សន្តិភាពមិនងាយស្រួលរកទេ ហើយក៏កុំកេងប្រវ័ញ្ចលើសន្តិភាពដែរ !
នៅពេលដែលយើងរំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ យើងត្រូវបានគេរំឮកអំពីពេលវេលាកំណត់ក្នុងប្រវត្តិសាស្ត្រកម្ពុជានៃកិច្ចស្វះស្វែងរកសន្តិភាពដ៏លំបាកលំបិនរបស់កម្ពុជា។
កិច្ចព្រមព្រៀងដ៏សំខាន់នេះ បានបង្ហាញពីការបញ្ចប់នៃសង្រ្គាមស៊ីវិលនៅកម្ពុជា ដោយបានដឹកនាំកម្ពុជាឈានទៅដល់ដំណាក់កាលនៃក្តីសង្ឃឹម និងការផ្សះផ្សាជាតិសម្រាប់ប្រជាជាតិមួយដែលត្រូវបានបំផ្លិចបំផ្លាញដោយជម្លោះជាច្រើនទសវត្សរ៍។ ចុះហត្ថលេខាដោយហត្ថលេខីនៃភាគីពាក់ព័ន្ធនៃសង្រ្គាម៤ភាគីនិងប្រទេសចំនួន ១៩ បានបង្កើតនូវក្របខ័ណ្ឌសន្តិភាព និងការកសាងប្រទេសឡើងវិញនៅកម្ពុជាទោះបីជាមិនបរិបូរណ៍ដូចចុងឆ្នាំ១៩៩៨ក៏ដោយចុះ។
ថ្ងៃនេះជាសក្ខីកម្មនៃលទ្ធផលដ៏សំខាន់បំផុតមួយនៃកម្ពុជា ភាគីពាក់ព័ន្ធបានយល់ព្រមទម្លាក់អាវុធដាក់នៅក្រោមការគ្រប់គ្រងដោយ អ៊ុនតាក់។ ថ្ងៃនេះក៏ជាថ្ងៃប្រវត្តិសាស្រ្តលើកដំបូងរបស់ អង្គការសហប្រជាជាតិដែលបានចូលកាន់អំណាចគ្រប់គ្រងរដ្ឋអធិបតេយ្យមួយ ហើយធ្វើការត្រួតពិនិត្យការផ្លាស់ប្តូររបស់កម្ពុជាពីសង្រ្គាមទៅរកសន្តិភាពតាម រៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ និងធានាការវិលត្រឡប់ប្រកបដោយសុវត្ថិភាពនៃជនភៀសខ្លួន។
អ៊ុនតាក់បានឈានដល់ការរៀបចំបោះឆ្នោតនៅកម្ពុជានាឆ្នាំ១៩៩៣ តែសន្តិភាពនៅតែហែកហួរ ដោយភាគីខ្មែរក្រហមចាកចេញពីការបោះឆ្នោតតែទោះជាយ៉ាងណា វាគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកសាងមូលដ្ឋានគ្រឹះនៃស្ថិរភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ទោះមិនបរិបូណ៍ក៏ដោយក៏វាជាកិច្ចព្រមព្រៀងសន្តិភាពតំណាងឱ្យការបញ្ចប់ជម្លោះ ត្រីភាគី។ សម្រាប់ប្រជាជនកម្ពុជា ដែលរងគ្រោះដោយសង្រ្គាម អំពើប្រល័យពូជសាសន៍ និងអស្ថិរភាពនយោបាយ កិច្ចព្រមព្រៀងគឺជាសញ្ញានៃក្តីសង្ឃឹមសម្រាប់ការកសាងប្រទេសជាតិរបស់កម្ពុជាឡើងវិញ និងបានរៀបចំខ្លួនហើយខិតខំស្វះស្វែងបន្ថែមដោយខ្មែរគ្នាឯងរហូតបានសន្តិភាពនៅចុងឆ្នាំ១៩៩៨ ។
ផ្អែកតាមទឡ្ហីករណ៍នេះ នៅពេលយើងក្រឡេកមើលទៅក្រោយ វាជារឿងសំខាន់ដែលត្រូវចងចាំថា សន្តិភាពមិនមែនជាព្រឹត្តិការណ៍ដែលងាយកើតឡើងនិងស្វែងរកបានដោយងាយនោះឡើយ។ សូមមើលអ្វីដែលកំពុងតែកើតមាននៅប្រទេសជាច្រើនដូច្នេះ វាទាមទារឲ្យយើងទាំងអស់គ្នាត្រូវការការខិតខំប្រឹងប្រែងបន្ត ការសន្ទនា និងការប្តេជ្ញាចិត្តពីប្រជាពលរដ្ឋទាំងអស់នៅក្នុងការរក្សាសន្តិភាព ប៉ុន្តែក៏មិនមែន ប្រើប្រាស់សន្តិភាពដើម្បីកេងចំណេញនយោបាយដែរ។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានផ្តល់ឱកាសដ៏កម្រដល់កម្ពុជា ប៉ុន្តែផ្លូវឆ្ពោះទៅរកសន្តិភាព និងវិបុលភាពយូរអង្វែងនៅតែបន្ត។ នៅពេលដែលយើងឆ្លុះបញ្ចាំងពីសមិទ្ធិផលជាប្រវត្តិសាស្ត្រនេះ សូមទុកវាទុកជាការរំលឹកអំពីទំនួលខុសត្រូវរួមរបស់យើងក្នុងការការពារសន្តិភាពដែលបុព្វបុរសរបស់យើងបានតស៊ូយ៉ាងលំបាកដើម្បីទទួលបាន។
យើងទាំងអស់គ្នាគួរតែរួមគ្នាកសាងមូលដ្ឋានគ្រឹះនៃសន្តិភាព ប្រកបដោយ ឧត្តមភាព និង គ្មានការគំរាមកំហែង ហើយមានឱកាសអភិវឌ្ឈន៍ជាមួយនឹងគ្នាយ៉ាងរស់រវើក៕