រឿងសុវត្ថិភាពម្ហូបអាហារគួរតែត្រូវរឹតបន្តឹងអោយម៉ឺងម៉ាត់

បញ្ហាសុវត្ថិភាពម្ហូបអាហារនៅក្នុងប្រទេសគឺជារឿងដែលត្រូវតែយកចិត្តទុកដាក់ពីព្រោះវាគឺជា ឃាតករគ្មានស្រមោលដោយអាចបំផ្លាញសុខភាពហើយឈានទៅសម្លាប់មនុស្សដោយប្រ​យោ​ល។

មកដល់ពេលនេះអាជ្ញាធរជំនាញ និងសមត្ថកិច្ចបានត្រឹមតែរកឃើញទំនិញជាម្ហូបអាហារដែ​ល គ្មានសុវត្ថិភាព ដែលត្រូវគេលួចនាំចូលមកចែកចាយនិងលក់ដូរ ឲ្យពលរដ្ឋកម្ពុជាទទួ​ល​ទា​ន តែប៉ុណ្ណោះ ប៉ុន្តែដូចជានៅមិនទាន់រកឃើញអ្នកដែលទទួលខុសត្រូវករណីនេះនៅឡើយទេ​ បើទោះបីជា ទំនិញដែលនាំចូលត្រូវចាប់ដល់ទីតាំងហើយរកឃើញមិនមែនត្រឹមរាប់គីឡូ​ក្រា​មនោះទេ គឺរាប់តោន។

ទំនិញទាំងនោះគឺមានតាំងពីគ្រឿងសមុទ្រ ពពួកបន្លែមើមដូចជា ខ្ញី សាច់បង្កក អាហារកំប៉ុង និងនំកញ្ចប់ជាដើម ។ វិធានការដែលយើងបានឃើញមកដល់ពេលនេះគឺច្រើនតែចុះពិនិត្យ ហើ​យរកឃើញ និងបំផ្លាញចោល ទំនិញដែលខូចគុណភាព អាហារដែលមានសារធាតុគីមីប៉ះពាល់ដល់សុខភាពទាំងនោះតែប៉ុណ្ណោះ ប៉ុន្តែអ្នកដែលទទួលខុសត្រូវគឺហាក់មិនទាន់ឮសូរនៅឡើ​យទេ។

រឿងអាហារមិនមែនជារឿងលេងសើចឡើយ ពីព្រោះនៅពេលដែលប្រជាពលរដ្ឋទទួលទាន អា​ហារទាំងនេះ ថ្វីត្បិតតែវាមិនបានសម្លាប់មនុស្សភ្លាមៗក៏ពិតមែន ប៉ុន្តែសារធាតុគីមី នៅក្នុងអាហារទាំងនេះវាអាចនឹងសន្សំទុកនៅក្នុងសរីរាង្គរបស់មនុស្ស ហើយបង្ករទៅជាបញ្ហាខូចសរីរាង្គនៅក្នុងរាងកាយ ហើយអាចសម្លាប់មនុស្សនៅរយៈពេលក្រោយ ដូច្នេះសូមលើកកំពស់ និ​ងរិតបន្តឹងចំណុចនេះ។

ដរាបណាគ្មានការដាក់ទោសទណ្ឌទេនោះ ជនខិលខូលនឹងនៅតែបន្តប្រពឹត្តដដែលជាដដែល ហើយអាចនឹងកាន់តែច្រើនថែមទៀត ប៉ុន្តែប្រសិនបើយើងដាក់ទោសទណ្ឌ ឬផ្តន្ទាទោស តាមច្បា​ប់អោយតឹងរ៉ឹង នោះ​ពូកគេអាចនឹងញញើត ហើយនឹងអាចកាត់បន្ថយបានមួយចំនួន មិនមែ​នងាយស្រួលដូចសព្វថ្ងៃ។

អាហារសំខាន់ណាស់សម្រាប់ជីវិតមនុស្ស ពីព្រោះនរណាក៏ត្រូវការអាហារដែរ ប៉ុន្តែប្រសិនបើ អាហារនោះគ្មានសុវត្ថិភាព វាអាចជាកាំបិទដែលជនខិលខូចអាចប្រហារជីវិតប្រជាពលរដ្ឋ ម្តងបន្តិចៗ ដូច្នេះសូមលើកកំពស់និងពង្រឹងការអនុវត្តច្បាប់អំពីសុវត្ថិភាពម្ហូបអាហារនេះឲ្យបានត្រឹមត្រូវ។ ច្បាប់ស្តីអំពីសុវត្ថិភាពម្ហួបអាហារមានការបើកផ្លូវអោយមានការកាត់ទោសរហូតដ​ល់​ដាក់ពន្ធនាគារប៉ុន្តែក្រោយពីច្បាប់បានចេញតាំងពីខែមិថុនា ឆ្នាំ២០២២មកដល់ពេលនេះ ដូ​ចជាមិនទាន់ឃើញមានកាត់ទោសករណីណាមួយលើបញ្ហាសុវត្ថិភាពម្ហូបអាហារនេះនៅឡើយ៕

 

Daily Program

Livesteam thumbnail