សូមជួយសមាជិកគ្រួសារដែលមានជំងឺបាក់ទឹកចិត្ត និងថប់បារម្ភ!

ជំងឺបាក់ទឹកចិត្ត និងជំងឺថប់បារម្ភ គឺជាជំងឺផ្លូវចិត្តពីរប្រភេទដែលសុទ្ធតែគ្រោះថ្នាក់ហើយនៅក្នុងករណីនៅក្នុងគ្រួសារមានសមាជិកណាម្នាក់មានជំងឺនេះ សូម​ប្រុងប្រយ័ត្ន ដើម្បីកុំអោយមានវិប្បដិសារីប្រចាំគ្រួសារ ឬជីវិត។​

ជំងឺទាំងពីរនេះមិនសម្លាប់មនុស្សទេ ប៉ុន្តែជាទូទៅមនុស្សដែលមានជំងឺនេះអាចនឹងសម្លាប់ខ្លួន​ឯងបានគ្រប់ពេលវេលា​ ដូច្នេះទាមទារការយកចិត្តទុកដាក់ខ្ពស់ពីសមាជិកគ្រួសារ ពីមិត្តភក្រ្ត និ​ងពីសហការីនៅកន្លែងធ្វើការ ឬប្រកបរបររកស៊ីជាដើម។​

តាមឯកសារវេជ្ជសាស្រ្តបានឲ្យដឹងថា ជំងឺ​បាក់​ទឹក​ចិត្ត សំដៅ​លើ​បញ្ហា​ផ្លូវ​អារម្មណ៍ ហើយអ្នកជំងឺច្រើនមានអាការៈ​ពិបាក​ចិត្ត​ និង បាត់​បង់​ចំណង់​ចំណូល​ចិត្ត។ ជំងឺនេះជា​ជំងឺ​ផ្លូវ​ចិត្ត មួយ​ក្នុង​ចំណោម​ជំងឺ​ផ្លូវ​ចិត្ត ឧស្សាហ៍​កើត​ញឹកញាប់​បំផុត រហូតដល់អង្គការ​សុខភាព​ពិភពលោក បានការព្រមានថា វាជាប្រភេទ​ជំងឺដែល​ឈរ​នៅលំដាប់នាំមុខគេលើស​ជំងឺ​ផ្លូវ​ចិត្ត​ផ្សេង​ទៀត​ដែល​ឧស្សាហ៍​កើត​បំផុត។

អ្នកជំងឺបាក់ទឹកចិត្តគឺមាន​រោគ​សញ្ញា​ផ្សេងៗដូចជា ពិបាក​ចិត្ត សោក​សៅ អស់​សង្ឃឹម​ខ្លាំង ខឹង មួម៉ៅ ធុញ​ថប់​សូម្បី​តែ​រឿង​បន្តិច​បន្តួច បាត់​បង់​ចំណាប់​អារម្មណ៍​លើ​សកម្មភាព​ធ្វើ​ឲ្យ​សប្បាយ​ចិត្តតាំងពីការរួមភេទ ឆាប់​អស់​កម្លាំង គ្មាន​ថាមពល​ក្នុង​ខ្លួន សូម្បី​តែ​ការងារ​តិចតួច លែង​ចង់​ញ៉ាំ​អាហារ ស្រក​ទម្ងន់ ឬ​ញ៉ាំ​ច្រើន​ពេកឡើង​ទម្ងន់ ថប់​បារម្ភ ឡេះឡះ មិន​សុខ​ក្នុង​ខ្លួន មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ គ្មាន​បាន​ការ ឬ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​មាន​កំហុស​ក្នុង​រឿង​អតីតកាល បន្ទោស​ខ្លួន​ឯង មាន​គំនិត​ចង់​ស្លាប់​ញឹក​ញាប់ ឬ​ប៉ុនប៉ង​សម្លាប់​ខ្លួន​។

ដោយឡែកជំងឺ ​ថប់​បារម្ភជា​​ជំងឺ​​គួរ​​ឲ្យ​​ខ្លាច មិន​ចាញ់​ជំងឺ បាក់ទឹកចិត្តឡើយ។  ជំងឺ​ថប់​បារម្ភ នេះកំពុង​កើត​មាន​លើ​មនុស្ស​ជាច្រើន​ជុំវិញ​ពិភពលោក។ អ្នក​ជំងឺ​ថប់បារម្ភ ប្រឈម​នឹង​អា​រម្មណ៍​ឆេវឆាវ គិត​ច្របូក​ច្របល់ ព្រួយ​បារម្ភ​ច្រើន មាន​ការ​ប្រែប្រួល​លើ​រាង​កាយ ដូចជា ចង្វាក់​បេះដូង​លោត​លឿន និង​សម្ពាធ​ឈាម​ខ្ពស់។

 

ជំងឺទាំងពីរនេះគឺសុទ្ធតែគ្រោះថ្នាក់ សម្រាប់អ្នកកើតហើយគ្រោះថ្នាក់គឺជំងឺនេះបណ្តាលអោយអ្នកជំងឺសម្លាប់ខ្លួនឫធ្វើអត្តឃាតនេះឯង ដូច្នេះនៅក្នុងករណីដែលនៅក្នុងគ្រួសារមាននរណាមានជំងឺនេះ សូមព្យាយាមកុំបន្ទោស កុំបង្អាប់ គឺត្រូវលើកទឹកចិត្ត។

នៅក្នុងករណីធ្ងន់ធ្ងរគឺសូមកុំទុកអោយអ្នកជំងឺនៅម្នាក់ឯងដាច់ក្រសែភ្នែក ហើយព្យាយមាមលួងលោម ផ្តល់ក្តីស្រលាញ់​ផ្តល់ភាពកក់ក្តៅ​ផ្តល់ភាគស្និទ្ធ​ស្នាលកុំអោយអ្នកជំងឺ​ឯកោ៕

 

Daily Program

Livesteam thumbnail