ្សោយ គឺជាមនុស្សធម៌ ប៉ុន្តែការកេងប្រវ័ញ្ចអ្នកទន់ខ្សោយ គឺជាអំពើដែលសង្គមមិនគួរអត់ឱនឡើយ។

 

Daily Program

Livesteam thumbnail
khmer popup image