យានយន្តអគ្គិសនីមានច្រើន ប៉ុន្តែបែជាស្ថានីយសាកអាគុយខ្លះមានហើយរើចេញវិញ !

នៅពេលដែលយានយន្តអគ្គិសនីនៅកម្ពុជាមានចំនួនច្រើននិងកំពុងតែមានកំណើនកើនឡើង ស្ថានីយសាកអាគុយក៏មានច្រើនដែរ ប៉ុន្តែថ្មីៗនេះ​មានការរអ៊ូរទាំនៅតាមក្រុមពិភាក្សានៅលើបណ្តាញសង្គមខ្លះថា មានកន្លែងខ្លះរើចេញទៅវិញ។

ការដែលស្ថានីយសាកអាគុយនោះរើចេញទៅវិញ គឺត្រូវបានគេបង្ហើបថា​​ ដោយសារតែ ការប្រទាំងប្រទើសនិងបញ្ហាគ្រប់គ្រងចំណូល។ មានការលើកឡើងថា នៅពេលនេះស្ថានីយសាកអាគុយរថយន្តអគ្គិសនីទាំងនោះគឺភាគច្រើនគឺទូទាត់តាម App របស់ស្ថានីយឬរបស់ក្រុមហ៊ុន ប៉ុន្តែខាងជំនាញគឺចង់ឲ្យគ្រប់គ្រង​តាម App របស់ស្ថាប័ន ដែលនាំឲ្យប្រទាំងប្រទើស។

តាមការបង្ហើបបានឲ្យដឹងថា ខាងក្រុមហ៊ុនចំណាយសព្វយ៉ាងលើការបង្កើតស្ថានីយសាកអាគុយនេះ ប៉ុន្តែបែជាចំណូលរបស់ពួកគេត្រូវបានគ្រប់គ្រងដោយស្ថាប័នរដ្ឋដែលបង្កើតឡើងតាម App ហើយរដ្ឋជាអ្នកបែងចែកចាត់ចែងចំណូលរបស់ពួកគេទៅវិញ។ ពួកគេលើកឡើងថា ពួកគេចំណាយសព្វយ៉ាង ប៉ុន្តែចុងក្រោយពួកគេបែជាក្លាយជាកូនចំណែក ហើយគួបផ្សំវាមិនសូវចំណេញផងនោះ ទើបមានបាតុភាពនេះកើតឡើង។

ព័ត៌មាននេះ បានធ្វើឲ្យក្រុមអ្នកដែលកំពុងតែប្រើប្រាស់រថយន្តអគ្គិសនីបានសំដែងការព្រួយបារម្ភ ជាពិសេសគឺនៅពេលធ្វើដំណើរឆ្ងាយពីក្រុង ដែលទាមទារស្ថានីយសាកអាគុយនេះឲ្យបានច្រើន។​

ព័ត៌មាននេះមានការពិភាក្សានៅក្នុងក្រុមគួរសមដែរ ដូច្នេះសង្ឃឹមថា នឹងមានការពិភាក្សា និង បញ្ជាក់បន្ថែម ដើម្បីកុំអោយអ្វីដែលមានការជជែកគ្នានេះ វាគឺជាឧបសគ្គដល់ដំណើរ ការកំណើននៃការប្រើប្រាស់រថយន្តអគ្គិសនី ដែលគេដឹងថា គឺជាមធ្យោបាយដឹកជញ្ជូនស្អាត មិនបំពុលបរិស្ថាន។

យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា សរុបយានយន្តអគ្គិសនីដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនមានចំនួន ១០.៥៦៨ គ្រឿង នៅក្នុងនោះរថយន្តគឺមានប្រមាណជា ប្រមាណជា ៧.១៨៧ គ្រឿង ត្រីចក្រយាន្តយន្តមាន ៦៧១គ្រឿង និង​ម៉ូតូមាន ២.៧១០ គ្រឿង។

សរុបទៅកំណើនយានយន្តអគ្គិសនីកើន ប៉ុន្តែសមាមាត្រនៃកំណើនស្ថានីយសាកអាគុយក៏គួរតែមានកំណើនដែរដើម្បីឆ្លើយតបនឹង តម្រូវការ នៅក្នុងករណីដែលចំនួនរថយន្តនិងស្ថានីយសាកអាគុយមិនសមាមាត្រគ្នានោះ វានឹងជះឥទ្ធិពលដល់ទីផ្សារថយន្តនេះមិនខាន  ដូច្នេះយើងខ្ញុំសង្ឃឹមថា បញ្ហាឬការសង្ស័យនឹងត្រូវដោះស្រាយដោយតម្លាភាព និង មានការបកស្រាយបញ្ហាឲ្យច្បាស់លាស់ ដើម្បីលុបបំបាត់ក្តីមន្ទិលនាំអោយអ្នកប្រើប្រាស់មានកង្វល់៕

Daily Program

Livesteam thumbnail