សូមបន្តប្រុងប្រយ័ត្នលើការនាំចេញស្បៀង !
តាមសេចក្តីរាយការណ៍របស់សារព័ត៌មានធំៗនានា បានឲ្យដឹងថា បាតុភូតអែលនីណូ អាចនឹងអូសបន្លាសឥទ្ធិពលរបស់វារហូតដល់ឆមាសទីមួយនៃឆ្នាំ២០២៤ ដូចនេះវាអាចនឹងប៉ះពាល់ដល់ផលិតកម្មស្បៀងអាហារនៅអាស៊ីបន្តទៀត ។
តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រជាដើមបានឲ្យដឹងថា ផលិតកម្មស្រូវ ពោត ស្រូវសាឡី ដូងប្រេង និង ដំណាំអាហារនៅអាស៊ី គឺនឹងបន្តទទួលឥទ្ធិពលនៃបាតុភូតនេះ ដែលគេបានរំពឹងថា នឹងអាចកាន់តែធ្ងន់ធ្ងរ ។
ប្រសិនបើបាតុភូតនេះអូសបន្លាយត្រឹមឆមាសទីមួយនៃឆ្នាំ២០២៤ វាទំនងជាមិនសូវប៉ះពាល់ធ្ងន់ធ្ងរដល់ដំណាំស្បៀងនៅកម្ពុជានោះប៉ុន្មានទេ ដោយសារតែដំណាំស្រូវនៅកម្ពុជា ជាពិសេសគឺស្រូវវស្សាគេចាប់ផ្តើមធ្វើនៅខែឧសភា ដោយសារតែរបបទឹកភ្លៀងនៅកម្ពុជាអាចបង្អុរធ្លាក់នៅក្នុងអំឡុងពេលនេះ ដូច្នេះប្រសិនបើកម្ពុជានៅក្រោមឥទ្ធិពលនេះ កសិករអាចពន្យារពេលបង្កបង្កើនផលប្រមាណជា ២ខែប៉ុណ្ណោះ។
រឿងដំណាំយើងមិនសូវភ័យទេ ប៉ុន្តែអ្វីដែលភ័យនោះគឺថា កសិករយើងអាចសប្បាយនៅពេលដែលផលិតផលលក់បានថ្លៃគិតតែប្រមូលលក់រហូតភ្លេចគិតទុកខ្លះដើម្បីចិញ្ចឹមឆ្នាំង ដោយអាងថា ចាំឆ្នាំក្រោយនឹងខិតខំបង្កបង្កើនផលទៀត។
បងប្អូនសូមលើកកំពស់ការប្រុងប្រយ័ត្នណា ! ការលក់ស្រូវនៅពេលនេះថ្វីត្បិតតែតម្លៃល្អ បានថ្លៃខុសពីឆ្នាំមុនៗ ប៉ុន្តែប្រសិនបើបងប្អូនលក់អស់ពីជម្រុកលុយដែលបងប្អូនបានពីការលក់ស្រូវបានថ្លៃនេះ ហើយយកមកទិញអង្ករវិញប្រយ័ត្នអត់គ្រាន់។
បងប្អូនលក់ក៏លក់ទៅចុះ ពីព្រោះតម្លៃស្រូវនៅឆ្នាំនេះល្អខ្លាំងណាស់ បើធៀបនឹងឆ្នាំមុនៗ ហើយកសិករណាក៏ញញឹមដែរ ប៉ុន្តែប្រសិនបើភ្លេចខ្លួនដឹងតែសប្បាយនឹងការច្រូតហើយ លើកដាក់ឡានគេៗ ភ្លេចច្រូតហើយដាក់រទេះឫ គោយន្តចូលជម្រុកនៅផ្ទះខ្លះទេនោះ ប្រាកដជាទប់មិនជាប់ឡើយនិងយកលុយពីការលក់ស្រូវបានទៅទិញអង្ករហូបវិញ។
សរុបមកវិញនៅពេលនេះតម្រូវការស្បៀងពិភពលោកនឹងបន្តកើនឡើង ហើយតម្លៃស្រូវដែលជាស្បៀងមូលដ្ឋានរបស់ប្រជាពលរដ្ឋយើងនឹងនៅបន្តប្រសើរថែមទៀត នៅក្នុងស្ថានភាពបែបនេះ ប៉ុន្តែទោះបីជាយ៉ាងក៏ដោយរាល់ការលក់ និងដោះដូរសូមរិះគិតបម្រុងទុកខ្លះដើម្បីបរិភោគគ្រប់គ្រាន់នៅក្នុងគ្រួសារ៕