សភាពការណ៍ព្រំដែនតានតឹងខ្លាំងជាថ្មី ! ថៃប្រើរហូតដល់រថកោះ

ស្ថានការណ៍នៅព្រំដែនកំពុងតែតានតឹងជាថ្មី ក្រោយពេលដែលកម្លាំងថៃបានបាញ់ប្រហារមកកាន់ កម្ពុជាជាបន្តបន្ទាប់ចាប់តាំងពីរសៀលថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ២០២៥ ជាច្រើនទីតាំង ។

តាមសេចក្តីរាយការណ៍របស់ក្រសួងការពារជាតិបានឲ្យដឹងថា នៅថ្ងៃទី ០៧ ខែធ្នូ យោធាថៃបានបាញ់មកលើទីតាំងកងទ័ពកម្ពុជាដែលឈរជើងនៅតំបន់ព្រលានថ្ម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅម៉ោងប្រមាណ ២:១៥នាទី រហូតដល់ម៉ោងប្រមាណ២:៣២នាទី ។

លើសពីនេះ នៅវេលាម៉ោងប្រមាណ ៨:០២នាទីយប់យោធាថៃបានបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាជាលើកទីពីរ ដោយប្រើកាំភ្លើងដៃបាញ់ជាច្រើនគ្រាប់នៅមុខខ្សែត្រៀមរបស់កម្ពុជា ក្នុងភូមិសាស្រ្តអូរផ្កាស្នេហ៍។

បន្ទាប់មក នៅវេលាម៉ោង ៨:៣០នាទីកងកម្លាំងយោធាថៃបានបន្តបាញ់ប្រហារមកលើទាហានកម្ពុជា នៅទីតាំងព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាថ្មីដោយប្រើកាំភ្លើងដៃ និងកាំភ្លើងត្បាល់ ជាច្រើនគ្រាប់។

ហើយនៅព្រឹកថ្ងៃទី ០៨ ខែធ្នូ ចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក ។

មកដល់ពេលនេះតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិ គឺកម្ពុជាបានបន្តអត់ធ្មត់ ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត។

ជាមួយគ្នានេះ កម្ពុជាបានជូនដំណឹងទៅក្រុមអ្នកសង្កេត ការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះរួចហើយ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ចុះទៅទីតាំង ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីស្វែងរកការពិត និងធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ។

ក្រសួងការពារជាតិ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃបានរំលោភបំពានលើ ”សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។

នៅក្នុងស្ថានភាពដែលស្ថានការណ៍វិវន្តនិងប្រែប្រួលជាបន្តបន្ទាប់បែបនេះ យើងខ្ញុំសង្ឃឹមថា កងកម្លាំងនៅជួរមុខ នឹងបន្តគោរពបទបញ្ជារបស់ថ្នាក់លើ ជាពិសេសគឺក្រសួងការពារជាតិ និង រាជរដ្ឋាភិបាលកម្ពុជា ហើយនិងម្ចាស់ការការពារខ្លួន នៅក្នុងស្មារតីត្រៀមខ្លួនឆ្លើយតបតាមគ្រប់ បទបញ្ជាដែលដាក់ចេញ ។ ដោយឡែកបងប្អូនប្រជាពលរដ្ឋនិងកម្លាំងនៅខាងក្រោយក៏កុំភ្លេចត្រៀមខ្លួនឲ្យហើយពង្រឹងជំហរ ដើម្បីបង្ហាញស្មារតីសាមរគ្គីភាពជាធ្លុងមួយឆ្លើយតបតាមគ្រប់យន្តការតាមគោលការណ៍ច្បាស់លាស់៕

 

Daily Program

Livesteam thumbnail