ល្បែងផ្សងសំណាងនៅកម្ពុជាពិតជាមានច្រើនមែន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានចេញបញ្ជាឱ្យអភិបាលរាជធានី-ខេត្តទាំងអស់នៅទូទាំងប្រទេសត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាងផ្សេងៗ ក្នុងករណីមានបន្តបើកថ្មីទៀត បានចេញបញ្ជាឲ្យចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ជូនសម្តេចផ្ទាល់តែម្ដង។
នេះគឺជាវិធានការដ៏ក្តៅមួយ តាមរយៈសារជាសម្លេងដែលសម្តេចកម្រនឹងចេញចាប់តាំងពីបានឡើងកាន់ដំណែងតាំងពីខែសីហា ឆ្នាំ២០២៣មកដល់ពេលនេះ។
តាមរយៈសារជាសំឡេងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ចំថ្ងៃបុណ្យនៃក្តីស្រលាញ់ សម្តេចធិបតីបានបញ្ជាក់ថា ប្រមាណបីសប្ដាហ៍មុន សម្តេចបានចេញបទបញ្ជារួចហើយ ឱ្យផ្អាកការចេញអាជ្ញាបណ្ណផ្តល់សិទ្ធិឱ្យមានការបើកល្បែងផ្សងសំណាង នៅតាមមូលដ្ឋាន ជាមួយគ្នានេះសម្តេចក៏បានឱ្យ គណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ចំណុះឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំប្រជុំជាបន្ទាន់ជាមួយអាជ្ញាធររាជធានីខេត្ត ដើម្បីពិនិត្យឡើងវិញនូវគោលការណ៍ និងវិធានការគ្រប់គ្រងល្បែងផ្សងសំណាងនានា នៅទូទាំងប្រទេសកម្ពុជា។
ទន្ទឹមនេះ សម្តេចធិបតី បានថ្លែងសង្កត់ធ្ងន់អោយ អភិបាល រាជធានីខេត្ត ចាត់វិធានការជាបន្ទាន់នូវការត្រួតពិនិត្យល្បែងផ្សងសំណាងនៅតាមមូលដ្ឋាន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីដែលមានបន្តបើកថ្មីឲ្យសូមចាត់វិធានការបិទជាបន្ទាន់ ហើយរាយការណ៍ត្រង់មកសម្តេចផ្ទាល់ ដើម្បីចាត់វិធានការកអាជ្ញាបណ្ណនៅក្នុងខេត្ត គឺនៅទូទាំងប្រទេសតែម្តង»។
សម្តេចធិបតី បានថ្លែងបន្តថា ពេលវេលានេះទៅមុខ គឺជាពេលវេលាដែលភាគីទាំងអស់ត្រូវចូលរួមទាំងអស់គ្នា អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល មិនមែនជាពេលវេលាដែលត្រូវយកចិត្តទុកដាក់ ពង្រាយទីតាំងល្បែងនោះទេ ទោះបីជាមានច្បាប់អនុញ្ញាតក៏ដោយ។
ជាការពិតល្បែងស៊ីសង់នេះគឺមានច្រើនប្រភេទណាស់ ហើយកន្លងមកមានកន្លែងល្បែងស៊ីសងខ្លះបានជួលតារាល្បីៗច្រៀងផងនិង លេងរឿងខ្លីផងដើម្បីបញ្ចុះបញ្ចូលក៏ដូចជាអន្ទងឲ្យពលរដ្ឋអោយមកលេងល្បែងស៊ីសងនៅកន្លែងរបស់ពួកគេ រហូតដល់ផ្ទុះបាតុភាពរិះគិតផ្អើលបណ្តាញសង្គមថ្មីៗនេះ ។
ក្រៅពីនេះក៏នៅមានកន្លែងល្បែងខ្លះគឺបានអូសទាញតាមរយៈការផ្ញើសារចូលតាមទូរស័ព្ទដៃ ផ្សាយពាណិជ្ជកម្មកន្លែងល្បែងស៊ីសងពួកគេដោយត្រង់ៗតែម្តង ដែលនេះគឺជាប្រការមួយទៀតដែលអាជ្ញាធរគួរតែយកចិត្តទុកដាក់ផងដែរ បើមិនដូច្នេះទេ អាចនឹងមានពលរដ្ឋច្រើនលង់ខ្លួនជាពិសេសពពួកអ្នកដែលខ្វះការត្រិះរិះពិចារណា ឫក៏ក្រុមអ្នកដែលចង់សប្បាយប្លែកៗ៕